ស៊ីប៉ាបន្ថែមការអប់រំលើផ្នែកបរិស្ថានតាមបណ្ណាល័យចល័ត

ស៊ីប៉ាបន្ថែមការអប់រំលើផ្នែកបរិស្ថានតាមបណ្ណាល័យចល័ត

សកម្មភាពរបស់កុមារនៅបណ្ណាល័យចល័តក្នុងភូមិចំបក់ធំ
សកម្មភាពរបស់កុមារនៅបណ្ណាល័យចល័តក្នុងភូមិចំបក់ធំ

ស៊ីប៉ា​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ដែល​បាន​ជំនួយ​ពី​ប្រទេស​បារាំង។​ អង្គការ​ស៊ីប៉ា​ បង្កើត​ឡើង​នៅ​ឆ្នាំ១៩៨២​ ដើម្បី​ពង្រឹង​ការ​អាន​និង​គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា​ តាម​រយៈ​ការ​បង្កើត​បណ្ណាល័យ​និង​ការបោះពុម្ពសៀវភៅ។

នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​ផ្កាឈូក​នាយក​អង្គការ​ស៊ីប៉ា លោក ហុក សុទ្ធិ មាន​ប្រសាសន៍​ថា ស៊ីប៉ា​បាន​បង្កើត​បណ្ណាល័យ​ជាង​៣៤០​ ដាក់​នៅ​តាម​សាលារៀន​ មន្ទីរពេទ្យ​ សហគម​ក្រីក្រ​ រោងចក្រ​ និង​ពន្ធនាគារ​ សម្រាប់​អ្នក​អាន​និង​អ្នក​សិក្សា​រៀន​សូត្រ​ជាង​៦០​ម៉ឺន​នាក់។​ ជាង​នេះ​ទៅ​ទៀត​ សៀវភៅ​ជាង​១,៨លាន​ក្បាល​ត្រូវ​បាន​បោះពុម្ព​ជា​ភាសាខ្មែរ។​ លោក​ថា​ ជា​រួម​ ស៊ីប៉ា​ចង់​ចូល​រួម​ចំណែក​ស្តារ​វិស័យ​អប់រំ​នៅ​កម្ពុជា។​

លោកថា៖«អ៊ីចឹង​ហើយ​ គោល​បំណង​ធ្វើ​យ៉ាង​ណា​ពង្រីក​ការ​អាន​ ការ​អប់រំ​នេះ​ឱ្យបាន​ទៅ​ដល់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ»។

បើ​តាម​លោក​ ហុក​ សុទ្ធិ​ ក្រៅ​អំពី​បណ្ណាល័យ​នៅ​តាម​ទីតាំង​ជា​ច្រើន​នោះ​ បច្ចុប្បន្ន​អង្គការ​ស៊ីប៉ា​ ថែម​ទាំង​មាន​បណ្ណាល័យ​ចល័ត​ចំនួន​៩​ នៅ​ក្នុង​ខេត្ត​រតនគីរី​ តាកែវ​ កំពង់ស្ពឺ​ និង​រាជធានី​ភ្នំពេញ។​ បណ្ណាល័យ​ចល័ត​គឺ​ជា​បណ្ណាល័យ​ដែល​មាន​សកម្មភាព​ផ្សេងៗ​ ដូចជា​ការ​ទិនាន​រឿង​ ការ​កម្សាន្ត​បែប​អប់រំ​ និង​សំណួរ​ល្បង​ប្រាជ្ញា​ ដែល​ជួយ​ជំរុញ​ឱ្យ​អ្នក​អាន​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ ព្រម​ទាំង​មាន​ឱកាស​ពង្រីក​ការ​យល់​ដឹង​របស់​កុមារ​ និង​យុវជន​ឱ្យ​បាន​ច្រើន​ថែម​ទៀត។​

យុវជន​ ណាក់​ វន្នី​ ដែល​តែង​តែ​ជា​អ្នក​គាំទ្រ​សកម្ម​នៅ​ក្នុង​សកម្មភាព​គៀង​គរ​ក្មេងៗ​ក្នុង​ភូមិ​ចំបក់​ធំ​ ជាយ​រាជ​ធានី​ភ្នំពេញ​ មក​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ចល័ត​របស់​ស៊ីប៉ា​មាន​ប្រសាសន៍​ថា លោក​បាន​ចូល​រួម​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ចល័ត​នេះ​អស់​រយៈពេល​ជាង​១ឆ្នាំ​ហើយ។​ លោក​បន្ត​ថា​ ក្រៅ​អំពី​ការ​ផ្តល់​ឱកាស​បាន​អាន​សៀវភៅ​ជា​ច្រើន​ បណ្ណារក្ស​របស់​ស៊ីប៉ា​ក៏​បាន​បង្រៀន​លោក​នូវ​សកម្មភាព​សិក្សា​ជា​ច្រើន​ទៀត ដែល​ជា​ប្រយោជន៍​សម្រាប់​បំណិន​ជីវិត​របស់​លោក។​

យុវជន​វ័យ​១៨ឆ្នាំ​ដែល​បាន​ឈប់​រៀន​តាំង​ពី​ថ្នាក់​អនុ​វិទ្យាល័យ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ លោក​ទទួល​បាន​ចំនេះដឹង​ ការ​ត្រិះរិះ​ពិចារណា​ជា​ច្រើន​ពី​ការ​អាន។​

យុវជន​រូប​នេះ​ថា៖​ “ដូច​ថា​ វា​មាន​តម្លៃ។​ ពេល​យើង​អាន​រឿង​ទៅ​ យើង​ចាំ​សាច់​រឿង​ ក្នុង​ន័យ​រឿង​មួយៗ​ហ្នឹង។​”

ស្រដៀង​គ្នា​នេះ​ កុមារី​ ផល​ គន្ធា​ វ័យ​១២ឆ្នាំ​ តែង​តែ​មក​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ចល័ត​ស៊ីប៉ា ​ជា​រៀង​រាល់​សប្តាហ៍​ពេល​ដែល​ឡាន​បណ្ណាល័យ​ចល័ត​នេះ​មក​ដល់​ម្តង​ៗ។​ គន្ធា​ឱ្យ​ដឹង​ថា​ នាង​មិន​ត្រឹម​តែ​រៀន​បាន​ច្រើន​ពី​ការ​អាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សកម្មភាព​ជា​ច្រើន​របស់​ស៊ីប៉ា​ ដែល​ទាំង​នោះ​មិន​មាន​នៅ​សាលា​របស់​ប្អូន​ គឺ​ធ្វើ​ឱ្យ​នាង​រៀន​បាន​ច្រើន​និង​ចូល​ចិត្ត​ផង​ដែរ។​

កុមារី​ថា៖​ “ចូល​ចិត្ត​ផាត់​រូប​ …រើស​សំរាម​ហើយ​ពាក់​ស្រោម​ដៃ​ យក​ដែក​កាប់​ ហើយ​និង​ផាត់​រូប​ ហើយ​និង​រៀន​ពី​បរិស្ថាន​ ហើយ​និង​គេ​មើល​ទូរទស្សន៍។​”

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា

បើ​តាម​លោក​ ហុក​ សុទ្ធិ​ ស៊ីប៉ា​បាន​ជួយ​ជំរុញ​ការ​អាន​ដល់​កុមារ​និង​មនុស្ស​ពេញ​វ័យ​ ដោយ​ផ្ទាល់​ និង​ប្រយោល​បាន​ជាង​២ម៉ឺន​នាក់​។

របាយ​ការណ៍​របស់​អង្គការ​យូណេស្កូ​ បាន​ឱ្យ​ដឹង​ថា​ សិស្ស​១ភាគ​៤​នៅ​ទូទាំង​ពិភពលោក​ មិន​អាច​អាន​និង​សរសេរ​អក្សរ​បាន។​ ចំណែក​ការ​សិក្សា​មួយ​របស់​អង្គការ​ រូម​ ធូ​ រីដ​ (Room​ to​ Read​) ដែល​ជា​អង្គការ​ធ្វើ​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​រក​ឃើញ​ថា​ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ ប្រជាជន​កម្ពុជា​ម្នាក់​អាន​សៀវភៅ​ចំនួន​ ១ក្បាល​កន្លះ​ប៉ុណ្ណោះ​។

ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​២០១៤​-២០១៨​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ជា​សេនាធិការ​នៃ​រដ្ឋាភិបាល​ ក៏ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​លើ​ការ​ពង្រីក​​ការ​​អប់​​រំ​កុមារ​តូច​ ការ​បង្កើន​លទ្ធភាព​​ទទួល​បាន​ការ​អប់រំ​នៅ​កម្រិត​មធ្យម​សិក្សានិង​ក្រោយ​មធ្យម​សិក្សា​ប្រកប​ដោយ​គុណភាព ព្រម​ទាំង​ការ​ពង្រីក​ការងារ​​អប់រំ​ក្រៅ​ប្រព័ន្ធនិង​ការអប់រំ​បច្ចេកទេស។

ក្រៅ​ពី​លើក​កម្ពស់​ការ​អប់រំ​ទូទៅ​ អង្គការ​ស៊ីប៉ា​ក៏​គ្រោង​នឹង​បញ្ចូល​សកម្មភាព​អប់រំ​ទាក់​ទង​នឹង​បរិស្ថាន​ តាម​រយៈ​បណ្ណាល័យ​ចល័ត​របស់​ខ្លួន​។ លោក​ ហុក​ សុទ្ធិ​ បញ្ជាក់​ថា​ ដោយ​មើល​ឃើញ​ថា​  បរិស្ថាន​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ទូទាំង​ពិភពលោក​ អង្គការ​លោក​ជឿ​ជាក់​ថា​ មាន​តែ​ការ​អប់រំ​ទេ​ ដែល​អាច​កែ​ប្រែ​ឥរិយាបថ​របស់​មនុស្ស​បាន​។

សកម្មភាព​បរិស្ថាន​ដែល​គ្រោង​នឹង​យក​ទៅ​អប់រំ​សិស្ស​ កុមារ​តូចៗ​ តាម​រយៈ​បណ្ណាល័យ​ចល័ត​ នោះ​រួម​មាន​ ការ​បន្សាំ​កុមារ​ឱ្យ​ស្គាល់​បរិស្ថាន​ តាម​រយៈ​ការ​មើល​រូបភាព​ មើល​វីដេអូ​ស្បត​អប់រំ​ ការ​អាន​ ផាត់​ពណ៌​ និង​ការ​ដើរ​រើស​សំរាម​ នៅ​ទីតាំង​ភូមិ​ស្រុក​របស់​កុមារ​ទាំង​នោះ​ជា​ដើម​៕

ទស្សនាវីដេអូ៖

ចែករំលែកតាម៖