ធនាគារពិភពលោក៖ ការរៀបចំទីក្រុងអាចលើកកម្ពស់គុណភាពនៃជីវិតនិងឱកាសនៅភ្នំពេញ

ធនាគារពិភពលោក៖ ការរៀបចំទីក្រុងអាចលើកកម្ពស់គុណភាពនៃជីវិតនិងឱកាសនៅភ្នំពេញ

ទិដ្ឋភាពទីក្រុងភ្នំពេញ

ការ​សិក្សា​ថ្មី​មួយ​របស់​ធនាគារ​ពិភព​លោក​ (World​ Bank​) បាន​ឱ្យ​ដឹង​ថា​ ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​ផែនការ​ ការ​គ្រប់គ្រង​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​ទីក្រុង​ គឺ​ត្រូវ​ការ​ជា​ចាំបាច់​ ដើម្បី​ចៀសវាង​ការ​រីករាល​ដាល​នៃ​ភាព​គ្មាន​សណ្តាប់ធ្នាប់​ ការ​ស្ទះ​ចរាចរណ៍​ និង​ការ​បំពុល​ផ្សេងៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​នេះ​បាន​ឱ្យ​ដឹង​ថា​ យោង​តាម​ការ​សិក្សា​ស្តី​ពី​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជធានី​ភ្នំពេញ​ ការ​រីក​លូតលាស់​ដ៏​ឆាប់​រហ័ស​នៃ​ក្រុង​ភ្នំពេញ​ក្នុង​រយៈពេល​ ១០ឆ្នាំ​កន្លង​មក​នេះ​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​ឱកាស​ការងារ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។ របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ ការ​អភិវឌ្ឍ​ទីក្រុង​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ភាព​ប្រឈម​ជា​ច្រើន​ ក្នុង​ការ​ផ្តល់​ជា​សេវាកម្ម​ជា​មូលដ្ឋាន​ ដែល​រួម​មាន​ ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ​ ស្ថានីយ​កែច្នៃ​ទឹក​ស្អុយ​ សេវា​ដឹក​ជញ្ជូន​សាធារណៈ​ និង​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​។

របាយការណ៍​ដដែល​បន្ត​ថា​ ការ​គ្រប់គ្រង​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការ​រៀបចំ​ក្រុង​ ការ​ពង្រឹង​អភិបាលកិច្ច​ និង​ការ​ផ្តល់​សេវាកម្ម​ ក៏​ជួប​បញ្ហា​ប្រឈម​ដែរ​។ ទោះ​បី​ជា​មាន​ដំណើរ​ការ​រៀបចំ​ក្រុង​ដែល​មាន​ស្រាប់​ក៏​ដោយ​ ក៏​ការ​ផ្តល់​ហិរញ្ញប្បទាន​និង​សមត្ថភាព​បច្ចេកទេស​ ជា​ញឹកញាប់​បង្ក​នូវ​ឧបសគ្គ​ជាច្រើន​ដល់​ផែនការ​អភិវឌ្ឍ​ទីក្រុង​ ទីតាំង​ និង​ផែនការ​ប្រើប្រាស់​ដី​ ជា​ពិសេស​នៅ​ថ្នាក់​ខណ្ឌ​និង​សង្កាត់​។

លោកស្រី​ អ៊ីហ្គូណា​ ដូប្រាចា​ (Inguna​ Dobraja​) នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចំា​កម្ពុជា​ ត្រូវ​បាន​ដកស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «រាជធានីភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​កែខៃ​ទីក្រុង​ជាវិជ្ជមាន​មួយ​សម្រាប់​អនាគត​របស់​ខ្លួន​ ការ​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ និង​ការ​បង្ក​លទ្ធភាព​ឱ្យ​មាន​សេវាកម្ម​កាន់តែ​ប្រសើរ​ជាង​មុន​។ ការ​អភិវឌ្ឍ​ទីក្រុង​ដែល​មាន​ការ​គ្រប់គ្រង​និង​រៀបចំ​ផែនការ​បាន​ល្អ​ អាច​ជួយ​ធ្វើឱ្យ​ទីក្រុង​មាន​ភាព​ល្បីល្បាញ​ក្នុង​ការ​ធានា​ឱ្យ​មាន​ស្តង់ដារ​រស់នៅ​ប្រសើរ​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ​»

របាយការណ៍​នេះ​បាន​ផ្តល់​នូវ​អនុសាសន៍​ជា​ច្រើន​ ដើម្បី​ធ្វើឱ្យ​ការ​រីក​លូតលាស់​នៅ​ក្នុង​ទីក្រុង​កាន់​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ កាន់​តែ​មាន​និរន្តរភាព​ និង​កាន់​តែ​គ្រប​ដណ្តប់​ទូលំ​ទូលាយ​លើ​វិស័យ​សំខាន់ៗ​ចំនួន​បួន​។ ទីមួយ​ គឺ​ត្រូវ​កែ​លម្អ​ស្ថាប័ន​និង​អភិបាលកិច្ច​ ដើម្បី​ឱ្យ​ទីក្រុង​អាច​អភិវឌ្ឍ​ទៅ​បាន​ប្រកប​ដោយ​ភាព​សុខដុម​និង​មាន​ប្រសិទ្ធិភាព​ជាង​មុន​។ ទីពីរ​ គឺ​ត្រូវ​កែលម្អ​ផែនការ​រៀបចំ​ទីក្រុង​និង​ការ​អនុវត្ត​ផែនការ​ តាមរយៈ​ការ​បង្កើត​បទដ្ឋាន​គតិយុទ្ធ​ ក្របខ័ណ្ឌ​ច្បាប់​ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មាន​ស្រាប់​។ ទីបី​ គឺ​ត្រូវ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​ដែល​ប្រកប​ដោយ​និរន្តរភាព​ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​និង​ភាព​ប្រកួត​ប្រជែង​។ ទីបួន​ គឺ​ត្រូវ​ធានា​ថា​ ការ​រៀបចំ​ទីក្រុង​ត្រូវ​គិតគូរ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ចៀសវាង​កុំឱ្យ​មាន​វិសមភាព​។

លោកស្រី​ ជូឌី​ បេគ័រ​ (Judy​ Baker​) ប្រធាន​សេដ្ឋកិច្ច​វិទូ​របស់​ធនាគារ​ពិភពលោក​ ដែល​ជា​អ្នក​និពន្ធ​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​ជា​ច្រើន​នៃ​របាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​សម្ដី​ថា​៖ «ទីក្រុង​ទាំងឡាយ​ដែល​មាន​ផែនការ​ល្អ​ ធ្វើឱ្យ​គេ​អាច​គ្រប់គ្រង​បាន​ល្អ​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សង្គម​ផ្នែក​នគររូបនីយកម្ម​និង​អាច​បង្កើត​បានជា​ទីកន្លែង​ដែល​មាន​លក្ខណៈ​រស់រវើក​ អាច​រស់នៅ​បាន​ និង​មាន​ទីធ្លា​ប្រសើរ​។ ផែនការ​នេះ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ​ ក៏​ប៉ុន្តែ​វា​នឹង​ជា​ដំណើរការ​មួយ​ដែល​មាន​រយៈពេល​វែង​ ទាមទារ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ និង​វិស័យ​ឯកជន​»៕

ចែករំលែកតាម៖