សហគ្រិនស្រ្តីជោគជ័យចែករំលែកគន្លឹះឈានទៅចាប់អាជីពជាសហគ្រិន

សហគ្រិនស្រ្តីជោគជ័យចែករំលែកគន្លឹះឈានទៅចាប់អាជីពជាសហគ្រិន

ទិវាសហគ្រិនស្ត្រី ក្រោមប្រធានបទ «វិនិយោគជាមួយស្ត្រីគឺជាគន្លឹះឆ្លាតវៃ»

សហគ្រិនស្រ្តីល្បីឈ្មោះនិង​​ជាស្ត្រី​​ថ្នាក់​ដឹកនាំ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​មកពី​ក្រុមហ៊ុន​មួយចំនួន​​ចាត់​ទុក​ថា ទំនុកចិត្តលើខ្លួនឯង ការដឹងពីចំណង់ចំណូលចិត្ត និងការមានគោលដៅច្បាស់លាស់​ គឺការចាប់ផ្តើមដ៏សំខាន់ ជួយរុញច្រាន​ឱ្យ​ស្រ្តី​ក្លាហាន​ឈាន​ទៅ​ចាប់​អាជីព​ជាសហគ្រិនបង្កើតជាអាជីវកម្ម​ផ្ទាល់ខ្លួន។

ការលើកឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទិវា​សហគ្រិន​ស្ត្រី ដែលត្រូវ​បាន​ធ្វើឡើង​កាលពីចុង​ខែ​​វិច្ឆិកា ក្រោម​ប្រធានបទ «​វិនិយោគ​ជាមួយ​ស្ត្រី​គឺជា​គន្លឹះ​ឆ្លាត​វៃ​» ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជា​ស្ត្រី​មក​ពី​ក្រុមហ៊ុន​នានា សរុប​ជាង​២៥០​នាក់​។

ប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជា(CWEA) និង​ជានាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី លោកស្រី កែវ មុំ លើកឡើងថា រាល់​ការ​ចាប់ផ្តើម​អាជីវកម្ម តែងតែ​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា​រាប់​មិន​អស់ដែល​អាច​កើត​មាន​ឡើង​គ្រប់​ពេល​វេលា។ លោកស្រី​បន្ត​ថា កត្តា​នេះ​បាន​​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅ​លើ​ផ្លូវចិត្ត​របស់​ស្ត្រី​ ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​បោះបង់​ចោលការតស៊ូ​និង​ឆន្ទៈ ​​ប្រសិន​បើពួកគាត់​មិន​មាន​ការ​តាំង​ចិត្តខ្ព​ស់និង​​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

​លោកស្រី កែវ មុំ ដែល​បាន​​ប្រឡូក​ក្នុង​វិស័យ​ជំនួញអស់​រយៈពេល​ជាង២០ឆ្នាំមកហើយបានចែករំលែក​បទពិសោធន៍​​ផ្ទាល់ខ្លួន​ថា ២០ឆ្នាំ​មកនេះ ទម្រាំ​តែ​លោកស្រី​អាចបង្កើតនិង​ដឹកនាំ​ក្រុមហ៊ុន​ឱ្យ​ដំណើរការ​ដល់ពេល​បច្ចុប្បន្ន​នេះ លោក​ស្រី​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​មិនតិច​នោះទេ​។

តាមរយៈ​បទពិសោធន៍​កន្លងមក​នេះ ស្ត្រី​ដែល​ល្បី​ក្នុង​វិស័យ​ជំនួញ​រូបនេះ បាន​ប្រាប់​ទៅ​ស្ត្រី​ទាំងឡាយ ដែលមាន​បំណង​ក្លាយជា​សហគ្រិនឬ​អ្នកវិនិយោគ ត្រូវមាន​ឆន្ទៈ​មោះ​មុត ជឿជាក់លើខ្លួនឯង អត់​ធ្មត់ និង​មិនត្រូវ​បាក់​ទឹកចិត្ត​ជាដាច់ខាត នៅពេលដែល​ជួប​បញ្ហា​ពេល​កំពុង​ធ្វើ​ជំនួញ​។ ​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជារូបនេះ​​បញ្ជាក់ថា ប្រសិនបើ​ស្ត្រី​ជួប​បញ្ហាហើយ​បាក់​ទឹកចិត្តនោះ​ច្បាស់​ជា​បរាជ័យ​ជាមិនខាន។

លោកស្រី​បន្ថែម​ថា​«បរិបទនៃទំនៀមទម្លាប់​ប្រពៃណី​ដែលពីបុរាណមកដែល​ថា​ស្រ្តី​វិល​ចង្រ្កាន​មិន​ជុំ​គឺ​ពាក្យហ្នឹង​គ្រាន់តែជា​ពាក្យ​បុរាណប៉ុណ្ណោះ។ ​ប៉ុន្តែបច្ចុប្បន្ន​បច្ចេកវិទ្យា​ជឿនលឿនណាស់ ដូច្នេះ​ស្រ្តី ត្រូវ​តែមានការផ្លាស់ប្តូរ​​។ ចឹង​ស្រ្តី​យើងកុំខ្វល់​​ថាពេលយើងចាប់ផ្តើម​អាជីវកម្ម​​មាន​គេរិះគន់​​ឬពាក្យ​អាចាមអារ៉ាម​អីទេ​ សំខាន់ស្រ្តី​ខ្លួន​ឯង​ច្បាស់និងដឹងខ្លួន​ឯង ឱ្យតែ​អ្វីៗ​យើងអាច​ធ្វើបាន​​យើងត្រូវ​តែធ្វើ។ ចឹងទើប​យើងអាច​ចូលរួម​និងពង្រីក​អាជីវកម្ម​និងក្លាយជា​ម្ចាស់សហគ្រិន​ដោយខ្លួនឯងបាន​ កាលណាអាជីវកម្មយើង​រកចំណូល​បានច្រើន​ចឹងយើង​អាចជួយ​គ្រួសារ​និងសេដ្ឋកិច្ចសង្គម​ជាតិ​យើង​បានទៀត»

 

លោកស្រី ពាន់ ភួងបុប្ផាចាងហ្វាងផលិតកម្មផ្កាប្រាំ
លោកស្រី ពាន់ ភួងបុប្ផាចាងហ្វាងផលិតកម្មផ្កាប្រាំ

ម្ចាស់សហគ្រិនល្បីឈ្មោះម្នាក់ទៀត  ព្រមទាំងជាអ្នកសម្របសម្រួល​សហគ្រិន​ស្ត្រី​ លោក ស្រី ជា សុខ​លាង មាន​ប្រសាសន៍​​ថា​ នៅក្នុងស្ថាប័នការងារនិងមុខជំនួញ ស្រ្តីគឺជាបុគ្គលដែលមានការគិតល្អិតល្អន់ និងមានការទទួល​ខុសត្រូវលើការងារប្រសើរជាងបុរស ខណៈដែលការចូលរួមពីស្រ្តីក្នុងការដឹកនាំ ពិតជាចាំបាច់ណាស់​ក្នុង​ការអភិវឌ្ឍ​​ប្រទេសឱ្យរីកចម្រើន។

លោកស្រី ជា សុខ​លាង យល់​ថា ស្រ្តី​ខ្លួន​ឯង​​​ដែល​ចង់ក្លាយខ្លួន​ជា​ម្ចាស់ស​ហគ្រិន​ឬ​​ក្លាយ​ជា​អ្នក​ជំនួញ ចាំបា​ច់ត្រូវ​មាន​ក្លាហាន​ជម្នះ​​ឧបសគ្គទាំងឡាយ ពិសេសត្រូវ​កសាង​ចំណេះ​ដឹង ​និង​​ពង្រឹងសមត្ថភាព​របស់​ខ្លួន​​បន្ថែម។

លោកស្រី​បន្ត​ថា៖ ​​«ស្រ្តីខ្លួន​ឯង​ត្រូវតែ​ដឹង​ថា​ ខ្លួនឯងមាន​ទូនាទី​សំខាន់នៅក្នុង​​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ប្រទេស​ជាតិនិង​សង្គម។​ ​ហេតុនេះ​ស្រ្តី​ត្រូវចេះ​ផ្តល់​ឱកាស​ឱ្យ​ខ្លួន​ឯង ​ក្លា​ហាន​ ពង្រឹង​ភាព​អង់អាច​របស់​ខ្លួន​​ ដើម្បី​បង្កើត​ភាព​ជាអ្នក​ដឹកនាំ​ ព្រោះ​ភា​ពរីកចម្រើន​និង​កំណើន​នៃសេដ្ឋកិច្ច​ត្រូវពឹងផ្អែក លើកំណើន​នៃ​សហគ្រិន ស្រ្តី​កម្ពុជា»។

អ្នកនិពន្ធ​និង​ដឹកនាំ​រឿង  ព្រមទាំង​ជា​ចាងហ្វាង​ផលិតកម្ម​ផ្កា​ប្រាំ​ លោកស្រី ពាន់  ភួង​បុប្ផា​ ​ក៏បានចែករំលែក​​គន្លឹះសំខាន់ៗមួយចំនួន​ដល់​​ស្រ្តី​ ដើម្បីជំរុញទឹកចិត្ត​ឈានទៅ​ចាប់អាជីពជាសហគ្រិនផងដែរ។ លោកស្រី​ថា ស្របពេល​ដែលសង្គម​កំពុង​មានការវិវឌ្ឍទៅ​មុខ ស្រ្តី​ដែលចង់ប្រឡូកឬក្លាយជា​សហគ្រិន​ឆ្នើម​ចាំបាច់​ត្រូវឧស្សាហ៍​ព្យាយាម​ ​ត​ស៊ូ​ ទន្ទឹមនឹងចំណេះដឹង បើទោះ​ជាអាជីវកម្ម​ត្រូវ​ចាប់ផ្តើម​ពីដើម​ទុន​តូច​ក៏ដោយ។

លោកស្រី​បន្ថែម​ថា«ឱ្យតែគាត់ឧស្សាហ៍​ព្យាយាម មានគំនិត ដើមទុនតិចតូចក៏ដោយ គាត់ចាប់ផ្តើមពីមួយជំហាន​​ទៅ​មួយជំហាន​ នោះអាជីវកម្មគាត់នឹងរីកចំម្រើនទៅមុខហើយ។ តែក៏ទាមទារឱ្យស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ​ ការលើកទឹកចិត្ត និងបង្ហាញភាព ជាគំរូ​ដល់​ស្រ្តី​ឱ្យបាន​ច្រើនដែរ»

កញ្ញា នាង សុវឌ្ឍនា ឬ DJ ណាណា
កញ្ញា នាង សុវឌ្ឍនា ឬ DJ ណាណា

កញ្ញា នាង សុ​វឌ្ឍនា ឬ DJ ណា​ណា ​ក៏បាន​ផ្តល់គន្លឹះ២សំខាន់ ដើម្បីឱ្យ​ស្រ្តី​ក្លាហានឈានទៅ​ចាប់អាជីពជាម្ចាស់​សហគ្រិនដូច្នេះថា«យើងមាន​ពាក្យ​សម្តី​ជាច្រើន ពាក្យ​លើកទឹក​ចិត្តក៏មាន​ពាក្យបំបាក់ទឹក​ចិត្ត​ក៏មាន​ ប៉ុន្តែ​​ស្រីៗ​យើង​ដឹងម៉េច ច្រើន​តែ​យកពាក្យ​បំបាក់ទឹកចិត្ត​មកពិចារណា​ច្រើន​ជាងពាក្យ​លើកទឹកចិត្ត វា​នៅមាន​កម្រិត​​ ដោយសារ​តែ​យើង​ជ្រើស​រើសជឿ​ពាក្យ​បង្អាប់​ច្រើនជាង​ពាក្យ​លើកទឹកចិត្ត​ អាហ្នឹង​ទី១។ ​ទី២ ខ្ញុំ​យល់ថា​ ឱ្យស្រី​ៗ​ប្រឹង​ម្នាក់ឯង​វា​អត់​កើតទេ។​ វាត្រូវការ​ឱ្យ​មានការ​គាំទ្រ​ យល់ព្រម ទំនុកបម្រុង​ពីក្រុមគ្រួសារគាត់ដែរ។ តែ​បើយើងនាំ​គ្នា​ខ្លាច​ បើសិន​ជា​ស្រីៗ​ពី​ពូកែ ស្រីៗមាន​លុយ ស្រីរ៉ឹងទទឹង​ លែង​ប្តី​ចឹង​ ស្រី​ៗបាន​ធ្វើអ្វីកើតទេ ហើយ​នៅតែ​ខ្លាច​អត់ហានប្រឡូក​នៅក្នុងអា​ជីវកម្ម»

​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ឱ្យដឹងថា ​បច្ចុប្បន្ន សហគ្រិន​នៅ​ប្រទេស​កម្ពុជា​មាន​រហូត​ដល់​ជាង​៥០​ម៉ឺន​នាក់​។ ក្នុងនោះ​ស្ត្រី​ដែលជា​ម្ចាស់​របស់​សហគ្រាស​មានរ​ហូត​ដល់​ជាង​៣០​ម៉ឺន​នាក់ គឺ​ស្មើនឹង​៦២%​ភាគរយ​នៃ​សហ​គ្រិន​សរុប​ ប៉ុន្ដែចំនួនប្រាក់ចំណូលរបស់ស្រ្ដីជាអាជីវករនៅទទួលបានចំណូលតិចជាងបុរស គឺដោយសារអាជីវកម្ម​ស្រ្ដីភាគច្រើនជាអាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមនៅឡើយ ដែលទាមទារឱ្យមានស្ថាប័នពាក់ព័ន្ធ ជួយពង្រឹងសមត្ថភាពស្រ្តីបន្ថែម៕

ចែករំលែកតាម៖