គុណភាពបណ្ណាល័យជាចំណុចគន្លឹះសំខាន់មួយលើកកម្ពស់ការអាននៅកម្ពុជា

គុណភាពបណ្ណាល័យជាចំណុចគន្លឹះសំខាន់មួយលើកកម្ពស់ការអាននៅកម្ពុជា

ពលរដ្ឋ​ បុគ្គលិក​រដ្ឋ​ សង្គម​ស៊ីវិល​ ពិសេស​យុវជន​ ចូល​រួម​យ៉ាង​កក​កុញ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៌​សៀវភៅ​លើក​ទី​៦​ ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៧​។ យោង​តាម​អ្នក​រៀប​ចំ​កម្មវិធី​ ពិព័រណ៍​ដែល​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​នៅ​បណ្ណាល័យ​ជាតិ​នេះ​ ទាក់​ទាញ​អ្នក​ចូល​រួម​បាន​សរុប​ជាង​៥​ម៉ឺន​នាក់​។

លោក​ហុក​ សុទ្ធិ​ នាយក​អង្គការ​ស៊ីប៉ា​និង​ជា​ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា​ គឺ​ជា​សហ​ស្ថាបនិក​រៀប​ចំ​កម្មវិធី​ពិព័រណ៌​សៀវ​ភៅ​នេះ​ឡើង​សហការ​ជាមួយ​បណ្ណាល័យ​ជាតិ​។ លោក​ឱ្យ​ដឹង​ថា​ ពិព័រណ៌​សៀវភៅ​ត្រូវ​បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ឆ្នាំ​នេះ​ជា​លើក​ទី៦​។ លោក​សង្កេត​ឃើញ​ថា​ ឆ្នាំ​នេះ​មាន​ការ​គាំទ្រ​ខ្លាំង​ ទាំង​ចំនួន​ស្តង់​ សកម្មភាព​នៅ​ក្នុង​កម្មវិធី​ ក៏​ដូចជា​ចំនួន​នៃ​អ្នក​ចូល​រួម​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ​។

លោក​ហុក​ សុទ្ធិ​ មាន​ប្រសាសន៍​ថា​៖“គឺ​យើង​ឃើញ​ថា​ មាន​មនុស្ស​ចូល​រួម​ច្រើន​ខុស​ពី​ធម្មតា​ ខុស​ពី​ឆ្នាំ​មុនៗ​ច្រើន​ ហើយ​ក្រៅ​ពី​នេះ​ យើង​ឃើញ​ថា​ ការ​រៀបចំ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ទាំង​ផ្នែក​ផា​សុកភាព​ ទាំង​ដំបូល​ ទាំង​កង្ហារ​ ទាំង​របៀប​រៀបចំ​ស្តង់​អី​ ឃើញ​បាន​ប្រសើរ​ជាង​មុន​”

នៅ​ក្នុង​ពិព័រណ៌​សៀវភៅ​មិន​មែន​មាន​តែ​ការ​ដាក់​តាំង​បង្ហាញ​សៀវភៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​មាន​ការ​ដាក់​លក់​សៀវភៅ​ជា​ច្រើន​ ដែល​មាន​ទាំង​អ្នក​និពន្ធ​ខ្មែរ​និង​បរទេស​ កម្មវិធី​អាន​សៀវ​ភៅ​ កម្មវិធី​នាំ​កុមារ​អាន​សៀវភៅ​និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ និង​សំណួរ​ចម្លើយ​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ពិព័រណ៌​សៀវភៅ​លើក​ទី​៦​នេះ​ក៏​មាន​ការ​រៀបចំ​កម្មវិធី​មហោ​ស្រព​បណ្ណាល័យ​ លើក​ទី​១​ផង​ដែរ​។

ការបើកកម្មវិធីពិព័រណ៌សៀវភៅ
ការបើកកម្មវិធីពិព័រណ៌សៀវភៅកម្ពុជាលើកទី៦ ក្រោមប្រធានបទ «អានច្រើន បង្កើនឱកាស»

មហោ​ស្រព​បណ្ណាល័យ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​អាន​ តាម​រយៈ​ការ​បង្ហាញ​អំពី​សក្តា​នុពល​នៃ​សេវាកម្ម​របស់​បណ្ណាល័យ​ ក្នុង​ការ​ជំរុញ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ​រឹត​តែ​ប្រសើរ​ឡើង​ តាម​រយៈ​នៃ​ការ​អាន​និង​សិក្សា​ស្រាវ​ជ្រាវ​នៅ​បណ្ណាល័យ​។

សហ​ស្ថាបនិក​បណ្ណាល័យ​បញ្ញវ័ន្ត​និង​ជា​អ្នក​រៀប​ចំ​មហោ​ស្រព​បណ្ណាល័យ​លើក​ទី​១​ នៅ​កម្ពុជា​ លោក​ សុខ​ ឡាក់​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា​ បណ្ណាល័យ​ចំនួន​១០​ ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​សហការ​រៀប​ចំ​មហោស្រព​បណ្ណាល័យ​លើក​ដំបូង​នេះ​ឡើង​។

លោក​បន្ត​ថា​ មហោស្រព​បណ្ណាល័យ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ជា​សម្ភារ​មួយ​ចំនួន​ ពី​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​ ហើយ​ក្រុម​ការងារ​ក៏​កំពុង​រង់ចាំ​មើល​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​សាធារណជន​ តាម​រយៈ​ការ​រៀប​ចំ​សកម្មភាព​រួម​មួយ​ចំនួន​នៃ​មហោស្រព​បណ្ណាល័យ​ផង​ដែរ​។

លោក​សុខ​ ឡាក់​ បន្ថែម​ថា​៖ «ហើយ​ក្រៅ​ពី​ហ្នឹង​ ក៏​យើង​មាន​កម្មវិធី​រួម​ផង​ដែរ​ ដូច​ជា​កម្មវិធី​ដោះ​ដូរ​សៀវភៅ​ កម្មវិធី​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​ការ​អាន​ ទាក់​ទង​បណ្ណាល័យ​ ហើយ​ក៏​ដូច​ជា​តួនាទី​បណ្ណាល័យ​ក្នុង​ការ​អភិវឌ្ឍន៍​។ ពិសេស​ចំពោះ​របៀប​វីរៈ​នៃ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ឆ្នាំ​២០៣០​»។

លោក​សុខ​ ឡាក់​ បញ្ជាក់​ក្រោយ​ចប់​កម្មវិធី​មហោស្រព​បណ្ណាល័យ​នេះ​ថា​ សកម្មភាព​ទាំង​អស់​ទទួល​បាន​ការ​គាំទ្រ​ ពិសេស​កម្មវិធី​ផ្លាស់​ប្តូរ​សៀវភៅ​ ដែល​ការ​ត្រៀម​ប្រមាណ​ជា​៥០​ក្បាល​ ប៉ុន្តែ​ជាក់​ស្តែង​ការ​ប្តូរ​មាន​ការ​កើន​ឡើង​រហូត​ដល់​ទៅ​ជិត​៤០០​ក្បាល​។

កំពុង​តែ​សម្លឹង​មើល​សៀវភៅ​ដែល​ចង់​បាន​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​សៀវភៅ​របស់​មហោស្រព​បណ្ណាល័យ​ ដែល​គិត​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​អាច​បាន​សៀវ​ភៅ​ និស្សិត​មួយ​រូប​គឺ​ កញ្ញា​ តី​ សិលា​ បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រៀប​ចំ​កម្មវិធី​ផ្លាស់​ប្តូរ​សៀវភៅ​នេះ​ឡើង​។ មិន​ត្រឹម​តែ​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​នេះ​នោះ​ទេ​ យុវតី​ដែល​ជា​អ្នក​និយម​អាន​សៀវភៅ​រូប​នេះ​ ក៏​ទទូច​ទាម​ទារ​ឱ្យ​មាន​ការ​រៀបចំ​កម្មវិធី​ល្អៗ​បែប​នេះ​ នៅ​ក្នុង​ឱកាស​ពិព័រណ៌​ឬ​មហោស្រព​ផ្សេងៗ​ទៀត​។

សម្រាប់​កញ្ញា​ ការ​ប្តូរ​សៀវភៅ​នេះ​ជា​វប្បធម៌​នៃ​ការ​ចែក​រំលែក​ដ៏​ល្អ​មួយ​ ហើយ​កម្មវិធី​នេះ​ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ដែល​បំនិន​នៃ​ការ​អាន​។

កញ្ញា​ តី​ សិលា​ បន្ថែម​ថា​៖«ពី​មុន​អត់​មាន​ការ​ផ្លាស់​ប្តូរ​សៀវភៅ​ទេ​ តែ​ឆ្នាំ​នេះ​មាន​។ អ៊ីចឹង​ហើយ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ Surprise​ (ភ្ញាក់ផ្អើល​) ថា​ហេតុអី​បាន​ជា​ខ្ញុំ​អត់​យក​សៀវភៅ​ចាស់​មកដូរ​។ នៅ​ពេល​នេះ​ ដែល​ខ្ញុំ​ទិញ​សៀវភៅ​ថ្មីៗ​ គឺ​សៀវភៅ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ដូច​គ្នា​ ប៉ុន្តែ​គឺ​ខ្ញុំ​ចាប់​អារម្មណ៍​ខាង​នេះ​ខ្លាំង​ជាង​ (សៀវ​ភៅ​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​សៀវ​ភៅ​)។ ហេតុអី​? ព្រោះ​យើង​អាច​ទទួល​បាន​គំនិត​ថ្មីៗ​។ នៅ​ពេល​យើង​ទៅ​ខាង​នោះ​ យើង​គិត​ថា​ សៀវ​ភៅ​ហ្នឹង​យើង​អាច​ទិញ​បាន​ទៀត​ តែ​សៀវ​ភៅ​នៅ​ខាង​នេះ​ យើង​អត់​អាច​ទិញ​បាន​ទេ​ ព្រោះ​អី​យើង​អត់​ដឹង​ថា​ទិញ​នៅ​កន្លែង​ណា​។ អ៊ីចឹង​យើង​អាច​ដូរ​បាន​ភ្លាម​ៗ។ អ៊ីចឹង​បាន​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​ហើយ​»។

លោក​ហុក​ សុទ្ធិ​ នាយក​អង្គការ​ស៊ីប៉ា​និង​ជា​ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា
លោក​ហុក​ សុទ្ធិ​ នាយក​អង្គការ​ស៊ីប៉ា​និង​ជា​ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា

ក្នុង​ទិវា​ជាតិ​អំណាន​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ អង្គការ​ទស្សនៈ​ពិភពលោក​បាន​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ស្តី​ពី​ការ​អាន​។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ សិស្ស​ជា​ច្រើន​ចង់​បាន​សៀវភៅ​អាន​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ និង​បរិយាកាស​អាន​ល្អ​ប្រសើរ​ឡើង​នៅ​ក្នុង​បណ្ណាល័យ​។

នៅ​ក្នុង​ទិវា​អំណាន​ដដែល​នោះ​ លោក​ស្រី​បណ្ឌិត​ ជីល​ រេម័រ​ ប្រធាន​បច្ចេកទេស​ផ្នែក​អប់រំ​និង​បំណិន​ជីវិត​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ជា​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​សារៈ​សំខាន់​នៃ​ការ​អាន​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ​ ក៏​នៅ​មាន​កិច្ច​ការងារ​ជា​ច្រើន​ទៀត​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ ដើម្បី​ជំរុញ​ឱ្យ​មាន​វប្បធម៌​អាន​ពិត​មួយ​។

រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​ស្រី​ ភឿង​ សកុណា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា​ បច្ចុប្បន្ន​សៀវ​ភៅ​មាន​ច្រើន​ ហើយ​ការ​អាន​ក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ​។ លោក​ស្រី​បន្ត​ថា​ ប៉ុន្តែ​ដើម្បី​ឱ្យ​វប្បធម៌​នៃ​ការ​អាន​ក្លាយ​ជា​ទម្លាប់​របស់​យុវជន​កម្ពុជា​ ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​ចូល​រួម​ពង្រឹង​បន្ថែម​ ដូច​ជា​តួ​នាទី​បណ្ណាល័យ​ ឪពុក​ម្តាយ​អាណា​ព្យាបាល​កុមារ​តូច​ៗ សុទ្ធ​តែ​ដើរ​តួ​សំខាន់​ក្នុង​ការ​បណ្តុះ​វប្បធម៌​នៃ​ការ​អាន​ឱ្យ​រីក​ចម្រើន​ជា​លំដាប់​។

លោក​ស្រី​បញ្ជាក់​ថា​៖ «អ៊ី​ចឹង​បាន​ជា​ក្រសួង​វប្បធម៌​ក្តី​ ក្រសួង​អប់រំ​ក្តី​ ក្រសួង​ព័ត៌មាន​ធ្វើ​ការ​រួម​គ្នា​...យើង​ក៏​ចង់​ឱ្យ​ក្រុម​គ្រួសារ​ចូល​រួម​ឱ្យ​បាន​ច្រើន​បំផុត​។ បើ​សិន​ជា​ឪពុក​ម្តាយ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​កូន​ដែរ​។ បើ​សិន​ជា​មិន​ទម្លាប់​ឱ្យ​កូន​អាន​តាំង​ពី​ក្មេង​ទេ​ ធំ​ឡើង​គាត់​មាន​ការ​លំបាក​។ ទម្រាំ​តែ​ស្គាល់​ សៀវ​ភៅ​ឥឡូវ​មិន​ខ្វះ​ទេ​ប្អូន​ បើ​តាម​ខ្ញុំ​ដឹង​។ ហើយ​ព័ត៌មាន​នានា​ដែល​មាន​នៅ​ក្នុង​តាម​បណ្តាញ​អាឡិច​ត្រូនិក​ ដូច​ជា​នៅ​ក្នុង​ Smart​ Phone​ (ទូរសព្ទដៃ​)។ មាន​ទាំង​ពី​ប្រជុំ​រឿង​ព្រេង​ក៏​មាន​នៅ​ក្នុង​នោះ​ដែរ​ ច្បាប់​ក្រម​ង៉ុយ​អី​ ខ្ញុំ​មើល​នៅ​ក្នុង​ Smart​ Phone​ (ទូរសព្ទ​ដៃ​)តើ​។ ដូច្នេះ​ ចំណេះ​ដឹង​មាន​នៅ​គ្រប់​កន្លែង​ សំខាន់​យើង​ទៅ​រក​កន្លែង​ណា​ ហើយ​យើង​ទម្លាប់​នៅ​ក្នុង​ការ​អាន​យើង​ប៉ុណ្ណា​»។

ការ​សិក្សា​មួយ​របស់​អង្គការ​ រូម​ ធូ​ រីដ​ (Room​ to​ Read​) ដែល​ជា​អង្គការ​ធ្វើ​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​រក​ឃើញ​ថា​ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ប្រជាជន​កម្ពុជា​ម្នាក់​ អាន​សៀវ​ភៅ​ចំនួន​១​ក្បាល​កន្លះ​ប៉ុណ្ណោះ​។

កម្មវិធី​មហោស្រព​បណ្ណាល័យ​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៧​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ឆ័ត្រ​នៃ​ពិព័រណ៌​សៀវភៅ​។ ប៉ុន្តែ​បើ​តាម​លោក​ ហុក​ សុទ្ធិ​ ក៏​ដូច​ជា​លោក​សុខ​ ឡាក់​ បញ្ជាក់​ថា​ ទៅ​ថ្ងៃ​អនាគត​ ស្ថាបនិក​មហោស្រព​បណ្ណាល័យ​ទាំង​អស់​គ្រោង​រៀប​ចំ​កម្មវិធី​មហោស្រព​បណ្ណាល័យ​ដាច់​ដោយ​ឡែក​ ដើម្បី​បង្កើត​សកម្មភាព​ជា​ច្រើន​ ក្នុង​ការ​លើក​កម្ពស់​ការ​អាន​នៅ​កម្ពុជា​៕

ចែករំលែកតាម៖