សិល្បករល្ខោនបាសាក់ដង្ហោយ​រក​ការគាំទ្រ

សិល្បករល្ខោនបាសាក់ដង្ហោយ​រក​ការគាំទ្រ

តួយក្ខិណីនៃក្រុមសិល្បៈមហាជន
តួយក្ខិណីនៃក្រុមសិល្បៈមហាជន

ល្ខោន​បាសាក់​ជា​ល្ខោន​បែប​ទំនើប​មួយ​ដែល​ផ្ដោត​លើ​ទេព​កោសល្យ​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ឆ្លើយ​ឆ្លង​ផ្ដោះ​ផ្ដង​គ្នា​ ការ​ច្រៀង​រាំ​ និង​ការ​ប្រើ​ប្រាស់​ទេព្យ​កោសល្យ​នៅ​ពេល​សម្តែង​។ ល្ខោន​បាសាក់​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ទម្រង់​សិល្បៈ​១​ ក្នុង​ចំណោម​២៤​ទម្រង់​នៃ​សិល្បៈ​ល្ខោន​របស់​ខ្មែរ​។

តាម​ប្រភព​ឯកសារ​ស្រាវ​ជ្រាវ​វប្បធម៌ ​ល្ខោន​បាសាក់​នេះ​​ប្រភព​មក​ពី​តំបន់​កម្ពុជា​ក្រោម​ដោយ​គេ​ស្គាល់​ថា​ «ល្ខោន​ទ្រឿង​ឃ្លោក​»។ វា​បាន​ចាប់​ផ្តើម​ល្បី​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​អំឡុង​ឆ្នាំ​១៩៣០​។

ល្ខោន​បាសាក់​ដែល​ជា​សម្បត្តិ​វប្ប​ធម៌​ខែ្មរ​នេះ​​ធ្លាប់​​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​និង​ជា​ទស្ស​នីយ​ភាព​ចំណី​អារម្មណ៍​របស់​មហា​ជន​ចូលចិត្ត​ទស្សនា​ នៅ​តាម​ទីជន​បទ​នានា ក្នុង​ឱកាស​បុណ្យ​ទាន​។ ក៏ប៉ុន្តែ​​នៅ​សម័យ​បច្ចុប្បន្ន​នេះ​ ល្ខោន​បាសាក់​កំពុង​តែ​ឆ្ពោះ​ទៅរក​ភាព​សាប​រលាប​ គឺ​ខ្សត់​ទាំងអ្នក​ទស្សនា​ និង​​អ្នក​ហាត់​សម្តែង​បន្ត ​ព្រោះ​តែ​កង្វះ​ការ​អភិរក្ស​ ផ្សព្វ​ផ្សាយ និង​ការ​លើក​ទឹក​ចិត្ត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សិល្បករ​ផ្នែក​ល្ខោន​បាសាក់​។

ប្រធាន​ក្រុម​សិល្បៈ​មហាជន​វង់​ទី១​ល្ខោន​បាសាក់​ រាជ​ធានី​ភ្នំពេញ​ លោក​ អុល​ សំអាង​ មាន​ប្រសាសន៍​ថា​ ទស្សនីយ​ភាព​ល្ខោន​បាសាក់​គឺ​ជាទី​ពេញ​និយម​សម្រាប់​ស្រទាប់​មហាជន​ខ្មែរ​ពី​សម័យ​មុន​។ ក៏​ប៉ុន្តែ​មក​ដល់​សម័យ​ដ៏​ទំនើប​ដូច​បច្ចុប្បន្ន​ ទម្រង់​សិល្បៈ​មួយ​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ ខណៈ​ពេល​ដែល​មាន​ការ​វិវឌ្ឍ​នៃ​យុគ​សម័យ​បច្ចេក​វិទ្យា​កាន់​តែ​រីក​ចម្រើន​។

លោក​មាន​ប្រសាសន៍​ថា​«មុន​ការ​វិវឌ្ឍ​នៃ​យុគ​សម័យ​បច្ចេកវិទ្យា​យើង​ឃើញ​ថា​ សិល្បៈ​មាន​ការ​រីក​ចម្រើន​បែប​សម័យ​មួយ​ គឺ​ប្រជា​ពលរដ្ឋ​ដូច​កាល​សម័យ​១០ឆ្នាំ​២០ឆ្នាំ​មុន​ ដោយ​សារ​កម្រិត​ជីវភាព​ប្រជា​ពលរដ្ឋ​នៅ​មាន​កម្រិត​ ការងារ​មិន​ទាន់​សម្បូរ​។ ចឹង​ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ​និង​ប្រកប​ការងារ​ផ្សេងៗ​ គឺ​ចូល​ចិត្ត​មើល​ល្ខោន​ មាន​បរ​រទេះ​គោ​ ច្រូត​កាត់​ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​។ ចឹង​អ្នក​មើល​ល្ខោន​និយម​មើល​ច្រើន​ ក៏​ប៉ុន្តែ​ដោយ​សារ​បច្ចេក​វិទ្យា​ចូល​មក​ សង្គម​ហ្វេសប៊ុក​ ដូច​ជា​បច្ចេក​វិទ្យា​ទំនើបៗ​ ទូរទស្សន៍​ យូធូប​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កើត​ច្រើន​បែរ​ជា​ ការ​ទស្សនា​ទស្សនីយ​ភាព​ខ្មែរ​បែរ​ជា​ថយ​ចុះ​»

ក្រុមល្ខោនបាសាក់សិល្បៈមហាជន
ក្រុមល្ខោនបាសាក់សិល្បៈមហាជន

បច្ចុប្បន្ន​មាន​ស្ថានីយ​ទូរទស្សន៍​តិច​ណាស់​នៅ​កម្ពុជា​ដែល​ចាក់​ផ្សាយ​ទស្សនីយ​ភាព​ល្ខោន​បាសាក់​ ហើយ​បើ​តាម​បណ្តាញ​សង្គម​វិញ​ បើ​ទោះ​បី​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​ តែ​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​មួយ​នេះ​និង​ទម្រង់​សិល្បៈ​បុរាណ​មួយ​ចំនួន​ទៀត​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​ពី​សំណាក់​ សិល្បករ​សិល្ប​ការិនី​ ផ្នែក​ល្ខោន​បាសាក់​។

ទោះ​បី​ជា​ ប្រជាប្រិយ​ភាព​របស់​ល្ខោន​បាសាក់​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ក៏​ដោយ​ សិល្បករ​មួយ​ចំនួន​នៅ​តែ​តស៊ូ​បន្ត​អាជីព​ក្នុង​រង្វង់​សិល្បៈ​បុរាណ​មួយ​នេះ​។ តារា​កំប្លែង​ក្នុង​វង់​ល្ខោន​បាសាក់​ នាយ​ខ្យង​រៀប​រាប់​ថា​ មូល​ហេតុ​ដែល​លោក​ចូល​រួម​ជា​តួ​សម្ដែង​ក្នុង​ល្ខោន​បាសាក់​នេះ​ ព្រោះ​លោក​ចង់​ឱ្យ​មាន​អ្នក​ស្គាល់​ល្ខោន​នេះ​ឱ្យ​បាន​កាន់​តែ​ច្រើន​។

លោក​ថ្លែង​ថា​៖ «ដោយ​សារ​តែ​ខ្ញុំ​ស្រឡាញ់​មរតក​វប្បធម៌​ខ្មែរ​ តាំង​ពី​អាយុ​១៥ឆ្នាំ​ម្ល៉េះ​ ខ្ញុំ​ព្យាយាម​ស្រឡាញ់​ហើយ​ខិត​ខំ​ តស៊ូ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ ដើម្បី​ឈាន​យក​វប្បធម៌​ខ្មែរ​យើង​ឱ្យ​ខ្ពង់​ខ្ពស់​ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ឬ​យុវជន​យុវនារី​ឱ្យ​ដឹង​ពី​តម្លៃ​គុណភាព​សិល្បៈ​វប្បធម៌​ដូនតា​យើង​»។

សិល្បករ​ល្ខោន​បាសាក់​ម្នាក់​ទៀត​ អ្នក​ស្រី​ អ៊ុត​ ធារ៉ា​ មក​ពី​ខេត្ត​កំពង់ធំ​ លើក​ឡើង​ដែរ​ថា​ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​អ្នក​ស្រី​បាន​ចេញ​សម្តែង​ចាប់​ពី​៣០​ទៅ​៤០​ដង​ ដោយ​ក្នុង​ម្ដង​អាច​រក​ចំណូល​បាន​ចាប់​ពី​១០ម៉ឺន​ ទៅ​១៥ម៉ឺន​រៀល​។ អ្នក​ស្រី​យល់​ថា​ ចំនួន​នេះ​ហាក់​នៅ​តិច​តួច​នៅ​ឡើយ​ ដែល​ទាម​ទារ​ឱ្យ​សារធារណជន​បង្កើន​ការ​គាំទ្រ​។

អ្នក​ស្រី​បន្ត​ថា​«ខ្ញុំ​សូម​សំណូមពរ​ឱ្យ​បង​ប្អូន​ទាំង​អស់​ សូម​ជួយ​លើក​ស្ទួយ​ក្រុម​សិល្បៈ​ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ដើម្បី​រក្សា​កេរ្តិ៍​តំណែល​សិល្បៈ​ខ្មែរ​»

ចំណែក​សិល្បករ​ល្ខោន​បាសាក់​ម្នាក់​ទៀត​ដែល​តែង​សម្តែង​ជា​តួ​យក្ស​ លោក​ ព្រំ​ រដ្ឋា​ មក​ពី​ខេត្ត​កំពង់ចាម​ជំរុញ​ឱ្យ​យុវជន​ស្វែង​យល់​ពី​ល្ខោន​បាសាក់​និង​ជួយ​គាំទ្រ​ទម្រង់​សិល្បៈ​មួយ​នេះ​។

លោក​បន្ត​ថា​«ចំណែក​ឯ​រូប​ខ្ញុំ​ជា​យុវជន​ម្នាក់​គ្រាន់​តែ​ចង់​ឱ្យ​ប្អូនៗ​ ហើយ​ក៏​សូម​លើក​ដៃ​ឱ្យ​ប្អូនៗ​ទាំងអស់​ជួយ​គាំទ្រ​ វិស័យ​សិល្បៈ​ល្ខោន​បាសាក់​ មិន​ថា​តែ​ល្ខោន​បាសាក់​ទេ​ ល្ខោន​ខោល​ ល្ខោន​យីកេ​និយាយ​ជា​ច្រើន​ សូម​ឱ្យ​ប្អូនៗ​យល់​ពី​តម្លៃ​ល្ខោន​បាសាក់​ឱ្យ​បាន​ច្រើន​ សូម​ជួយ​លើក​ស្ទួយ​វិស័យ​ល្ខោន​បាសាក់​ដែល​ជា​ស្នារដៃ​បុព្វបុរស​ខ្មែរ​ និង​ដូនតា​យើង​»

បច្ចុប្បន្ន​ក្រុម​ល្ខោន​បាសាក់​នៅ​ប្រទេស​កម្ពុជា​មាន​ជិត​១០០ក្រុម​ ក៏​ប៉ុន្តែ​សិល្បករ​ល្ខោន​បាសាក់​ ភាគ​ច្រើន​មាន​ជីវភាព​មិន​សូវ​ធូរធារ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​ក្រុម​សិល្បៈ​មហាជន​វង្ស​ទី១​ល្ខោន​បាសាក់​ រាជធានី​ភ្នំពេញ​ លោក​ អុល​ សំអាង​។

ប្រធាន​ក្រុម​សិល្បៈ​ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ឆ្នើម​ថ្នាក់​ភូមិភាគនិង​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​-២០១៤​ រូប​នេះ​ ឱ្យ​បន្ថែម​ទៀត​ថា​ តម្លៃ​ដែល​ទទួល​បាន​ពី​ការ​សម្តែង​ចាប់​១៨០០​ដុល្លារ​ ទៅ​២០០០​ដុល្លារ​ក្នុង​មួយ​ក្រុម​ ហើយ​តម្លៃ​នេះ​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​និង​ទី​កន្លែង​ជិត​ឬ​ឆ្ងាយ​។ តម្លៃ​នេះ​ធ្វើ​ឱ្យ​ក្រុម​សិល្បៈ​ល្ខោន​បាសាក់​ទទួល​បាន​ប្រាក់​កម្រៃ​តិច​តួច​បំផុត​ ដែល​សឹង​តែ​មិន​អាច​រ៉ាប់រង​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ ដឹក​សម្ភារ​រៀប​ឆាក​ អាហារ​ និង​ផ្គត់​ផ្គង់​សមាជិក​ក្រុម​ដែល​មាន​ចំនួន​ច្រើន​នាក់​ផង​ ព្រោះ​សាច់​រឿង​ល្ខោន​ខ្លះ​ ត្រូវ​ការ​សមាជិក​សម្តែង​ចន្លោះ​ពី​៤០​ទៅ​៧០​នាក់​ឯណោះ​។

ការសម្ដែងរបស់ក្រុមល្ខោនបាសាក់សិល្បៈមហាជន
ការសម្ដែងរបស់ក្រុមល្ខោនបាសាក់សិល្បៈមហាជន

អ្នក​ស្រី​ តូច​ វ៉េង​ ពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ​ រំឭក​ពី​អនុស្សាវរីយ​ចំពោះ​សិល្បៈ​ល្ខោន​បាសាក់​ ក្រោយ​ពី​បាន​ទស្សនា​ការ​សម្ដែង​ល្ខោន​បាសាក់​កាល​ពី​ដើម​ខែ​ធ្នុ ឆ្នាំ​២០១៧​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដូច្នេះ​ថា​«ខ្ញុំ​ធ្លាប់​បាន​ទៅ​មើល​ល្ខោន​បាសាក់​កាល​ពី​ក្មេង​ ជាមួយ​បង​ប្អូន​ ក្រុម​គ្រួសារ​ ហើយ​កាល​ណោះ​ ពេល​ទៅ​មើល​គឺ​មាន​ខ្នើយ​មាន​កន្ទេល​យក​ទៅ​ក្រាល​អង្គុយ​មើល​ជុំ​គ្នា​។ មាន​អី​ល្អ​មើល​តើ​ មើល​ទៅ​រឿង​ណា​កំសត់​ទៅ​ ស្រក់​ទឹកភ្នែក​ យំ​ទៅ​»

យុវតី​ គីម​ ហេង​ និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លើក​ឡើង​ថា​ កញ្ញា​ពុំ​សូវ​ឃើញ​មាន​ការ​សម្ដែង​ល្ខោន​បាសាក់​នេះ​នៅ​ក្នុង​ទីក្រុង​នោះ​ទេ​។ យុវតី​រូប​នេះ​ ចង់​ឃើញ​ស្ថាប័ន​ពាក់​ព័ន្ធ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​បង្កើត​គោល​នយោបាយ​វប្បធម៌​ និង​ការ​អនុវត្ត​ ក្នុង​ការ​ផ្តល់​លទ្ធភាព​ដល់​សិល្បករ​ ដើម្បី​អាច​បន្ត​ការ​ថែ​រក្សា​ និង​កែ​ច្នៃ​សិល្បៈ​បុរាណ​របស់​ខ្មែរ​មួយ​នេះ​ ឱ្យ​គង់​វង្ស​សម្រាប់​យុវជន​ក្មេងៗ​ជំនាន់​ក្រោយ​ ស្រព​ពេល​យុគ​សម័យ​បច្ចេក​វិទ្យា​កំពុង​តែ​រីក​ចម្រើន​។

យុវតី​រូប​នេះ​ថា​៖ «សិល្បៈ​ល្ខោន​បាសាក់​ គឺ​ជា​សិល្បៈ​ប្រភេទ​មួយ​ ដែល​យើង​យក​ទៅ​សម្តែង​នៅ​ឯ​តាម​ខេត្ត​ ដល់​ពេល​ចឹង​យុវជន​ដែល​នៅ​ទីក្រុង​ដូច​ខ្ញុំ​ គាត់​អត់​សូវ​បាន​ចូល​រួម​ឬ​ក៏​មើល​ការ​សម្តែង​ល្ខោន​បាសាក់​ ដូច​អ្នក​នៅ​តាម​ខេត្ត​ទេ​។ ចឹង​ខ្ញុំ​ចង់​ឱ្យ​កម្មវិធី​ឬ​ព្រឹត្តិ​ការណ៍​ណា​មួយ​ គួរ​តែ​នាំ​យក​សិល្បៈ​ល្ខោន​បាសាក់​មក​សម្តែង​។ ខ្ញុំ​គិត​ថា​តម្លៃ​ក៏​ពួក​គាត់​មិន​សូវ​បាន​ប៉ុន្មាន​ដែរ​ ហើយ​ពួក​គាត់​ក៏​មិន​សូវ​រក​ចំណូល​បាន​ដែរ​ ព្រោះ​ពួក​គាត់​សុទ្ធ​តែ​មាន​ជីវភាព​ខ្វះ​ខាត​ ចឹង​ដូចជា​យើង​បាន​ជួយ​ពួក​គាត់​ និង​ជួយ​ល្ខោន​បាសាក់​ឱ្យ​ល្អ​ជាង​មុន​ដែរ​»

ប្រធាន​ក្រុម​សិល្បៈ​មហាជន​វង់​ទី១​ល្ខោន​បាសាក់​ រាជ​ធានី​ភ្នំពេញ​ លោក​ អុល​ សំអាង ​បញ្ជាក់​ថា​ ទោះ​បី​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​ ប្រមុខ​រដ្ឋា​ភិបាល​ គាំទ្រ​ និង​បាន​រៀប​ចំ​កម្មវិធី​ទាក់​ទង​នឹង​ល្ខោន​បាសាក់​ក៏​ដោយ​ ក៏​យុវជន​នៅ​តែ​មិន​យល់​ដឹង​ពី​ល្ខោន​នេះ​ច្បាស់​នោះ​ទេ​ ហើយ​ទីផ្សារ​ល្ខោន​បាសាក់​នៅ​តែ​មិន​ទាន់​ទូលាយ​នៅ​ឡើយ​។ លោក​សំណូម​ពរ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ និង​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា​ ដើម្បី​ថែ​រក្សា​មរតក​វប្បធម៌​ខ្មែរ​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស​៕

ទស្សនាវីដេអូ៖

ចែករំលែកតាម៖