គ្រូរបាំព្រះរាជទ្រព្យបារម្ភ​ពី​គុណភាព​របាំ​នេះ​នា​ពេល​អនាគត

គ្រូរបាំព្រះរាជទ្រព្យបារម្ភ​ពី​គុណភាព​របាំ​នេះ​នា​ពេល​អនាគត

តួអង្គប្រុសនៃរបាំព្រះរាជទ្រព្យ

របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​គេ​ស្រាវ​ជ្រាវ​ឃើញ​ថា​មាន​ដើម​កំណើត​តាំង​ពី​សតវត្ស​ទី​៦​ឬ​មុន​នោះ​បន្តិច​ទៅ​ទៀត​។ នា​បុរាណ​កាល​ របាំ​នេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​យក​ទៅ​សម្ដែង​ថ្វាយ​វត្ថុ​សក្ត័សិទ្ធ​ឬ​អាទិទេព​ណា​មួយ​ នៅ​តាម​កម្មវិធី​បន់​ស្រន់​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ព្រឿង​ ឈៀង​ ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​ វិចិត្រ​សិល្បៈ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​ព្រះ​រាជ​ទ្រព្យ​។

ក៏​ប៉ុន្តែ​ នៅ​ក្នុង​កំឡុង​ទសវត្ស​ទី​៦០​ ព្រះ​ករុណា​ ព្រះ​នរោត្តម​ សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ​ បាន​ផ្លាស់​ប្ដូរ​នយោ​បាយ​ថ្មី​ ដោយ​អនុវត្ត​ឱ្យ​មាន​ការ​ចាប់​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ជា​សាធារណៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មក​ដល់​បច្ចុប្បន្ន​នេះ​។ នេះ​បើ​យោង​តាម​ព្រះ​សវនីយ៍​របស់​សម្តេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​។

ជា​អតីត​សិល្ប​ការិនី​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ សម្តេច​ព្រះ​រាជ​បុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ មាន​ព្រះ​សវនីយ៍​បន្ត​ថា​ ទោះ​បី​ជា​ប្រទេស​អភិវឌ្ឍន៍​ជឿន​លឿន​យ៉ាង​ណា​ក្ដី​ ក៏​ព្រះ​អង្គ​ម្ចាស់​និង​សាស្ត្រាចារ្យ​ដែល​មាន​ជំនាញ​ទៅ​លើ​របាំ​ព្រះ​រាជ​ទ្រព្យ​នៅ​តែ​បន្ដ​អភិរក្ស​របាំ​មួយ​នេះ​ឱ្យ​នៅ​មាន​ទម្រង់​បែប​បុរាណ​ដែល​ដូន​តា​បាន​បន្សល់​ទុក​។

«បើ​យើង​គិត​ត្រឹម​ជំនាន់​ព្រះ​ករុណា​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩០០​ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ហ្នឹងគឺ​ ថាទាំង​ខោអាវ​ ទាំង​អី​ហ្នឹង​វា​មាន​ការ​វិវឌ្ឍ​បន្តិច​ម្ដងៗ​។ ក៏​ប៉ុន្តែ​ ខ្ញុំ​ចង់​ជម្រាប​មួយ​ដែរ​ គឺ​ថា​ការ​សំខាន់បំផុត​ជា​ក្បាច់​បាត​ គឺ​ថា​ក្បាច់​បាត​យើង​បាន​នៅ​ថែ​រក្សា​ទម្រង់​ដដែល​ទាំង​អស់​។ កូន​ក្មេង​សិល្បករដែល​គ្នា​ស្រឡាញ់ចង់​មក​រាំរបាំ​ព្រះ​រាជ​ទ្រព្យ​ របាំ​បុរាណ​ហ្នឹង​ គឺ​ថា​មក​តាំង​ពី​តូច​។ អ៊ីចឹង​ត្រូវ​តែហាត់ក្បាច់​បាត​។ តាម​ការ​ពិសោធន៍របស់ខ្ញុំ​ បើ​សិនណា​ជា​យើង​ត្រូវ​ចេះក្បាច់​បាត​ហ្នឹង​គ្រប់គ្នា​ទាំងអស់​ ហើយ​ថែ​រក្សា​ឱ្យ​នៅ​គង់​វង្សកុំ​ឱ្យ​បាត់ក្បាច់​បាត​អី​ទាំង​អស់​ គឺ​ថា​យើង​នៅ​តែ​ខំ​ថែ​រក្សាឱ្យ​នៅគង់វង្ស១០០​ភាគ​រយគឺ​ថា​ form​ (ទម្រង់​) របស់​របាំព្រះ​រាជ​ទ្រព្យ​យើង​ហ្នឹង​នឹង​គង់វង្ស​នៅ​ដដែល​»

សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

របាំ​ព្រះ​រាជ​ទ្រព្យ​ដែល​ជា​ទម្រង់​របាំ​ស្ត្រី​នេះ​មាន​ក្បាច់​បាត​ធំ​៤​ គឺ​ក្បាច់​នាង​ ក្បាច់​នាយ​រោង​ ក្បាច់​យក្ស​និង​ក្បាច់​ស្វា​ រួម​ទាំង​សម្ដែង​អម​ជាមួយ​នឹង​ចម្រៀង​។ នេះ​បើ​តាម​លោក​ព្រឿង​ ឈៀង​ ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​និង​ វិចិត្រ​ សិល្បៈ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​ព្រះ​រាជ​ទ្រព្យ​។

លោក​ស្រី​ អាន​ ឡឺ​ម៉ែស្រ្ត​ (Anne​ Lemaistre​) តំណាង​អង្គការ​យូណេស្កូ​ (UNESCO​) ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ របាំ​ព្រះ​រាជ​ទ្រព្យ​គឺ​ជា​អត្ត​សញ្ញាណ​នៃ​វប្បធម៌​ខ្មែរ​ដែល​ត្រូវ​បាន​យក​មក​សម្ដែង​ប្រកប​ដោយ​បែប​ផែន​សិល្បៈ​ដ៏​ល្អ​ អស់​រយៈ​ពេល​លើស​ពី​១០០០​ឆ្នាំ​ ។

លោក​ស្រី​ អាន​ ឡឺម៉ែស្រ្ត​ បន្ដ​ថា​ ដោយ​សារ​តែ​វត្ត​មាន​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ របាំ​ព្រះ​រាជ​ទ្រព្យ​បាន​ប្រឈម​នឹង​ការ​បាត់​បង់​ ដែល​នេះ​គឺ​ជា​កាតព្វកិច្ច​របស់​អង្គការ​យូណេស្កូ​ក្នុង​ការ​ជួយ​ស្ដារ​កេរ្តិ៍​ឈ្មោះ​របាំ​ព្រះ​រាជ​ទ្រព្យ​។

លោក​ស្រី​មាន​ប្រសាសន៍​ថា​៖ «យើង​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​និង​ចែក​ចាយ​បន្តិច​បន្តួច​ទៅ​លើ​ការ​ងារ​នេះ​តាម​រយៈ​ការ​ចុះ​បញ្ជី​របាំ​ព្រះ​រាជ​ទ្រព្យ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​សម្បត្តិ​មនុស្ស​ជាតិ​នៅ​ឆ្នាំ​២០០៣​។ នៅ​ឆ្នាំ​២០០៨​ យើង​បាន​ចុះបញ្ជី​ឈ្មោះ​អ្នក​តំណាង​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​សម្បត្តិមនុស្ស​ជាតិ ដើម្បី​ជួយ​ឲ្យ​គេ​បាន​ស្គាល់​បន្ថែម​ និង​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សិល្បៈ​នេះ​។ យើង​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវមួយចំនួនយើង​ព្យាយាម​ជួយជ្រោមជ្រែងគ្រូ​ធំៗ​ ហើយ​យើង​ក៏​មាន​ជា​ខិត​ប័ណ្ណបោះ​ពុម្ភ​ផ្សាយដែលខ្ញុំ​មាន​មួយ​នៅ​ក្នុង​កាបូប​ដែរ​។ ហើយដែលសំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា​ដែរ​នោះ​ គឺ​យើងចង់ឱ្យ​ប្រជាជន​ខ្មែរ​និង​អ្នក​រស់​នៅ​ប្រទេសកម្ពុជាទាំង​អស់អាច​ទស្សនា​សិល្បៈ​ដ៏អស្ចារ្យមួយនេះ​»។

ការសម្ដែងរបាំព្រះរាជទ្រព្យ
ការសម្ដែងរបាំព្រះរាជទ្រព្យ

ទោះ​បី​ជា​របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ក៏​ដោយ​ លោក​ ព្រឿង​ ឈៀង​ ទី​ប្រឹក្សា​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​ មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ប្រែ​ក្លាយ​ទម្រង់​របាំ​ព្រះ​រាជ​ទ្រព្យ​ ដោយ​ហេតុ​ថា​មិន​មាន​គ្រូ​ជំនាញៗ​ច្រើន​នៅ​ចាំ​ជួយ​បង្ហាត់​បង្រៀន​សិស្ស​ជំនាន់​ក្រោយ​ដូច​មុន​។

«ក្នុង​ការ​ថែ​រក្សា​ត្រូវ​ការ​ធន​ធាន​មនុស្ស​ ហើយ​ធន​ធាន​មនុស្ស​គឺ​ចេញ​ពី​គ្រូ​។ តែ​គួរ​បារម្ភ​កាលយើងជំនាន់ក្រោយ​៧៩​ខ្មែរ​ក្រហម​ យើង​សល់​១០​ភាគ​រយ​ ហើយ​គាត់​ចាស់​ទ្រុឌ​ទ្រោម​។ ឥឡូវ​នេះ​គ្រូចាស់ៗគាត់អញ្ជើញទៅ​បណ្ដើរៗ​ ខ្ញុំ​ក៏​ឈាន​មក​ដល់​កន្លែង​គាត់​ដែរ​ហើយ​។ ចឹង​ការ​បណ្ដុះបណ្ដាលក្មេង​បាន​ច្រើន​មែន​ តែ​គុណ​ភាព​វា​នៅ​មាន​កម្រិតដោយ​សារ​របាំ​នេះបើ​កាល​ណាយើងនៅយូរ​ ហើយ​កាន់​តែ​ឆ្អិនឡើង​កាន់​តែច្បាស់ឡើង​ អ៊ីចឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​មួយ​»

លោក​ ព្រឿង​ ឈៀង​ បន្ថែម​ទៀត​ថា​ ដើម្បី​ឱ្យ​របាំ​ព្រះ​រាជ​ទ្រព្យ​នៅ​តែ​ស្ថិត​ស្ថេរ​គង់​វង្ស​ សាស្ត្រាចារ្យ​ទាំង​អស់​កំពុង​តែ​ធ្វើ​ការ​ចែក​រំលែក​ចំណេះ​ដឹង​នេះ​ទៅ​កាន់​សិស្ស​ជំនាន់​ក្រោយ​។ ទោះ​យ៉ាង​ណា​ លោក​ក៏​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​យុវជន​ខ្មែរ​ឱ្យ​បាន​ច្រើន​ផង​ដែរ​។

លោក​មាន​ប្រសាសន៍​ថា​៖ «សិល្បៈ​របាំ​ព្រះ​រាជ​ទ្រព្យ​ជា​ព្រលឹង​ជា​អត្តសញ្ញាណជាតិ​មួយ​ដែល​ដូនតា​យើង​បាន​បង្កើត​មក​។ យើងជាជនជាតិ​មួយ​ដែល​មាន​ជាតិ​ច្បាស់​លាស់​ មាន​អរិយធម៌​ វប្បធម៌​ មាន​ជា​ព្រលឹង​ជាតិ​។ ចឹង​ដែល​ពួកខ្ញុំ​នេះមាន​ភ័ព្វ​វាសនា​បាន​នៅ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​សម្ដែង​ក៏​ដូច​អ្នក​ថែ​រក្សា​ យើង​ខ្ញុំកំពុងតែ​បណ្ដុះ​ក្មេងៗជំនាន់ក្រោយ​។ ចឹង​ជា​ពិសេស​ដូច​ខ្ញុំ​កាល​ពី​មុន​ក្មេង​ ហើយ​គាត់​ចាស់​ ដល់ឥឡូវ​ខ្ញុំ​ចាស់​។ ចឹង​ខ្ញុំ​ផ្ដាំ​តទៅ​ទៀតដល់ប្អូន​ៗយុវជន​អ្នក​ដែល​ជា​កូន​ខ្មែរ​ ពាក្យ​ស្រឡាញ់​ជាតិមិនមែនចាំ​បាច់​រាំ​ទេ​ ឱ្យ​តែ​គាំទ្រ​លើក​ស្ទួយរបស់យើង​គឺ​បាន​ហើយ​»។

នៅ​ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ​នេះ របាំ​ព្រះរាជទ្រព្យ​នឹង​ត្រៀម​ខ្លួន​សម្ដែង​ជា​សាធារណៈ​ម្ដងទៀត ក្រោមប្រធានបទ «ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ» ដែល​មាន​ផ្ទាំងទស្សនីយភាព​៣ គឺរបាំ​ព្រះរាជទ្រព្យ​ជំនាន់​ព្រះករុណា​ព្រះស៊ីសុវត្ថិ ​ព្រះរាជា​នុកោដ្ឋ របាំ​ព្រះរាជទ្រព្យ​ជំនាន់​ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង​ល្ខោន​ខោល។ កម្មវិធី​នេះ​រៀបចំ​ដោយ​សម្តេច​ព្រះរាជបុត្រី​ព្រះរៀម​ នរោត្តម បុប្ផាទេវី អង្គការ​យូណេស្កូ សាស្ត្រាចារ្យ​របាំ​ព្រះរាជទ្រព្យ ស្ថាប័ន​ឯកជន​នានា រួមទាំង​មានការ​ឧបត្ថម្ភ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ៕

ចែករំលែកតាម៖