ការស្ទុះងើបឡើងវិញនៃកុលាលភាជន៍ខ្មែរ

ការស្ទុះងើបឡើងវិញនៃកុលាលភាជន៍ខ្មែរ

កុលាលភាជន៍ដែលមានរាងជាដំរីសម្រាប់ដាក់ទៀន
កុលាលភាជន៍ដែលមានរាងជាដំរីសម្រាប់ដាក់ទៀន

កុលាលភាជន៍​មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​៥០០០​ឆ្នាំ​មុន​គ.ស​ មក​ម្លេះ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ កង​ ព្រឿង​ គ្រូបង្រៀន​កុលាលភាជន៍​ផ្នែក​សិល្បៈ​សូន​រូប​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​សារមន្ទីរជាតិ។​

លោក​ កង​ ព្រឿង​ ថ្លែង​ឱ្យ​ដឹង​ថា​ កុលាលភាជន៍​នេះ​សំដៅ​លើ​គ្រប់​ឧករណ៍​ប្រើប្រាស់​ទាំងអស់​ដែល​ធ្វើ​ឡើង​ពី​ដីដុត​រាប់​បញ្ចូល​ទាំង​ចាន​ ឆ្នាំង​ ចង្ក្រាន​ ក្អម​ ថូផ្កា​ និង​ឥដ្ឋ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ផង​ដែរ។​ លោក​ឱ្យ​ដឹង​ទៀត​ថា​ កុលាលភាជន៍​ខ្មែរ​ត្រូវ​បាន​បែង​ចែក​ជា​២ប្រភេទ​ គឺ​ប្រភេទ​ដែល​គ្មាន​ស្រទាប់​ រលោង​ និង​ប្រភេទ​មាន​ស្រទាប់​រលោង​ដែល​បរទេស​ហៅថា​ សេរ៉ាមិក។​

ជាទូទៅ​ ប្រភេទ​កុលាលភាជន៍​ដែល​គ្មាន​ស្រទាប់​រលោង​គឺ​សិប្បករ​ដុត​ត្រឹម​កម្ដៅ​ប្រមាណ​៧០០អង្សារសេ​ប៉ុណ្ណោះ​ ដូចជា​ក្អម​និង​ឆ្នាំងដី​ជាដើម​ ដែល​វត្ថុ​ទាំង​នោះ​អាច​នឹង​ងាយ​ជ្រៀប​ទឹក​ចេញ​មក​ក្រៅ។​ នេះ​បើ​យោង​តាម​លោក​ កង​ ព្រឿង។​

លោក​ កង​ ព្រឿង​ បន្ត​ថា​ «សម្ភារប្រើប្រាស់ខ្លះយើងប្រើតែកម្រិតទាប។ ប៉ុន្តែសម្ភារមួយចំនួនទៀតឧទាហរណ៍ដូចជា កែវយើងញ៉ាំទឹក ថូផ្កា គ្រឿងលម្អផ្សេងៗដូចជាចានអីហ្នឹង គឺថាមិនអាចកម្រិតមធ្យមហ្នឹងបានទេ ត្រូវកម្រិតខ្ពស់។ ដូច្នេះគឺត្រូវដុតម្ដងទៀត កម្ដៅវាពី១២៥០ទៅដល់១២៨០ដឺក្រេសេ។ អាហ្នឹងគឺយើងត្រូវដាក់ទឹកថ្នាំ ជ្រលក់ទឹកថ្នាំហើយដុតទៅបានវារលាយ បានយើងប្រើប្រាស់បាន។ ពីព្រោះអីយើងប្រើប្រាស់ទៅវាប៉ះពាល់សុខភាព កាលណាកម្រិតវាទាប វាសឹក វាដាច់មក យើងប្រើប្រាស់ទៅប៉ះពាល់សុខភាព»

គ្រូបង្រៀន​កុលាលភាជន៍​ផ្នែក​សិល្បៈ​សូនរូប​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​រូបនេះ​ឱ្យ​ដឹង​ទៀត​ថា​ ការ​ជ្រើសរើស​ដី​ឥដ្ឋ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ផលិត​កុលាលភាជន៍។​ ដីឥដ្ឋ​ដែល​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ២​តំបន់​ប៉ុណ្ណោះ​ គឺ​តំបន់​ស្ទឹងឆាយ​ នៅ​ខេត្ត​ព្រះសីហនុ​ និង​តំបន់​ព្រៃខ្មែរ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ដោយ​កាល​ពី​មុន​សិប្បករ​អាច​ទៅ​យក​ដី​នោះ​សេរី​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​សិប្បករ​ត្រូវ​បញ្ជា​ទិញ​ដីឥដ្ឋ​ក្នុង​តម្លៃ​ណាមួយ។​

លោក​ កង​ ព្រឿង​ បញ្ជាក់​ពី​មូលហេតុ​ដែល​សិប្បករ​ត្រូវ​ជ្រើស​រើស​ប្រភេទ​ដីឥដ្ឋ​ថា៖​ «យើងចង់និយាយថា ស្រុកខ្មែរយើងមិនខ្វះទេដីដីឥដ្ឋកន្លែងណាក៏មានដែរ។ ប៉ុន្តែហេតុអីបានជាការផលិតកុលាលភាជន៍កម្រិតខ្ពស់ យើងហៅថាភាសាបរទេសថាសេរ៉ាមិកចាំបាច់រើសរកដីឥដ្ឋ។ រើសរកដីឥដ្ឋយ៉ាងម៉េចគឺថាដីឥដ្ឋដែលអាចដុតកម្ដៅខ្ពស់បាន។ ចឹងដីដែលមានគុណភាពទាបហ្នឹងគឺថា ពេលដែលយើងយកទៅជ្រលក់ទឹកថ្នាំហើយយើងដុត១២៥០ដឺក្រេ ទៅដល់១២៨០ដឺក្រេហ្នឹងវាទ្រាំទ្រខ្លួនវាលែងបានហើយ អាហ្នឹងគេហៅថាដីគុណភាពទាប វាទន់ហ្មង។ ឧបមាថា កែវមួយកម្ពស់ហ្នឹង ពេលដុតចាប់១២៥០ហ្នឹងវារួញ ចឹងត្រូវការស្រាវជ្រាវដី»

កង ព្រឿង គ្រូបង្រៀនកុលាលភាជន៍ផ្នែកសិល្បៈសូនរូបនៅសាលាមធ្យមវិចិត្រសិល្បៈ
លោក​ កង ព្រឿង គ្រូបង្រៀនកុលាលភាជន៍ផ្នែកសិល្បៈសូនរូបនៅសាលាមធ្យមវិចិត្រសិល្បៈ

មុន​ចឹង​ចេញ​ជា​ផលិតផល​សម្រេច​ ដីឥដ្ឋ​ត្រូវ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់កាល​ ដោយ​មុន​ដំបូង​ សិប្បករ​ត្រូវ​យក​ដីឥដ្ឋ​ទៅ​ហាល​ថ្ងៃ​ ត្រាំ​ទឹក​ រួច​ច្រោះ​យក​គំទេច​ថ្ម​និង​សំរាម​ចេញ។​ បន្ទាប់​មក​យក​ទៅ​សូន​ចេញ​ជា​រាង​ដែល​គេ​ចង់​បាន​ រួច​រក្សា​ទុក​រយៈពេល​៣ទៅ​៤ថ្ងៃ​ ទើប​អាច​យក​ទៅ​ដុត​ក្នុង​ឡ​បាន។​ ក្រោយ​ពី​ដុត​រួច​ គេ​ត្រូវ​លើក​ចេញ​មក​ជ្រលក់​ថ្នាំ​ ហើយ​ដុត​ម្ដង​ទៀត​ជា​កិច្ច​បញ្ចប់។​

នៅ​ដើម​ទសវត្ស​ឆ្នាំ៨០​ កុលាលភាជន៍​ខ្មែរ​ប្រមាណ​១០០​ពី​មជ្ឈដ្ឋាន​ឯកជន​ត្រូវ​បាន​ប្រមូល​ទៅ​តាំង​បង្ហាញ​នៅ​ប្រទេស​សិង្ហបុរី​ ដោយ​អ្នក​ប្រាជ្ញ​បាន​ចាត់​ទុក​ថា​ ខ្មែរ​ពិត​ជា​មាន​កុលាលភាជន៍​ដែល​ប្រកប​ដោយ​រចនាបទ​សិល្បៈ​ប្លែក​ពី​កុលាលភាជន៍​ឯទៀត​ ជាពិសេស​គឺ​ឧស្សាហកម្ម​ដ៏រីក​ចម្រើន​តាំង​ពី​សម័យ​អង្គរ​ រហូត​ដល់​ពេល​ដែល​អង្គរ​ត្រូវ​បាន​បោះបង់​ចោល។​ ឧស្សាហកម្ម​កុលាលភាជន៍​នោះ​បាន​ផលិត​របស់​របរ​សម្រាប់​បូជា​សាសនា​និង​សម្ភារ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទូទៅ​រាល់ថ្ងៃ។​ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា។​

ចំណែក​គម្រោង​ស្រាវជ្រាវ​អំពី​វិសាលភាព​អង្គរ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​លើ​គេហទំព័រ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា​ នៅ​យុគ​សម័យ​ដែក​ មនុស្ស​ប្រើប្រាស់​កុលាលភាជន៍​ច្រើន​ជាង​នៅ​ក្នុង​យុគ​សម័យ​លង្ហិន​ ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​នៃ​កុលាលភាជន៍​ពី​យុគ​សម័យ​មួយ​ទៅ​យុគ​សម័យ​មួយ​ទៀត។​

ក៏​ប៉ុន្តែ​ ដោយសារ​តែ​ប្រទេស​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម​ជា​ច្រើន​លើក​ច្រើនសារ​ កុលាលភាជន៍​បាន​បាត់​រូបរាង​បន្តិច​ម្ដងៗ​ រហូត​ដល់​ដើម​សតវត្ស​ទី២១​នេះ​ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០០០មក​ ទើប​កុលាលភាជន៍​ចាប់​ផ្ដើម​មាន​ឈ្មោះ​ឡើង​វិញ។​

សាលា​មធ្យម​វិចិត្រសិល្បៈ​ជា​ស្ថាប័ន​អប់រំ​ផ្លូវ​ការ​តែ​មួយ​គត់​ដែល​មាន​បើក​បង្រៀន​ថ្នាក់​កុលាលភាជន៍​នេះ។​ គិត​ចាប់​ពី​ឆ្នាំ១៩៩៨​ មក​ដល់​បច្ចុប្បន្ន​នេះ​ សាលា​មធ្យម​វិចិត្រសិល្បៈ​មាន​សិស្ស​ចូល​រៀន​ថ្នាក់​កុលាលភាជន៍​ប្រមាណ​៤០នាក់​ប៉ុណ្ណោះ​ ដោយ​ក្នុង​មួយ​ឆ្នាំៗ​មាន​សិស្ស​ថ្មី​ចន្លោះ​ពី២​ទៅ៣​នាក់។​

យុវជន​ ឌុក​ ច័ន្ទរស្មី​ សិស្ស​កុលាលភាជន៍​ផ្នែក​សិល្បៈ​សូន​រូប​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ បង្ហាញ​ពី​ចំណាប់​អារម្មណ៏​ទៅ​លើ​កុលាលភាជន៍​ថា​ជា​សិល្បៈ​ដែល​អាច​ឱ្យ​សិប្បករ​បញ្ចេញ​នូវ​ការ​ស្រមើ​ស្រមៃ​របស់​ខ្លួន​ទៅ​លើ​វា​ តាមរយៈ​សូន​ឱ្យ​ចេញ​ជា​របស់​អ្វី​មួយ។​

យុវជន​រូប​នេះ​បន្ត​ថា៖​ «អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាងគេ​គឺ​ការ​រចនា​ ដូច​នៅ​ក្នុង​ការ​ធ្វើ​វត្ថុ​អ្វីមួយ​ ដូច​ជា​ថូ​ដ៏​ធំ​មួយ​ ឡ​ដ៏ធំមួយ។ មាន​ការ​រចនា​ក្បាច់​មើល​ទៅ​គួរ​ឱ្យ​ស្អាត​ ហើយ​ចាប់​អារម្មណ៍​ ហើយ​ក្បាច់​ហ្នឹងយើង​អាច​ធ្វើ​ការ​ Design​ (រចនា)​ ដោយ​ខ្លួនឯង​បាន។​ ហើយ​ពេល​ដែល​លោកគ្រូ​គាត់​ដាក់​ចឹង​ យើង​ត្រូវ​ស្រមៃថា​តើយើងត្រូវ​ធ្វើ​រាង​ដូចម្ដេច​ វា​ខុស​ពី​គេ​ ឬ​ក៏​ឱ្យ​ដូចគេ​អ្នក​ជំនាន់​មុន»។​

សិស្សកំពុងច្រោះដីឥដ្ឋដើម្បីធ្វើកុលាលភាជន៍
សិស្សកំពុងច្រោះដីឥដ្ឋដើម្បីធ្វើកុលាលភាជន៍

ខុស​ពី​ប្រទេស​ដទៃ​ដែល​មាន​ផលិត​កុលាលភាជន៍​ដែរ​នោះ​ ប្រទេស​កម្ពុជា​នៅ​តែ​ពិបាក​ក្នុង​ការ​វាយ​លុយ​ចូល​ទីផ្សារ​អន្តរជាតិ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មិន​មាន​រោងចក្រ​ផលិត​កុលាលភាជន៍​ណា​មួយ​ឡើយ​ គឺ​មាន​តែ​សិប្បកម្ម​តាម​ភូមិ​ តាម​ស្រុក​តែ​ប៉ុណ្ណោះ។​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ កង​ ព្រឿង។​

ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​ កុលាលភាជន៍​ខ្មែរ​ចាប់​ផ្ដើម​មាន​សន្ទុះ​ងើប​ឡើង​មក​វិញ​ តាម​រយៈ​ការ​បញ្ជា​ទិញ​ពី​ភ្ញៀវ​គ្រប់​ស្រទាប់​វណ្ណៈ។​ គ្រូបង្រៀន​កុលាលភាជន៍​ផ្នែក​សិល្បៈ​សូនរូប​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​ លោក​ កង​ ព្រឿង​ រៀបរាប់​ពី​ក្ដី​រំពឹង​របស់​លោក​ចំពោះ​ជីវិត​កុលាលភាជន៍​ខ្មែរ​ទៅ​ថ្ងៃ​ខាង​មុខ​ថា៖​ «ព្រោះកន្លងមកគេអត់ដឹង ជាពិសេសអ្នកដែលធ្លាប់កុម្ម៉ង់ខ្ញុំធ្វើ។ គាត់ថាអត់ដែលដឹងថាអាហ្នឹងមានធ្វើនៅស្រុកខ្មែរ អ្នកខ្លះគាត់អត់ដឹងមែន។ អ៊ីចឹងខ្ញុំគិតថា កុលាលភាជន៍ខ្មែរមិនសាបសូន្យទេ នៅតែមាន រឹតតែរីកស្គុសស្គាយទៀត»។

ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​អង្គភាព​កុលាលភាជន៍​អង្គរ​ដែល​ស្ថិត​នៅ​ក្រោម​មជ្ឈ​មណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។​ អង្គភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​ថែរក្សា​និង​សិក្សា​លម្អិត​អំពី​កុលាលភាជន៍​ខ្មែរ​ដែល​ក្រុម​ស្រាវជ្រាវ​ធ្លាប់​បាន​រក​ឃើញ​កន្លង​មក។​

គ្រូបង្រៀន​កុលាលភាជន៍​ផ្នែក​សិល្បៈ​សូនរូប​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​​ លោក​ កង​ ព្រឿង​ សំណូមពរ​ឱ្យ​យុវជន​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​និង​ចូល​រួម​ថែ​រក្សា​ផ្សព្វផ្សាយ​អំពី​កុលាលភាជន៍​ទាំងអស់​គ្នា។​ ជាពិសេស​ អាជីវករ​និង​សហគ្រិន​ទាំងអស់​គួរ​តែ​ងាក​មក​ប្រើប្រាស់​កុលាលភាជន៍​ខ្មែរ​ ដើម្បី​យក​ទៅ​ធ្វើ​ជា​សម្ភារ​ប្រើប្រាស់​ រួម​ទាំង​គ្រឿង​តុបតែង​លម្អ​នៅ​តាម​សណ្ឋាគារ​និង​ភោជនីយដ្ឋាន៕​

ចែករំលែកតាម៖