កម្ពុជាប្រកាសជាផ្លូវការអនុញ្ញាតលក់និងប្រើប្រាស់ភ្នាក់ងារជីវសាស្រ្តជំនួសថ្នាំនិងជីគីមី

កម្ពុជាប្រកាសជាផ្លូវការអនុញ្ញាតលក់និងប្រើប្រាស់ភ្នាក់ងារជីវសាស្រ្តជំនួសថ្នាំនិងជីគីមី

ចម្ការ​បន្លែ​នៅ​ក្នុង​ខេត្ត​កំពត
ចម្ការ​បន្លែ​នៅ​ក្នុង​ខេត្ត​កំពត

ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ ប្រកាសទទួល​ចុះ​បញ្ជី​​ធ្វើ​អាជីវកម្ម​​ភ្នាក់ងារ​​ជីវសាស្រ្ត​នៅ​កម្ពុជា​ បន្ទាប់​ពី​មាន​ការ​ទទូច​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​កន្លង​មក​។

ភ្នាក់ងារ​ជីវសាស្ត្រ​ជា​សរីរាង្គ​មានប្រយោជន៍​ដែល​មាន​និង​កើតឡើង​ពី​ធម្មជាតិ​ត្រូវ​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​សមាសធាតុ​ចង្រៃ​មាន​ដូចជា​សត្វល្អិត​និង​ភ្នាក់ងារ​បង្ក​ជំងឺ​ជាដើម។

នៅ​ក្នុង​សិក្ខាសាលាផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​គំរូ​ឯកសារ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ភ្នាក់ងារ​ជីវសាស្ត្រ (BCA) កាល​ពី​ថ្ងៃទី​២១​ ខែ​ធ្នូ​ លោក​ ភុំ​ រ៉ា​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​ប្រសាសន៍​ថា​ ភ្នាក់ងារ​ជីវសាស្ត្រ​ (BCA​) មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​កម្ពុជា​នោះទេ​ ក្នុង​ពេល​កន្លង​មក​ ដោយសារ​កម្ពុជា​មិន​ទាន់​មានច្បាប់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ធាតុចូល​កសិកម្ម​ប្រភេទ​នេះ។

លោក​ ភុំ​ រ៉ា​ បន្ត​ថា​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ ចាប់ផ្តើម​ទទួល​ស្គាល់​ការ​ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​ (BCA​= Bio​ Control​ Agents​) សម្រាប់​ការ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ជា​ពិសេស​សម្រាប់​ការ​ដាំដុះ​នានា​ក្នុង​វិស័យ​កសិកម្ម​។ លោក​បញ្ជាក់​ទៀត​ថា​ ចាប់​ពី​ថ្ងៃនេះ​ទៅ ​ក្រុមហ៊ុន​ដែល​ចង់​នាំ​ភ្នាក់​ងារ​ជីវសាស្រ្ត​នេះ​មក​លក់​នៅ​កម្ពុជា​អាច​ទៅ​ចុះ​ឈ្មោះ​បាន​នៅ​ក្រសួង​កសិកម្ម​បាន ដោយ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ជាមុនសិន​។

ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​រូប​នេះ​បន្ថែម​ថា​ ដោយ​ឡែក​ភ្នាក់ងារ​លក់​តាម​ខេត្ត​ អាច​ចុះ​ឈ្មោះ​នៅ​តាម​មន្ទីរ​កសិកម្ម​ខេត្ត​ ដើម្បី​ជៀសវាង​មាន​ការ​ក្លែង​បន្លំ​។ លោក​ថា​ មូលហេតុ​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នេះ​ ដោយសារ​ប្រទេស​ជា​សមាជិក​អាស៊ាន​ស្នើ​ឱ្យ​កម្ពុជា​ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្រ្ត​នេះ​ ខណៈ​ប្រទេស​ជាច្រើន​បាន​ប្រើប្រាស់​រួច​ហើយ​។

ការសិក្សា​របស់​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​កន្លង​មក​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​និង​នាំ​ចូល​ថ្នាំកសិកម្ម​សម្រាប់​កំចាត់​សត្វល្អិត​យ៉ាង​គំហុក​ចាប់​តាំង​ពីឆ្នាំ​២០០១​។ ការ​នាំ​ចូល​ថ្នាំ​កម្ចាត់​សត្វល្អិត​សម្រាប់​ការពារ​ដំណាំ​មាន​ត្រឹមតែ​៨៩​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ កាល​ពីឆ្នាំ​២០០១​ តែ​តម្លៃ​នៃការ​នាំចូល​ថ្នាំគីមី​នេះ​បាន​ហក់​ឡើង​រហូត​ដល់​៦២៩​លាន​ដុល្លារ​នៅឆ្នាំ​២០១០​។ ចាប់​តាំង​ពី​ពេល​នោះ​មក ​និន្នាការ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​បាន​កើនឡើង​យ៉ាងខ្លាំង​ ដោយសារ​ការ​ផ្សព្វផ្សាយ​ពីសំណាក់​ក្រុមហ៊ុន​ថ្នាំគីមី​កសិកម្ម​ ស្រប​ពេល​ដែល​ចំណេះដឹង​របស់​ប្រជាកសិករ​មាន​កម្រិត​។

ញ្ញា​ ម៉ៅ​ កាណាឌី​ ប្រធាន​ប្រតិបត្តិ​​ក្រុមហ៊ុន​ Eco-Agri Co, Ltd​ ដែល​ជា​ក្រុមហ៊ុន​កសិកម្ម​ក្នុង​ស្រុក​មួយ​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​កញ្ញា​កំពុង​អនុវត្ត​ការដាំ​ដុះ​បន្លែ​សរីរាង្គ​ ក៏​ដូចជា​ចែកចាយ​ធាតុចូល​កសិកម្ម​។ កញ្ញា​បន្ត​ថា​ ក្រុមហ៊ុន​កញ្ញា​មិនមាន​នាំ​ចូល​ភ្នាក់ងារ​ជីវសាស្ត្រ​នេះ​ទេ​ តែ​មាន​ផ្សិត​ទ្រីកូឌែម៉ា​ ដែល​ជា​ភ្នាក់ងារ​ជីវសាស្ត្រ​មួយ​ប្រភេទ​ទទួល​ស្គាល់​និងចុះបញ្ជី​នៅ​​ក្រសួង​កសិកម្ម​។

ម្សៅទ្រីកូឌែម៉ាដែល​ជា​ភ្នាក់ងារជីវសាស្ត្រមួយប្រភេទ​ផលិត​ឡើង​នៅ​ក្នុង​ស្រុក
ម្សៅទ្រីកូឌែម៉ាដែល​ជា​ភ្នាក់ងារជីវសាស្ត្រមួយប្រភេទ​ផលិត​ឡើង​នៅ​ក្នុង​ស្រុក

កញ្ញា​ ម៉ៅ​ កាណាឌី​ ស្វាគមន៍​ការ​សម្រេចចិត្ត​របស់​ក្រសួង​កសិកម្ម​ដើម្បី​លើក​ស្ទួយ​ការដាំ​ដុះ​កសិកម្ម​ ដោយសារ​ការ​ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​នេះ​មាន​តម្លៃ​ថោក​ជាង​និង​មិន​មាន​ផល​ប៉ះពាល់​ដល់​អ្នកប្រើ​និង​បរិស្ថាន​។

បើ​តាម​លោក​ ភុំ​ រ៉ា​ បញ្ជាក់ថា​ ប្រទេសកម្ពុជា​នាំចូល​ថ្នាំ​និង​ជីគីមី​កសិកម្ម​ប្រមាណ​៤០ម៉ឺនតោន​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ប្រហាក់​ប្រហែល​នឹងឆ្នាំ​២០១៦​។

លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ចេញ​ប្រកាស​មួយ​ចុះ​ថ្ងៃទី​១១​ កញ្ញា​ឆ្នាំ​២០១៧​ ដោយ​អនុញ្ញាត​ឱ្យ​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​ ប្រើប្រាស់​គំរូ​ឯកសារ​សម្រាប់​ធ្វើ​អាជីវកម្ម​ភ្នាក់ងារ​ជីវសាស្ត្រ​ដែល​ជា​ធាតុ​ចូល​ក្នុង​ផលិតកម្ម​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ចែករំលែកតាម៖