កំណើនសណ្ឋាគារលំដាប់ថ្នាក់អន្តរជាតិជាឱកាសក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

កំណើនសណ្ឋាគារលំដាប់ថ្នាក់អន្តរជាតិជាឱកាសក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

សណ្ឋាគារ Raffles Hotel Le Royal ក្នុង​រាជធានី​ភ្នំពេញ

ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ខណៈ​វិស័យ​សណ្ឋាគារ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។ ក្រៅ​ពី​ការ​កើន​ឡើង​ចំនួន​សណ្ឋាគារ​ក្នុង​ស្រុក​ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ សណ្ឋាគារ​លំដាប់​ថ្នាក់​អន្តរជាតិកាន់តែច្រើន​ក៏​បាន​ឈាន​ចូល​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

កាល​ពី​ចុង​ខែ​វិច្ឆិកា​ ក្រុមហ៊ុន​ Accor​ Hote​l Group​ ដែល​ជា​ប្រតិបត្តិករ​សណ្ឋាគារ​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បារាំង​ បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​គ្រប់​គ្រង​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​ ចំនួន​៣​ ជា​លើក​ដំបូង​នៅ​កម្ពុជា​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​របស់​សណ្ឋាគារ​សូហ្វីតែល​ និង​សណ្ឋាគារ​ចំនួន​៣​ផ្សេង​ទៀត​នៅ​កម្ពុជា​។

សណ្ឋាគារ​ទាំង​នោះ​រួម​មាន​ Ibis​ Style​ Hotel​ ដែល​ជា​សណ្ឋាគារ​ថ្នាក់​កណ្តាល​ប្រណីត​ គ្រោង​នឹង​បើក​ដំណើរ​ការ​ក្នុង​ខេត្ត​សៀមរាប​នៅ​ឆ្នាំ​ក្រោយ​ ខណៈ​ Novotel​ Hotel​ ជា​យីហោ​លំដាប់​ដូច​គ្នា​ គ្រោង​បើក​ដំណើរ​ការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​និង​ក្រុង​ព្រះ​សីហនុ​។

លោក​ Partrick​ Bassatt​ អគ្គ​នាយក​ក្រុម​ហ៊ុន​ Accor​ Hotel​ Upper​ នៅ​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ឦសាន​និង​នៅ​ប្រទេស​ម៉ាឌីវ​ បាន​ពន្យល់​ថា មូល​ហេតុ​ដែល​ក្រុម​ហ៊ុន​របស់​លោក​នាំ​យក​នូវ​ឈ្មោះ​របស់​សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ល្បី​នៅ​លើ​ពិភព​លោក​មក​កម្ពុជា​នេះ​ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​មួយ​ដែ​មាន​ស្ថិរភាព​ កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ​ ជា​ពិសេស​នៅ​ឆ្នាំ​២០១៧​ មាន​កំណើន​រហូត​ដល់​៦,៩​ភាគ​រយ​ ខណៈ​ប្រទេស​ជិត​ខាង​មាន​កំណើន​ទាប​។

លោក​ Partrick​ Bassatt​ បន្ថែម​ថា​ ក្រៅ​ពី​នោះ​ ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​ដូច​ជា​ វប្បធម៌​អរិយធម៌​ និង​ធនធាន​ធម្មជាតិ​ ដែល​បាន​កំពុង​ទាក់​ទាញ​អ្នក​វិនិយោគ​ជា​ពិសេស​ ផ្នែក​សណ្ឋាគារ​ និង​បដិ​សណ្ឋារ​កិច្ច​។

លោក​ Partrick​ Bassatt​ បន្ថែម​ថា​ លោក​មិន​ព្រួយ​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​នោះ​ទេ​ ដោយ​សារ​ក្រុម​ហ៊ុន​របស់​លោក​មាន​បណ្តាញ​សណ្ឋាគារ​ច្រើន​នៅ​លើ​ពិភព​លោក​។

លោក​ Partrick​ មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ដូច​នេះ​ថា​៖ «ដោយ​សារ​ក្រុម​ហ៊ុន​យើង​ជា​ក្រុម​ហ៊ុន​លំដាប់​ពិភព​លោក​ យើង​ចង់​រក​ស៊ី​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភព​លោក។ ​ដែល​សំខាន់​ជាង​ហ្នឹង​ទៅ​ទៀត​គឺ​ថា​ យើង​មាន​ជំនាញ​ យើង​មាន​ទីផ្សារ​ជា​ស្រេច​នៅ​ក្នុង​ដៃ​របស់​យើង​ហ្នឹង​ បើ​យើង​គិត​ពី​អតិថិជន​មាន​អតិថិជន​នៅ​ក្នុង​ដៃ​របស់​យើង​គិត​ជា​លុយ​រហូត​ដល់​៣៥​លាន​ដុល្លារ​អាមេរិក​។ នៅ​ថៃ​មាន​៨​អូតែល​ នៅ​វៀត​ណាម​ជិត​៣០​អូតែល​ នៅ​ភូមា​១២អូតែល​ គិត​ពី​អតិថិជន​នៅ​កម្ពុជា​មាន​៤អូតែល​ តិច​ជាង​គេ​ ដូច្នេះ​យើង​ត្រូវ​បន្ថែម​ល្បឿន​បន្ថែម​ទៀត»។

លោក​ Partrick​ Bassatt​ អគ្គ​នាយក​ក្រុម​ហ៊ុន​ Accor​ Hotel​ Upper​ នៅ​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ឦសាន​និង​នៅ​ប្រទេស​ម៉ាឌីវ
លោក​ Partrick​ Bassatt​ អគ្គ​នាយក​ក្រុម​ហ៊ុន​ Accor​ Hotel​ Upper​ នៅ​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ឦសាន​និង​នៅ​ប្រទេស​ម៉ាឌីវ

យោង​តាម​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ ថោង​ ខុន​ ដែល​បាន​ថ្លែង​កាល​ពី​ចុង​ខែ​តុលា​ ក្នុង​រយៈពេល​៨ខែ​ឆ្នាំ​២០១៧​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​៣៥៣៦៥៣០នាក់​ (ជាង​៣,៥​លាន​នាក់) កើន​ឡើង​១១,១៨​ភាគ​រយ​ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦​។ លោក​បន្ថែម​ថា​ កម្ពុជា​ព្យាករណ៍​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ ៥​លាន​៦​សែន​នាក់​ នៅ​ឆ្នាំ​២០១៧​ និង​ចំណូល​សរុប​ប្រមាណ​៥០០០​លាន​ដុល្លារ​អាមេរិក​ និង​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់​។

តាម​គម្រោង ​នៅ​ឆ្នាំ​២០២០​កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៧លាន​នាក់​រួម​ទាំង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​១០.០០០​លាន​ដុល្លារ​អាមេរិក​ និង​បង្កើត​ឱកាស​ការងារ​ប្រមាណ​២​លាន​នាក់​។

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​និង​សណ្ឋាគារ​យល់​ថា​ ការ​នាំ​ចូល​នូវ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា​ ជា​ឱកាស​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ និង​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​។

លោក​ស្រី​ ឆាយ​ ស៊ីវ​លីន​ ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA)​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា​ ការ​រីក​ចម្រើន​នៃ​សណ្ឋាគារ​លំដាប់​ថ្នាក់​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា​ បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​បរទេស​។ លោក​ស្រី​បន្ថែម​ថា​ កំណើន​នេះ​នឹង​ជំរុញ​ឱ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​កម្ពុជា​លើស​ការ​រំពឹង​ទុក​។

លោក​ស្រី​ ឆាយ​ ស៊ីវ​លីន​ មាន​ប្រសាសន៍​ថា​ « ការ​វិនិយោគ​បែប​សណ្ឋាគារ​ធំៗ​ មាន​ជា​បណ្តាញ​សណ្ឋាគារ​ច្រើន​។​ បើ​គាត់​មាន​សូហ្វីតែល​ភ្នំពេញ​ គាត់​មាន​សូហ្វីតែល​បាងកក​ សាំងការពួ​ អាមេរិក​ បារាំង​ជា​ដើម​។ នៅ​ពេល​គាត់​មាន​ការ​វិនិយោគ​ គាត់​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ ចឹង​ភ្ញៀវ​ធំ​ដែល​ធ្លាប់​គេង​នៅ​អា​អូតែល​ធំៗ​ចឹង​គេ​អត់​ចង់​ដូរ​ទេ​ ចឹង​គេ​គិត​ថា​ អ្នក​វិនិយោគ​ធំៗ​ចូល​មក​កម្ពុជា​ហើយ​  កម្ពុជា​មាន​សុខ​សន្តិភាព​ គេ​នឹង​មក​ទស្សនា​នៅ​កម្ពុជា​»។

ក្រៅ​ពី​សណ្ឋាគារ​អន្តរជាតិ​ទាំង​នេះ ​គេ​សង្កេត​ឃើញ​មាន​គម្រោង​សាង​សង់​ថ្មីៗ​មួយ​ចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ​ ដូច​ជា​ ហាយ​យ៉ាត់​ សាំង​គ្រីឡា​ ម៉ា​យ៉ុត​ ជេវីអា​ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​លេច​ជា​រូប​រាង​។

លោក​ ឌិន​ សុមេធារិទ្ធិ​ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ថ្មីៗ​នេះ​ ឃើញ​មាន​គម្រោង​សាងសង់​សណ្ឋាគារ​ស្តង់​ដារ​អន្តរជាតិ​លំដាប់​ផ្កាយ​៣​ ផ្កាយ​៤​ និង​ផ្កាយ​៥ ​បាន​កំពុង​ដាក់​គម្រោង​សាង​សង់​នៅ​កម្ពុជា​។ លោក​ថា​ កំណើន​នេះ​ជា​សញ្ញាណ​ល្អ​ ដោយ​បាន​ជួយ​ផ្សព្វ​ផ្សាយ​ឱ្យ​កម្ពុជា​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ ឌិន​ សុមេធារិទ្ធិ​ យល់​ថា ​ កំណើន​នៃ​សណ្ឋាគារ​ស្តង់​ដា​អន្តរជាតិ​ចូល​មក​កម្ពុជា​ មាន​ទាំង​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​ ។

លោក​ ឌិន​ សុមេធារិទ្ធិ​ មាន​ប្រសាសន៍​ថា​៖ «អា​ហ្នឹង​ដូច​ប្រូម៉ូត​ឱ្យ​កម្ពុជា​ ទាំង​ការ​រីក​ចម្រើន​នៅ​កម្ពុជា​។ ចឹង​យើង​បាន​ផ្តល់​ឱ្យ​អតិថិជន​មាន​ជម្រើស​ច្រើន​ សាំង​គ្រី​ឡា​ផ្កាយ​៣​ ម៉ា​យុត​ ផ្កាយ​៤​ ជេវីអា​ ផ្កាយ​៥​ ហាយ​យ៉ាត់​អឹ​ជេន​ស៊ី​ ផ្កាយ​៥​។ បណ្តាញ​ផ្សព្វ​ផ្សាយ​[របស់​ក្រុម​ហ៊ុន​ទាំង​ហ្នឹង]​ វា​ទូលំ​ទូលាយ​ ដោយ​សារ​ក្រុម​ហ៊ុន​គេ​ជា​ក្រុម​ហ៊ុន​អន្តរជាតិ​ ទាំង​ហ្នឹង​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា​។ តែ​អ្វី​ជា​ផល​អវិជ្ជមាន​គឺ​ប៉ះពាល់​ដល់​វិនិយោគ​ទុន​នៅ​ក្នុង​ស្រុក​ដោយ​សារ​ក្រុម​ហ៊ុន​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ លុយ​ច្រើន​ ទី​ផ្សារ​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ម្ចាស់​អូតែល​ក្នុង​ស្រុក​ពិបាក​ប្រកួត​ប្រជែង​»។

របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ ចេញ​ផ្សាយ​ដោយ​ធនាគារ​ពិភពលោក​កាល​ពី​ខែ​វិច្ឆិកា​ បាន​ឱ្យ​ដឹង​ថា កម្ពុជា​នៅ​ខ្វះ​ចន្លោះ​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​សក្ដា​នុពល​នៃ​វិស័យ​ទេសចរណ៍​។ របាយ​ការណ៍​នេះ​បាន​ផ្ដល់​ជា​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ការ​តភ្ជាប់​ ដោយ​សារ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទាប​នៅ​ឡើយ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គោក​ អភិវឌ្ឍ​តំបន់​អភិរក្ស​ទេសចរណ៍​ជាមួយ​នឹង​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​និង​ព្រឹត្តិការណ៍​ទេសចរណ៍​ក្នុង​តំបន់​មួយ​ចំនួន​ជា​ដើម​។

មិន​មាន​តួ​លេខ​ផ្លូវ​ការ​ណា​មួយ​ពី​ចំនួន​សណ្ឋាគារ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ ទោះ​យ៉ាង​ណា​ បើ​តាម​ការ​សិក្សា​ររបស់​ក្រុម​ហ៊ុន​អចលនទ្រព្យ​មួយ​នា​ពេល​កន្លង​មក​ គិត​ត្រឹម​ដំណាច់​ឆមាស​ទី១​ ឆ្នាំ​២០១៧​ ចំនួន​សណ្ឋាគារ​នៅ​រាជ​ធានី​ភ្នំពេញ​ចាប់​ពី​កម្រិត​ផ្កាយ​២​ឡើង​ទៅ​ មាន​កំណើន​ជិត​២៣%​ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥​។ ក្នុង​នោះ​ចំនួន​បន្ទប់​សណ្ឋាគារ​បាន​កើន​ចន្លោះ​ពី​១៦៦៣៨​បន្ទប់​ ដល់​១៩៨៥៤​បន្ទប់​ ខណៈ​ចំនួន​សណ្ឋាគារ​កើន​ពី​៣៥៥​ ដល់​ ៤៣៧​អាគារ​។

ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​សៀមរាប​ សណ្ដាគារ​លំដាប់​ផ្កាយ​បី​បាន​កើន​ពី​៥៩៨៧​បន្ទប់​ ដល់​៦៧០៩​បន្ទប់​ សណ្ឋាគារ​ផ្កាយ​៤​ បាន​កើន​ឡើង​ពី​ ៨១៣២​បន្ទប់​ ដល់​៨៩៦២​បន្ទប់​ ខណៈ​ចំនួន​សណ្ឋាគារ​ផ្កាយ​៥​បាន​ធ្លាក់​ចុះ​បន្តិច​ពី​ចំនួន​៦៦៩៩​បន្ទាប់​ មក​នៅ​ត្រឹម​៦៩៣១​បន្ទប់​៕

ចែករំលែកតាម៖