សេវាកម្មរថយន្តតាក់ស៊ីកាន់តែមានការប្រកួតប្រជែង

សេវាកម្មរថយន្តតាក់ស៊ីកាន់តែមានការប្រកួតប្រជែង

លោក ឆឹង ស៊ីណា អ្នកបើករថយន្ដតាក់ស៊ី

នេះ​ជា​ការ​រៀបរាប់​ពីទុក្ខ​លំបាក​របស់​ក្រុម​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​ឌុប​និង​កង់បី​ នៅ​តាម​ដង​ផ្លូវ​និង​តាម​ស្ថានីយ​រថយន្ត​ ឬ​បេនឡាន​នៅ​រាជធានី​ភ្នំពេញ។​ ពួកគេ​បាន​បង្ហាញ​ក្តី​កង្វល់​គ្រប់ៗ​គ្នា​ពី​ការ​ប្រឈម​នៃ​របរ​លក្ខណៈ​ឯកជន​មួយ​នេះ។​

ឈរ​នៅ​ក្បែរ​ម៉ូតូ​សម្លឹង​រំពៃ​មើល​រថយន្ត​ដឹក​ប្រជាពលរដ្ឋ​មក​ពី​តាម​ខេត្ត​នៅ​ម្តុំ​ស្ពាន​អាកាស​៧មករា​ លោក​ ផាត់​ តារា​ មាន​ប្រសាសន៍​ថា​ លោក​កំពុង​ចាំ​កាក់​អតិថិជន​ឱ្យ​ជិះ​ម៉ូតូឌុប​របស់​លោក។​ ម៉ោង​ជិត​១១ថ្ងៃ​ត្រង់​ទៅ​ហើយ​ អ្នក​រត់​ម៉ូតូឌុប​រូប​នេះ​ដក​ដង្ហើម​ធំ​បន្តិច​រួច​បន្ថែម​ថា​ កាល​ពី​មុន​ ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ចំណូល​បាន​៦ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ហើយ​របរ​នេះ​អាច​ផ្គត់​ផ្គង់​ជីវភាព​គាត់​បាន​ តែ​បច្ចុប្បន្ន​មិន​បាន​ទៀត​នោះ​ទេ។​

លោក​ ផាត់​ តារា​ និយាយ​ថា៖​ «ពី​មុន​រក​បាន​៥ទៅ​៦ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ឥឡូវ​អត់​មាន​ទេ​ រក​បាន​យ៉ាង​ច្រើន​២ទៅ​៣ម៉ឺន។​ ២ទៅ​៣ម៉ឺន​ហ្នឹង​ទាល់​តែ​ខំ​បើ​អត់​ខំ​រក​មិន​បាន​ទេ។​ ពិបាក​រឿង​ចិញ្ចឹម​គ្រួសារ​ អ្នក​មាន​កូន​រាង​វេទនា​ ឡាន​ក្រុង​អី​ម៉ូតូ​ឥណ្ឌា​ឥឡូវ​ពេញ​អស់​ហើយ​ កង់បី​ក៏​ដាច់​បាយ​ដែរ​ឥឡូវ។»​

ចំណែក​លោក​ ហេង​ សុធា​ អ្នក​រត់​រ៉ឺម៉ក​កង់បី​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ កាល​ពី​មុន​ លោក​បាន​ដឹក​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ពី​ស្ពាន​អាកាស​៧មករា​ទៅ​ក្បាល​ថ្នល់​ តែ​បច្ចុប្បន្ន​មិន​មាន​ទៀត​ទេ​ ដោយ​សារ​មាន​រថយន្ត​ក្រុង​និងម៉ូតូ​កង់បី​ឬ​តាក់ស៊ី​ឥណ្ឌា​ដែល​មាន​តម្លៃ​ថោក។​ លោក​ថា​ បច្ចុប្បន្ន​លោក​ដឹក​បាន​តែ​អ្នក​ជិះ​ដែល​សល់​ពី​រថយន្ត​ក្រុង​និង​តាក់ស៊ី​គិត​ម៉ែត្រ​តែ​ប៉ុណ្ណោះ។​

លោក​ ហេង​ សុធា​ ថ្លែង​ថា៖​ «ទុកៗ​ឥណ្ឌា​គេ​យក​ធូរ​ថ្លៃ​ជាង​យើង​ ១គីឡូ​ម៉ែត្រ​១២០០រៀល។​ សេវាកម្ម​គេ​ គេ​តេ​យក​ទៅ​ដល់​កន្លែង​ហ្មង​ ចឹង​ពិបាក​ដល់​យើង​ដែរ​ពិបាក​មែន​ទែន​ហ្មង​មែន​លេងៗ​ទេ»។​ ពេល​សួរ​ថា​ តើ​ពួក​គាត់​អាច​ចុះ​តម្លៃ​ដូច​គេ​បាន​ទេ​ គាត់​ឆ្លើយ​ថា៖​ «យើង​ចុះ​ម៉េច​បាន​ បើ​យើង​ប្រើ​សាំង​ ហើយ​រ៉ឺម៉ក​យើង​ មិនមែន​ធ្វើ​ស្តង់ដា​ម៉ាស៊ីន​ដូច​របស់​គេ​មាន​ដាក់​ហ្គាស​អីចឹង​ណា?​ របស់​យើង​ម៉ាស៊ីន​យើង​ប្រើ​សាំង​យើង​ដូចថា​ពិបាក​ យក​តម្លៃ​ដូចគេ​ទៅ​អត់​រួច​ទេ។​ យើង​អត់​មាន​សេវាកម្ម​ដូច​គេ​ផង​ហ្នឹង។»​

ការ​ត្អូញ​ត្អែរ​របស់​អ្នក​រត់​ម៉ូតូឌុប​និង​រ៉ឺម៉ក​កង់បី​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ត្រូវ​បាន​ពង្រីក​ ហើយ​សេវា​ដឹក​ជញ្ជូន​ឯកជន​ជា​លក្ខណៈ​ក្រុមហ៊ុន​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ។​

គិត​ត្រឹម​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​បាន​ដាក់​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​ជាង​១០០គ្រឿង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​យក​តម្លៃ​ម្នាក់​១៥០០រៀល​ សម្រាប់​ការ​ជិះ​ម្ដង​ ហើយ​មិន​គិត​ថ្លៃ​ចំពោះ​សិស្ស​សាលា​ ព្រះសង្ឃ​ និង​ពលរដ្ឋ​ចាស់ជរា។​ ក្រៅ​ពី​នោះ​ គេ​ឃើញ​មាន​វត្តមាន​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​ ក៏​ដូចជា​កម្មវិធី​ទូរសព្ទ​ដៃ​ហៅ​រថយន្ត​តាក់ស៊ី​អនឡាញ​ដូចជា​ PassApp​ Exnet​ និងUber​ ដែល​ជា​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភពលោក។​

លើស​ពី​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៧​ ក្រុមហ៊ុន​ Grab​ របស់​សិង្ហបុរី​ បាន​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​ ក្រុមហ៊ុន​នេះ​បាន​ឈាន​ជើង​ចូល​កម្ពុជា​ ដែល​ជា​ទីផ្សារ​ទី៨​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន

លោក​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ចាត់​ទុក​វត្តមាន​របស់​ក្រុមហ៊ុន​សិង្ហបុរី​មួយ​នេះ​នឹង​ជួយ​បង្កើន​ជម្រើស​ដល់​អ្នក​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​និង​ផ្តល់​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​ តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប។​

លោក​ ស៊ុន​ ចាន់ថុល​ មាន​ប្រសាសន៍​ថា៖​ «ទូទាំង​ពិភពលោក​ឥឡូវ​គេ​ប្រើ​ច្រើន​ណាស់​ ប្រើ​ច្រើន​មែន​ទែន​ហើយ​វា​លឿន​ភ្លាមៗ​ ឡាន​ក៏​ថ្មី​ ហើយ​អ្នក​បើកបរ​ក៏​គេ​ទើប​តែ​រៀន​ដែរ។​ អ្នក​បើក​ឡាន​ក៏​ត្រឹម​ត្រូវ​ គេ​ពិនិត្យ​បច្ចេកទេស​ឡាន​ត្រឹម​ត្រូវ​ អ្នក​បើកបរ​ចេះ​បើកបរ​បាន​ត្រឹម​ត្រូវ​ទើប​គេ​ឱ្យ​ចូល​ជា​សមាជិក​ គេ​ឱ្យ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង។​ ដូច្នេះ ​អាច​នឹង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង។​ ម្យ៉ាង​វិញ​ទៀត​ ព័ត៌មាន​ដែល​យើង​មាន​នៅ​តាម​ប្រព័ន្ធ​ជីភីអេស(GPS)​ហ្នឹង​ បូក​សរុប​ចូល​ទាំង​អស់​ហើយ​យើង​អាច​សហការ​ជា​មួយ​គាត់​ដើម្បី​យក​មក​មើល​ថា​ ម៉ោង​នេះ​តាម​ផ្លូវ​នេះ​ មនុស្ស​ជិះ​ប៉ុន្មាន។​ ឧទាហរណ៍​ ដល់​ចឹង​យើង​អាច​ថា​ យើង​អាច​កក​ស្ទះ​កន្លែង​នេះ​មិន​កក​ស្ទះ​កន្លែង​នោះ ​អាហ្នឹង​ជា​ព័ត៌មាន​ដ៏​សំខាន់​ដែល​គាត់​អាច​នឹង​ជួយ​ផ្តល់​ព័ត៌មាន​ដល់​យើង។»​

មន្រ្តី​របស់​ក្រុមហ៊ុន​ Grab​ បញ្ជាក់​ថា​ ក្រុមហ៊ុន​នេះ​នឹង​ពង្រីក​វិសាលភាព​របស់​ខ្លួន​ដោយ​បើក​ឱ្យ​ក្រុមហ៊ុន​ដែល​ម្ចាស់​កង់បី​និង​ម៉ូតូឌុប​នៅ​កម្ពុជា​ បាន​ចុះ​ឈ្មោះ​ចូល​ក្នុង​កម្មវិធី​នេះ​ គឺ​គ្រាន់​តែ​តម្រូវ​ឱ្យ​អ្នក​ទាំង​នោះ​ទៅ​រៀន​ការ​បើកបរ​ជា​មុន​សិន។​

លោក​ ឆឹង​ ស៊ីណា​ អ្នក​បើក​ឡាន​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្រុមហ៊ុន​ Grab​ មាន​ប្រសាសន៍​ថា​ លោក​បាន​ចុះ​ឈ្មោះ​នៅ​ក្រុមហ៊ុន​នេះ​ជាង​១ខែ​ហើយ។​ លោក​ថា​ បន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក​របស់​ Grab​ លោក​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​ និង​មាន​ពេល​ប្រកប​របរ​រកស៊ី​នៅ​ផ្ទះ​ ប្រៀប​បាន​ទៅ​នឹង​ការ​ធ្វើ​ការ​ក្រៅ​ម៉ោង​។

លោក​ ឆឹង​ ស៊ីណា៖​ « វា​ល្អ​ប្រសើរ​ជាង​មុន​ដែល​យើង​នៅ​ឯករាជ្យ​ម្នាក់​ឯង​ យើង​អត់​ដឹង​ថា​តើ​យើង​ត្រូវ​ទៅ​រក​ម៉ូយ​នៅ​ឯណា​ទេ។​ ចឹង​ដល់​ពេល​ Grab​ មក​ យើង​ឃើញ​ថា​ ចំណូល​វា​កើន​ឡើង​ជាង​មុន​ច្រើន​ យើង​អាច​រក​ចំណូល​បាន​លើស​មុន។​ ជា​មធ្យម​ សម្រាប់​ Grab​ មួយ​ខែ​ខ្ញុំ​អាច​រក​បាន​លើស​ពី​៣០០(ដុល្លារ)​ ប្រសិន​បើ​យើង​ឈរ​ចំ​កន្លែង​ដែល​សម្បូរ​ភ្ញៀវ​ យើង​អាច​រក​បាន​រហូត​ដល់​៥០០ដុល្លារ​ទៅ​៦០០ដុល្លារ។»​

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​រត់​កង់បី​និង​តាក់ស៊ី​គិត​ម៉ែត្រ​ បាន​ឱ្យ​ដឹង​ថា​ កង់បី​មួយ​គ្រឿង​មាន​តម្លៃ​ជាង​២០០០ដុល្លារ​ ថោក​ជាង​ឬ​ខ្ពស់​ជាង​នេះ​អាស្រ័យ​លើ​ម៉ូតូ​សណ្ដោង។​ រីឯ​ម៉ូតូ​កង់បី​ឬ​ហៅថា​រ៉ឺម៉ក​កង់បី​ឥណ្ឌា​មាន​តម្លៃ​ ២០០០ដុល្លារ​ជាង​ទៅ​៣០០០ដុល្លារ​អាមេរិក។​

សម្រាប់​លោក​ រស់​ កក្កដា​ អ្នក​រត់​កង់បី​ឥណ្ឌា​ មាន​ប្រសាសន៍​ថា​ លោក​បាន​ចាប់​របរ​នេះ​២ខែ​ ហើយ​អតិថិជន​មាន​ច្រើន​ទាំង​អ្នក​ជិះ​ប្រចាំ​ថ្ងៃ​និង​អតិថិជន​ហៅ​តាម​ក្រុមហ៊ុន។​ លោក​ថា​ លោក​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​នោះ​ទេ​ ដោយសារ​លោក​មាន​អ្នក​ជិះ​ជា​ប្រចាំ។​

លោក​ កក្កដា​ មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​បាន​២ខែ​ និយាយ​រួម​ទៅ​ថេរ​(ចំនួន​ភ្ញៀវ​ថេរ)​ ដំណើរការ​មក​ថេរ​ទាំង​អស់។»​ ពេល​សួរ​ថា​តើ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ទេ?​ គាត់​ឆ្លើយ​ថា៖​ «អាហ្នឹង​ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ​ហើយ​ ប៉ុន្តែ​ខ្ញុំ​មាន​ម៉ូយ​(អតិថិជន)​ជា​ប្រ​ចាំ​សម្រាប់​ការ​ដឹក​ជញ្ជូន​ហើយ។»​

អ្នកនាង​ រ័ត្ន​ សាគូរ៉ា​ ដែល​បាន​ជិះ​កង់បី​ឥណ្ឌា​ចែក​រំលែក​បទពិសោធន៍​ថា​ ការ​ប្រើប្រាស់​កម្មវិធី​លើ​ទូរសព្ទ​ដៃ​ដើម្បី​ជិះម៉ូតូ​កង់បី​ ឬ​រថយន្ត​ឈ្នួល​នេះ​ គឺ​មាន​ភាព​ងាយ​ស្រួល​ ដោយ​មិន​ចាំ​បាច់​ចេញ​ក្រៅ​ផ្ទះ​រង់ចាំ​តាក់ស៊ី​នោះ​ទេ។​ លើស​ពី​នេះ​ អ្នកនាង​យល់​ថា​តម្លៃ​ក៏​ធូរ​ថ្លៃ​គឺ​ត្រឹម​១២០០រៀល​ ក្នុង​មួយ​គីឡូ​ម៉ែត្រ​តែ​ប៉ុណ្ណោះ។​

អ្នកនាង​ រ័ត្ន​ សាគូរ៉ា​ មាន​ប្រសាសន៍​ថា៖​ «មិន​បាច់​តថ្លៃ​ច្រើន​ហើយ​វា​ថោក​ជាង​ទុកៗ​(រ៉ឺម៉ក​កង់បី)​ ធម្មតា​ ហើយ​យើង​អាច​កុម្មង់​បាន​ វា​មាន​ទាំង​តាក់ស៊ី​ វា​មាន​ទាំង​រថយន្ត​ទំនើប​ មាន​ទុកៗ​ និយាយ​ទៅ​ស្រួល​តែ​ម្តង។​ ហើយ​គេ​ប្រាប់​នាទី​យើង​ស្រួល​ទៀត។»​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វ៉ន់​ ពៅ​ ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​រត់​ម៉ូតូឌុប​និង​កង់បី​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ រកស៊ី​របរ​តូច​តាច​ដែល​មិន​សូវ​មាន​ចំណេះ​ដឹង​ តែ​ពួក​គាត់​គួរ​តែ​អភិវឌ្ឍន៍​ខ្លួន​ក្នុង​ការ​ចាប់​យក​បច្ចេក​វិទ្យា​ថ្មី​នេះ​ ប្រសិន​បើ​មិន​ដូច្នោះ​ទេ​ គាត់​នឹង​បន្ត​រងគ្រោះ​បន្ថែម​ទៀត។​

លោក​ វ៉ន់​ ពៅ​ បន្ថែម​ថា​ ដើម្បី​រក្សា​មុខ​របរ​នេះ​ អ្នក​រត់​កង់បី​ឬ​ម៉ូតូឌុប​នៅ​កម្ពុជា​ ក៏​គួរ​តែ​រួម​គ្នា​បង្កើត​កម្មវិធី​លើ​ទូរសព្ទ​ដៃ​ (mobile​ app)​ ដូចគ្នា​ ហើយ​រៀបចំ​ខ្លួន​ឱ្យ​ស្អាត​បាត​  និង​លម្អ​យាន​ជំនិះ​របស់​ខ្លួន​ឱ្យ​មាន​ស្លាក​សញ្ញា​ត្រឹម​ត្រូវ​ឡើង​វិញ​ និង​ចូល​រៀន​ច្បាប់​បើក​បរ​ឱ្យ​បាន​ត្រឹម​ត្រូវ​ នោះ​ពួក​គាត់​នឹង​មិន​មាន​ការ​លំបាក​ទៀត​នោះ​ទេ៕​

ចែករំលែកតាម៖