កង្វះដើមទុននៅតែជាឧបសគ្គចម្បងសម្រាប់កសិករខ្មែរ

កង្វះដើមទុននៅតែជាឧបសគ្គចម្បងសម្រាប់កសិករខ្មែរ

កសិករខ្មែរ

មិន​សូវ​ខុស​គ្នា​ពី​ឆ្នាំ​២០១៦​  បញ្ហា​កង្វះ​ដើម​ទុន​នៅ​តែ​ជា​បញ្ហា​សំខាន់​ក្នុង​ការ​ចោទ​ជាសំណួរ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កសិករ​ សហគ្រាស​ឯកជន​ រាជ​រដ្ឋាភិបាល​ និង​ស្ថាប័ន​អន្តរជាតិ​ នៅ​ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧។​

កសិករ​មក​ពី​ខេត្ត​បាត់ដំបង​ លោក​ សារីណា​ លើក​ឡើង​ថា​ ជា​បទ​ពិសោធ​កន្លង​មក​ មាន​កសិករ​កម្ពុជា​មួយ​ចំនួន​រងគ្រោះ​ដោយ​សារ​បំណុល​វ័ណ្ឌ​ក​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​បាន​គេ​រឹប​អូស​យក​ដី​ស្រែ​ចម្ការ​និង​លំនៅដ្ឋាន​ ដោយ​សារ​មិន​មាន​លុយ​សង​បំណុល។​ កសិករ​ទាំង​នេះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទាំង​ខុស​ច្បាប់​និង​ស្រប​ច្បាប់​ទៅ​ក្រៅ​ប្រទេស​។

លោក​ សារីណា​ បាន​សំណូម​ពរ​ថា​ «សូម​ឱ្យ​ធនាគារ​អាច​សម្រួល​បន្ធូរ​បន្ថយ​ សម្រាល​ដល់​គាត់ ​អាច​ឱ្យ​គាត់​បន្ត​ការ​ខ្ចី​លើក​ទី១​ ទី២​ ឬក៏​ជួយ​ពន្យា​ពេល​សង​ដល់​ពួក​គាត់​»។

មិន​ខុស​គ្នា​ដែរ​ លោក​អឿន​ ចន្ថា​ មក​ពី​ខេត្ត​កំពង់​ស្ពឺ​បាន​លើក​ឡើង​ថា​ «ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គួរ​តែ​ផ្តល់​ទុន​ដល់​ធនាគារ​បន្ត​ដូចជា​ធនាគារ​អេស៊ីលីដា​ឬ​ធនាគារ​ផ្សេងៗ​ទៀត​ ក្នុង​អត្រា​ការ​ប្រាក់​ទាប​ ហើយ​ធនាគារ​បន្ត​គួរ​ផ្តល់​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដូចគ្នា។​ តើ​ធ្វើ​បាន​ដែរ​ឬ​អត់?»​

ជា​ការ​ឆ្លើយ​តប​ តំណាង​មក​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ដូចជា​ធនាគារ​អេស៊ីលីដា​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​អះអាង​ផ្សេងៗ​គ្នា។​

លោក​ ហែម​ ចន្ធូ​ តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​  មាន​ប្រសាសន៍​ថា​ ធនាគារ​អន្តរជាតិ​មួយ​នេះ​ មិន​ផ្តល់​កម្ចី​ដល់​កសិករ​ដោយ​ផ្ទាល់​នោះទេ​ តែ​ធនាគារ​នេះ​បាន​ផ្តល់​កម្ចី​ចំនួន​៧៥លាន​ដុល្លារ​ដល់​ធនាគារ​អេស៊ីលីដា​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ សម្រាប់​ផ្តល់​ដល់​កម្ចី​កសិកម្ម​នៅ​កម្ពុជា។​ លោក​ថា​ ដោយ​ឡែក​ការ​ផ្តល់​កម្ចី​ក្នុង​អាត្រា​ការ​ប្រាក់​ប៉ុណ្ណា​នោះ​ គឺ​អាស្រ័យ​លើ​ការ​អាច​ធ្វើ​ទៅ​បាន​របស់​ធនាគារ​នោះ។​

លោក​ ហែម​ ចន្ធូ​ បន្ត​ថា៖​ «ជា​គោលការណ៍​ ការ​ផ្តល់​កម្ចី​របស់​ធនាគារ​ADB​ គឺ​មាន​អត្រា​ការ​ប្រាក់​ទាប​មែនទែន​ស្រាប់​ហើយ​ ប៉ុន្តែ​ឬ​អ្វី​សំខាន់​រាល់​ប្រតិបត្តិការ​កាងារ​ផ្សេងៗ​របស់​ធនាគារ​គេ​ត្រូវ​ការ​សេវា​ ដើម្បី​ទប់​រាល់​ការ​ខាត​បង់​ផ្សេងៗ​ ហើយ​ការ​ដែល​ឱ្យ​ខ្ចី​លុយ​១០០ដុល្លារ​ ក៏​មិន​ខុស​ពី​ការ​ឱ្យ​ខ្ចី​លុយ​១០​ទៅ​២០ម៉ឺន​ដែរ​ ព្រោះ​ថា​ការ​រៀបចំ​ឯកសារ​គឺ​ដូចគ្នា​ ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​របស់​គាត់​ច្រើន»។​

កម្មវិធីវេទិកាកសិករថ្នាក់ជាតិលើកទី៧ ក្រោមប្រធានបទ «លើកកម្ពស់ភាពជាដៃគូពហុភាគី ដើម្បីឱ្យកសិករទទួលបានទឹក ទុន និងទីផ្សារ ក្នុងកសិធុរកិច្ច»
កម្មវិធីវេទិកាកសិករថ្នាក់ជាតិលើកទី៧ ក្រោមប្រធានបទ «លើកកម្ពស់ភាពជាដៃគូពហុភាគី ដើម្បីឱ្យកសិករទទួលបានទឹក ទុន និងទីផ្សារ ក្នុងកសិធុរកិច្ច»

តំណាង​ធនាគារ​អេស៊ី​លីដា​បាន​ឱ្យ​ដឹង​ថា​ ធនាគារ​នេះ​មិន​ផ្តល់​កម្ចី​ដល់​សហគមន៍​នោះ​ទេ​ គឺ​ផ្តល់​សម្រាប់​តែ​កសិករ​ផ្ទាល់​ប៉ុណ្ណោះ​ ហើយ​រហូត​មក​ដល់​ចុង​ឆ្នាំ​២០១៧​ ធនាគារ​នេះ​បាន​ផ្តល់​កម្ចី​សរុប​ចំនួន​ ៣០២៧លាន​ដុល្លារ​អាមេរិក​ ដែល​មាន​ចំនួន​អ្នក​ខ្ចី​៣៧ម៉ឺន​នាក់។​ ក្នុង​នោះ​ កម្ចី​ក្នុង​វិស័យ​កសិកម្ម​មាន​ជាង​៥៧០លាន​ដុល្លារ​អាមេរិក​ ខណៈ​ចំនួន​អ្នក​ខ្ចី​មាន​ចំនួន​១៥០ពាន់​នាក់​ ដែល​មាន​កំណើន​ពី​១៥%​ទៅ​១៧%​ ក្នុង​មួយ​ឆ្នាំ។​

ដោយ​ឡែក​សម្រាប់​អត្រា​ការ​ប្រាក់​វិញ​ មុន​ខែមេសា​ឆ្នាំ២០១៥​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ពិត​មែន​ តែ​ចាប់​ពី​ក្រោយ​ខែ​មេសា​ ឆ្នាំ​២០១៧​ អត្រា​ការ​ប្រាក់​ត្រូវ​បាន​បន្ថយ​មក​នៅ​១,៥%​ក្នុង​មួយ​ខែ​ឬ​អាច​ទាប​ជាង​នេះ​អាស្រ័យ​លើ​ការ​ចរចា​គ្នា។​

លោក​ ស៊ុន​ សេរី​ នាយក​ប្រតិបត្តិរង​ឥណទាន​ធនាគារ​អេស៊ីលីដា​(ACLEDA)​ មាន​ប្រសាសន៍​ថា​ មុន​នឹង​ផ្តល់​កម្ចី​ ធនាគារ​ធ្វើ​ការ​សិក្សា​ មុន​នឹង​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ ក៏​ប៉ុន្តែ​ហានិភ័យ​មួយ​ចំនួន​នៅ​តែ​អាច​កើត​មាន។​

លោក​ ស៊ុន​ សេរី​ និយាយ​ថា​« ជា​ទូទៅ​ឥណទាន​ដែល​បាន​ខ្ចី​ទៅ​ យើង​ចង់​បាន​អត្ថប្រយោជន៍​ ចំពោះ​អ្នក​ខ្ចី​ជា​ចម្បង។​ ទី១​ គាត់​ខ្ចី​យក​ទៅ​ប្រើប្រាស់​ គាត់​មាន​កំណើន​ជីវភាព​រស់​នៅ​បាន​សមរម្យ​ មាន​ចំណូល​ ចឹង​ធនាគារ​ក៏​បាន​ប្រយោជន៍​ពី​ការ​ឱ្យ​ខ្ចី។​ ចឹង​អត្ថប្រយោជន៍​វា​ឱ្យ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។​ ធនាគារ​នៅ​តែ​ឈរ​លើ​ទស្សនៈ​មួយ​គឺ​ថា​ ផ្តល់​ជូន​ដើម្បី​ឱ្យ​មាន​ភាព​រីក​ចម្រើន។​ ក៏​ប៉ុន្តែ​យើង​ដាក់​សញ្ញា​សួរ​ថា​ តើ​យើង​ទៅ​ឱ្យ​ដល់​កន្លែង​ណា​មួយ​ដើម្បី​រក​ឱ្យ​ឃើញ​អាហ្នឹង?​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​តែ​ជួប​បញ្ហា​ ជៀស​មិន​ផុត​ ជា​ការ​តិច​និង​ច្រើន។​ ចឹង​បញ្ហា​ដែល​កន្លង​មក​ធនាគារ​ជួយ​គាត់​ក្នុង​១០០នាក់​ ធនាគារ​ជួយ​គាត់​បាន​ជាង​៩០នាក់​ ហើយ​យើង​ចង់​និយាយ​ថា​ បញ្ហា​ដែល​កើត​ឡើង​យើង​ពិភាក្សា​គ្នា​ហើយ​ឬ​នៅ​ មុន​នឹង​បង​ប្អូន​សម្រេច​ចិត្ត​ចាក​ចោល​លំនៅដ្ឋាន​ លក់​ដីធ្លី​ ឬ​ឱ្យ​គេ​រឹបអូស​ក្នុង​កត្តា​ណា​មួយ។​ ខ្ញុំ​សូម​ជម្រាប​ថា​ ធនាគារ​អត់​មាន​សិទ្ធិ​រឹប​អូស​ទេ​ គឺ​ខុស​ច្បាប់»។​

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ជា​ធនាគារ​រដ្ឋ​ដែល​ធ្វើ​ការ​ផ្តោត​លើ​វិស័យ​កសិកម្ម​ តែ​ធនាគារ​នេះ​ផ្តល់​កម្ចី​សម្រាប់​តែ​សហគមន៍​កសិកម្ម​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ។​ សហគមន៍​នោះ​ជា​អ្នក​ផ្តល់​កម្ចី​ដល់​កសិករ​ជា​សមាជិក​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដូច​ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ។​

តាម​មន្រ្តី​ជំនាញ​ធនាគារ​នេះ​បញ្ជាក់​ថា​ ដោយ​សារ​ធនាគារ​នេះ​មាន​ដើម​ទុន​នៅ​មាន​កម្រិត​ដូច្នេះ​ធនាគារ​នេះ​ត្រូវ​ការ​ទទួល​កម្ចី​បន្ត​ពី​ស្ថាប័ន​ផ្សេងៗ​ទៀត​ដែល​ផ្តល់​កម្ចី​ដូចជា​ប្រទេស​ចិន​ជា​ដើម​ ដូច្នេះ​អត្រា​ការ​ប្រាក់​ត្រូវ​ប្រែ​ប្រួល​ទៅ​តាម​ម្ចាស់​លុយ​ដែល​មាន​អត្រា​ការ​ប្រាក់​ជា​មធ្យម​ចន្លោះ​ពី​៨%​ ទៅ​១០%​ ក្នុង​មួយ​ឆ្នាំ​ គឺ​តិច​ជាង​១%​ក្នុង​មួយ​ខែ។​

លោក សម ពិទូ នាយកប្រតិបត្តិអង្គការសេដាក
លោក សម ពិទូ នាយកប្រតិបត្តិអង្គការសេដាក

លោក​ អ៊ូច​ ចន្ថា​ អគ្គនាយករង​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ មាន​ប្រសាសន៍​ថា​ គោល​ការណ៍​ប្រជាពលរដ្ឋ​លើក​ឡើង​នេះ​ធនាគារ​បាន​អនុវត្តន៍​រួច​ហើយ។​ លោក​ថា​ កត្តា​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​លង់​ខ្លួន​ដោយ​សារ​បំណុល​ គឺ​អាច​មកពី​ប្រជាពលរដ្ឋ​ខ្លួន​ឯង​យក​លុយ​ទៅ​ប្រើ​ប្រាស់​ខុស​គោល​ដៅ។​

លោក​ អ៊ូច​ ចន្ថា​ បញ្ជាក់​ថា​ គោលការណ៍​ធនាគារ​មិន​អាច​ផ្តល់​ប្រាក់​កម្ចី​ដោយ​មិន​មាន​ទ្រព្យ​ធានា​នោះ​ទេ​ ព្រោះ​ជា​កម្ចី​មាន​ហានិភ័យ​ខ្ពស់។​

លោក​ អ៊ូច​ ចន្ថា​ មាន​ប្រសាសន៍​ថា៖​ «ទី១​ ពាក់ព័ន្ធ​ស្ថាប័ន​ ក្នុង​ករណី​ដែល​ឱ្យ​ប្រាក់​កម្ចី​ទៅ​ឱ្យ​គេ​ខ្ចី​អត់​មាន​អ្វី​ធានា​សោះ​ តើ​សង្ឃឹម​អ្វី​ថា​គេ​សង​ត្រឡប់​មក​វិញ?​ មាន​អ្វី​ជា​ទម្ងន់​អ្វី​ដើម្បី​ការពារ​បំណុល?​ ទី២​ បទបញ្ញត្តិ​របស់​ធនាគារ​ ក្នុង​ករណី​ដែល​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ណា​មួយ​ដែល​មិន​មាន​ទ្រព្យ​ធានា​ គេ​ចាត់​ទុក​ថា​ ឥណទាន​នេះ​គឺ​ជា​ឥណទាន​ បាន​ផល​ហានិភ័យ​ខ្ពស់។​ ចឹង​គេ​បង្ខំ​ឱ្យ​យើង​ធ្វើ​ការ​ធ្វើ​សម្បទាន​ធន បាន​ន័យ​ថា​ សម្បទាន​ធន​ទៅ​លើ​ភាគរយ​នៃ​ប្រាក់​កម្ចី​ ដែល​ផ្តល់​ឱ្យ​ដែល​មិន​មាន​ទ្រព្យ​ធានា​ ចឹង​ស្ថាប័ន​គឺ​មាន​ផល​លំបាក។​ ដោយ​ឡែក​ភាគី​ដែល​ខ្ចី​វិញ​ ករណី​ដែល​ភាគី​អ្នក​ខ្ចី​ ខ្ចី​លុយ​គេ​ដែល​អត់​មាន​ទ្រព្យ​ធានា​ ដូច​ជិះ​សេះ​លែង​ដៃ​ចឹង​ អត់​ខ្វល់​ អត់​ខំ​ អញ​ខ្ចី​គេ​ស្រួល​យ៉ាង​ច្រើន​គេ​មក​ទារ​គេ​ពិន័យ​តិចតួច​ អត់​សូវ​យក​ចិត្ត​ទុក​ដាក់​អត់​សូវ​ប្រើប្រាស់​ឥណទាន​ហ្នឹង​ឱ្យ​ចំ​គោល​ដៅ​ទៀត​ ពេល​ខ្លះ​ខ្ចី​ឥណទាន​១០​យក​ទៅ​ធ្វើ​ស្រែ​ ប៉ុន្តែ​តាម​ពិត​ប្រើ​តែ​៥​តែ​ប៉ុណ្ណោះ​៥ទៀត​ប្រើ​ខុស​គោល​ដៅ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម​រក​ឃើញ​ថា​ កសិករ​ដែល​មាន​ដី​តិច​តួច​រាប់​លាន​នាក់​ បាន​នឹង​កំពុង​ជួប​ប្រទះ​បញ្ហា​ដូចគ្នា​ជាមួយ​នឹង​ទុន។​ បើ​ទោះ​ជា​មាន​ការ​អភិវឌ្ឍន៍​បច្ចេកទេស​ទំនើប​និង​យុទ្ធសាស្រ្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់​ក្តី​ តែ​ទុន​មិន​គ្រប់​គ្រាន់​ និង​គ្មាន​ប្រសិទ្ធភាព​នៅ​តែ​ជា​បញ្ហា។​

លោក​ សម​ ពិទូ​ នាយក​ប្រតិបត្តិ​អង្គការ​សេដាក​ដែល​ជា​អង្គការ​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ មាន​ប្រសាសន៍​ថា​ ឧបសគ្គ​របស់​កសិករ​កម្ពុជា​គឺ​កង្វះ​ទុន​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ក្រោម​១%។​

លោក​ សម​ ពិទូ​ បន្ថែម​ថា៖​ «នៅ​ប្រទេស​កម្ពុជា​យើង​ កសិករ​ដើម្បី​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ យើង​បាន​ប្រើ​ប្រាស់​ទុន​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ការ​វិនិយោគ​មិន​សូវ​ទទួល​បាន​ផល​ចំណេញ។​ ដោយ​សារ​អី?​ ដោយ​សារ​តែ​យើង​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ ហើយ​ក៏​យើង​អត់​ទាន់​មាន​ការ​អន្តរាគមន៍។​ តាម​ដែល​អង្គការ​សេដាក​បាន​សិក្សា​កន្លង​មក​ គឺ​បើ​តាម​ការ​គណនា​ទៅ​គឺ​ប្រសិន​បើ​កា​រ​ប្រាក់​ក្រោម​១%​ ទើប​កសិករ​វិនិយោគ​ទៅ​មាន​ផល​ចំណេញ»។​

របាយការណ៍​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី៧​ ក្រោម​ប្រធានបទ​ «លើក​កម្ពស់​ភាព​ជា​ដៃគូ​ពហុភាគី​ ដើម្បី​ឱ្យ​កសិករ​ទទួល​បាន​ទឹក​ ទុន​ និង​ទីផ្សារ​ ក្នុង​កសិធុរកិច្ច»​ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ​បាន​បង្ហាញ​ថា​ ប្រហែល​៧៥%​នៃ​គ្រួសារ​ចំនួន​៧០៥នាក់​ បាន​ទទួល​ប្រាក់​កម្ចី​ ដែល​នៅ​ក្នុង​នោះ​ គ្រួសារ​មួយ​បាន​ទទួល​ប្រាក់​កម្ចី​ជា​មធ្យម​ ១ ២២៥ដុល្លារ​ អាមេរិក។​ ៨%​នៃ​ប្រាក់​កម្ចី​ទាំង​នេះ​ (ឬ​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​១១៨ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ)​ ជា​ប្រាក់​កម្ចី​ពី​ក្រុម​សន្សំ​ប្រាក់​ដែល​មាន​សមាជិក​ភាគ​ច្រើន​ជា​ស្រ្តី​ (ស្រ្តី​៧៩,៥%​ ខណៈ​ដែល​សមាជិក​២០,៥%​ជា​បុរស)។​

បើ​ទោះ​ជា​យ៉ាង​ណា​ មក​ដល់​ពេល​នេះ​ មិន​មាន​គោល​នយោលបាយ​ណា​មួយ​ជួយ​សម្រួល​ដល់​អត្រា​ការ​ប្រាក់​ក្រោម​១%​ ដូច​ដែល​ការ​ចង់​បាន​របស់​កសិករ​និង​សង្គម​ស៊ីវិល​នោះ​ទេ៕​

ចែករំលែកតាម៖