របាំបួងសួងរក្សាបានប្រជាប្រិយភាពជាងគេក្នុងចំណោមរបាំបុរាណខ្មែរ

របាំបួងសួងរក្សាបានប្រជាប្រិយភាពជាងគេក្នុងចំណោមរបាំបុរាណខ្មែរ

ជា​កិច្ច​បើក​កម្មវិធី​ផ្សេងៗ​ គេ​សង្កេត​ឃើញ​នារី​ខ្មែរ​ក្មេងៗ​តែង​ឡើង​សម្ដែង​របាំ​ល្វតល្វន់​មួយ​ប្រភេទ​អម​ដោយ​ទឹក​មុខ​ញញឹម​ស្រស់​ពព្រាយ​នៅ​លើ​ឆាក​តូច​ធំ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​។ របាំ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​របាំ​បួងសួង​។

បើ​តាម​សិលា​ចារឹក​នៅ​វត្ត​គំនូរ​ ស្រុក​អង្គរបុរី​ របាំ​នេះ​មាន​ដើម​កំណើត​នៅ​ដើម​សតវត្ស​ទី៧​ឬ​មុន​សម័យ​អង្គរ​ ដែល​ព្រះ​បាទជ័យវរ្ម័នទី១​ ត្រាស់​បង្គាប់​ឱ្យ​ចាត់​ទុក​របាំ​បួងសួង​ថា​ជា​របាំ​ប្រចាំ​ប្រាសាទ​សម្រាប់​ជា​ដង្វាយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ព្រឿង​ ឈៀង​ ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។

លោក​ ព្រឿង​ ឈៀង​ ថា​៖ «បើ​យើង​និយាយ​ពី​របាំ​បួងសួង​គឺ​មែនទែន​ទៅ​កំណើត​ដំបូង​បង្អស់​ ព្រោះ​របាំ​ព្រះ​រាជ​ទ្រព្យ​ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​យើង​ហ្នឹង​។ កាល​ពី​ដើម​ឡើយ​ជា​របាំ​ប្រចាំ​ប្រាសាទ​ ហើយ​ជា​ដង្វាយ​សម្រាប់​ព្រះ​មហាក្សត្រ​បួង​សួង​សុំ​ទេវៈ​ សុំ​ទេវតា​ហ្នឹង​ សុំ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ ឬ​ក៏​មាន​គ្រោះ​រាំង​ស្ងួត​ មាន​ចម្បាំង​រាំង​ជល់​អី​យើង​តែង​តែ​បួង​សួង​។ ចឹង​របាំ​នេះ​មាន​តតាំង​ពី​ដូនតា​យើង​ដែល​មាន​កំណរ​កំណើត​មក​។»

លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសាស្ត្រាចារ្យផ្នែករបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសាស្ត្រាចារ្យផ្នែករបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ​ខ្មែរ​រូប​នេះ​រៀបរាប់​ប្រាប់​វិទ្យុផ្កាឈូក​បន្ត​ថា​ របាំនេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​មិន​ចេះ​សាបសូន្យ​ ដោយ​សារ​តែ​យើង​ឃើញ​ថា​នៅ​តាម​កម្មវិធី​នានា​ មិន​ថា​ព្រះរាជ​ពិធី​ដែល​ប្រារព​ដោយ​ព្រះ​មហាក្សត្រ​ ឬ​ដោយ​ស្ថាប័នរដ្ឋ​និង​ឯកជន​ទូទៅ​នោះ​ទេ​ គឺ​របាំ​បួងសួង​តែងតែ​ត្រូវ​បាន​លើក​យក​មក​សម្ដែង​ដើម្បី​សុំ​សេចក្ដីសុខ​ជានិច្ច​។

មិន​តែ​ប៉ុណ្ណោះ​ របាំ​ដែល​មាន​ក្បាច់​រាំ​ប្លែក​ពី​របាំ​ដទៃ​ដោយ​តែងតែ​លើក​ដៃ​ខ្ពស់ៗ​ដើម្បី​បញ្ជាក់​ពី​ការ​បួង​សួង​នេះ​ ក៏​តែង​មាន​មហាជន​ជាតិ​និង​អន្តរជាតិ​រីករាយ​ទស្សនា​រាល់​ពេល​ដាក់​សម្ដែង​ជា​សាធារណៈ​ផង​ដែរ​។

លោក​បន្ត​ថា​៖ «ប្រជាប្រិយភាព​គឺ​ថា​មាន​ តែងតែ​មាន​ទាំងអស់​។ ហើយ​របាំ​បួងសួង​សព្វ​ថ្ងៃ​នេះ​យើង​ដើរ​តួនាទី២​ គឺ​ទី១​យើង​សម្រាប់​ជា​តង្វាយ​ សម្រាប់​បួងសួងប្រចាំប្រទេសតែ​ម្ដង​ យើង​តពី​ដូនតា​មក​។ ទី២​ ដោយ​សារ​មាន​ការ​រាំ​ជា​ទស្សនីយភាព​កម្សាន្ដ​»។

មក​ដល់​បច្ចុប្បន្ន​នេះ​ របាំ​បួងសួង​ក៏​ត្រូវ​បាន​កែច្នៃ​រួម​បញ្ចូល​ជាមួយ​របាំ​ផ្សេងៗ​បាន​ផង​ដែរ​។ ជាក់​ស្ដែង​ដូច​នៅ​ក្នុង​ពិធី​រំលឹកគុណ​គ្រូល្ខោនខោល​លើកទី២​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ លោក​ ព្រឿង​ ឈៀង​ រួម​ទាំង​អ្នក​ជំនាញ​ផ្នែក​របាំ​ដទៃទៀត​ បាន​យក​របាំ​ព្រាបស​មក​ដាក់​បញ្ចូល​ជាមួយ​របាំ​បួងសួង​ ក្នុង​ន័យ​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​សុខ​សន្តិភាព​មក​ដល់​ប្រទេស​ជាតិ​ទាំង​មូល​។

ដើម្បី​ឱ្យ​របាំ​បួងសួង​នៅ​តែ​បន្ត​មាន​ប្រជាប្រិយភាព​ដូច​សព្វ​ថ្ងៃនេះ​ លោក​ ព្រឿង​ ឈៀង​ ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ក៏​បាន​សំណូមពរ​ដល់​យុវជន​ខ្មែរ​ផង​ដែរ​ថា​ ទោះ​ចង់​ឬ​មិន​ចង់​ គ្រប់​គ្នា​ត្រូវ​តែ​ចូលរួម​លើក​ស្ទួយ​អ្វី​ដែល​ជា​អត្តសញ្ញាណ​និង​វប្បធម៌​របស់​ខ្មែរ​យើង​ ជា​ពិសេស​គឺ​របាំ​បួង​សួង​នេះ​៕

ចែករំលែកតាម៖