បទសម្ភាស៖ មនុស្សជំនាន់ក្រោយមិនសូវស្គាល់ហូលពិដាន

បទសម្ភាស៖ មនុស្សជំនាន់ក្រោយមិនសូវស្គាល់ហូលពិដាន

លោក ផេង សុផល ម្ចាស់ជ័យលាភីលេខ១សិល្បៈតម្បាញសូត្រនៃមហោស្រពសិល្បៈជាតិលើកទី១៧ និងជាជំនួយការនៃប្រធានអង្គការគាំពារកុមារខ្មែរ

ហូលត្រូវ​បាន​ប្រជាពលរដ្ឋ​ទូទៅ​ស្គាល់​និង​ប្រើប្រាស់​ជាទូទៅ​សម្រាប់​យកមកធ្វើ​ជា​សម្លៀក​បំពាក់។ ក៏ប៉ុន្តែ​អ្នក​ជំនាញ​តម្បាញ​ខ្មែរ​ឱ្យ​ដឹង​ថា ក្រៅពី​សម្លៀកបំពាក់ ខ្មែរ​ក៏​មាន​ហូល​មួយ​ប្រភេទ​ទៀត​សម្រាប់​ធ្វើ​ជា​ពិដាន​ផងដែរ តែ​មិន​សូវ​មាន​អ្នក​ស្គាល់និង​ចាប់អារម្មណ៍។

តើហូលពិដានជាអ្វី ហើយ​វា​មាន​លក្ខណៈ​ខុស​ប្លែក​ពីហូល​ទូទៅយ៉ាង​ដូច​ម្ដេច​ខ្លះ?

ស្ដាប់បទសម្ភាសរវាង​កញ្ញា រាជ ចំប៉ារ័ត្ន នៃ​វិទ្យុ​ផ្កាឈូក​ជាមួយ​លោក ផេង សុផល ម្ចាស់ជ័យលាភីលេខ១​សិល្បៈតម្បាញ​សូត្រនៃ​មហោ​ស្រព​សិល្បៈ​ជាតិលើកទី១៧ និងជា​ជំនួយ​ការ​នៃប្រធាន​អង្គការគាំពារ​កុមារ​ខ្មែរ​ដែល​មាន​សហគមន៍​តម្បាញ​ហូល​នៅខេត្ត​តាកែវ។

វិទ្យុ​ផ្កាឈូក៖ តើអ្វីទៅជាហូលពិដាន? តើវា​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ?

លោក ផេង សុផល៖​ ពិដាន​អាច​តាំង​នៅ​លើ​ពុទ្ធ​បដិមាករ​ ដើម្បី​ការពារ​ធូលី​ ដី​ធ្លាក់​មក​លើ​ពុទ្ធ​បដិមាករ​ ដែល​នៅ​ក្នុង​ប្រវត្តិ​ខ្មែរ​យើង​ពី​ដើម​ ពិដាន​ត្រូវ​បាន​គេ​ធ្វើ​ជា​រឿង​ភាគ​ច្រើនគឺ​ទាក់ទង​នឹងពុទ្ធ​ប្រវត្តិ។ បន្ទាប់​ពី​គេ​ធ្វើ​ហើយ​ គេយក​ពិដាន​ដែល​យើង​ធ្វើ​ហ្នឹង​យក​ទៅ​ប្រគេន​លោក​ លោក​អាច​ចង​ព្យួរ​នៅ​ក្នុងវិហារ ដើម្បីជា​ការតាំង​សម្រាប់ការ​គោរព​ ការ​បូជា​ចំពោះ​ពុទ្ធ​សាសនា​ ដើម្បី​បាន​សេចក្ដីសុខ។​ ប៉ុន្តែ​នៅ​សម័យ​ក្រោយ​ឥឡូវ​នេះ ​ភាគ​ច្រើន​គឺ​អត់​ស្គាល់​ទេ​ថា​តើ​ហូល​ពិដាន​ជា​ហូល​អី​ទៅ?​ ជួនកាល​ពិដាន​គេ​គិត​ថា​ជា​ពិដាន​ផ្ទះ​ទៅ​វិញ។ ​គេ​អត់​បាន​ស្គាល់​អ្វី​ដែល​ជា​វប្បធម៌​របស់​យើង​ពី​មុន​មក។​ អ៊ីចឹង​ខ្ញុំ​ធ្វើ​អា​នេះ​ដើម្បី​ជា​ការ​ក្រើន​រំឭក​ ជា​ការ​ដាស់​តឿន​ថា​ប្រពៃណី​ពួក​យើង​មាន​វប្បធម៌​មួយ​ដែល​យើង​ធ្វើ​ហូល​ពិដាន​ដែល​ជា​ស្នាដៃ​អស្ចារ្យ​មួយ​ ដើម្បី​បង្ហាញ​ទៅ​ប្រជាជន​ខ្មែរ​យើង​ឱ្យ​បាន​ស្គាល់​នូវ​វប្បធម៌​ដែល​យើង​មិន​សូវ​ស្គាល់​នេះ។

វិទ្យុ​ផ្កាឈូក៖ ហូលពិដានដែលលោកធ្វើរួចចុងក្រោយគេបង្អស់មានបូកបញ្ចូលក្បាច់អ្វីខ្លះ?

លោក ផេង សុផល៖ ខ្ញុំ​ចង់​បង្ហាញ​ពី​ក្បាច់​ដែល​ខ្មែរ​យើង​មាន​គឺ៣​ប្រភេទ។​ ទី១​ខាង​ក្រោម​គេ​បំផុត​នោះ​គេ​ហៅ​ថា​ផ្កា​ចន្ទ ​តែ​បែប​ក្បាច់​អង្គរ។​ ហើយ​នៅ​កណ្ដាល​ក្បាច់​ផ្កា​ចន្ទ​ដែរ​តែ​ជា​ក្បាច់​បែប​ភ្លើង​ បាន​ន័យ​ថា​ភ្ញី​ភ្លើង។​ ហើយ​នៅ​ក្បាច់​ខាង​លើ​ដែល​ខ្ញុំ​ជ្រើស​រើស​មក​គឺ​ភ្ញី​ទេស។​ អ៊ីចឹង​ដើម្បី​ឱ្យ​​មាន​សោភណ​ភាព​កាន់​តែ​ស្អាត​ទៀត​ ខ្ញុំ​បាន​អម​ក្បាច់​ផ្កា​ចន្ទ​ហ្នឹង​ដោយ​ខ្សែ​នាគ។​ ហើយ​នៅ​តួ​ខាង​ក្រោម​នោះ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បាច់​នាគ​ដែល​តំណាង​ឱ្យ​ភាព​អស្ចារ្យ​ ដែល​តំណាង​ឱ្យ​អំណាច​ ហើយ​មួយទៀត​គឺ​ហង្ស​ដែល​តំណាង​ឱ្យ​​ភាព​ស្រស់​ស្អាត​ សម្រស់។​ ហើយ​តាម​ជំនឿ​តាម​បុរាណ​របស់​យើង​ យើង​មាន​ជំនឿ​មួយ​គឺ​ទាក់ទង​នឹង​យ័ន្ដ​ ជាយ​ចុង​បំផុត​នៃ​ក្បាច់​ហ្នឹង​គឺ​ខ្ញុំ​បាន​ធ្វើ​ជា​យ័ន្ដ។​ យ័ន្ត​ហ្នឹង​គឺ​នៅ​ក្នុង​អត្ថន័យ​របស់​យើង​គឺ​ដើម្បី​ភាព​សុខ​សប្បាយ​នាំ​ចូល​មក​ក្នុង​គ្រួសារ​ ឬ​ក៏​ទីតាំង​ដែល​យើង​បាន​ដាក់​ ដើម្បី​ភាព​រីករាយ​ និង​ការពារ​ឧប្បទ្រុប​ចង្រៃ​ដែល​យើង​ចូល​មក​ដល់​កន្លែង​ដែល​យើង​បាន​ដាក់​តាំង​ហ្នឹង។​

ហូលពិដានរបស់លោក ផេង សុផល
ហូលពិដានរបស់លោក ផេង សុផល

វិទ្យុ​ផ្កាឈូក៖ បើតាមខ្ញុំដឹង ហូលពិដានខ្មែរអាចធ្វើទៅបានអាស្រ័យ​លើល័ក្ខ​សម្រាប់ជ្រលក់​ឱ្យចេញជា​ពណ៌។ តើសព្វថ្ងៃលោក​ជួប​ប្រទះ​បញ្ហាក្នុងការរកល័ក្ខនេះ​យ៉ាង​ដូចម្ដេចខ្លះ?

លោក ផេង សុផល៖ នៅ​ក្នុង​ល័ក្ខ​ដែល​យើង​ពិបាក​រក​ជាងគេ​គឺ​គេ​ហៅ​ថា​ល័ក្ខ​ខ្មែរ​ដែល​យើង​បុរាណ​ឡើយ​គេ​ហៅ​ថា​ល័ក្ខ​ក្រម៉រ​ ផលិត​ចេញ​ពី​សត្វ​ល្អិត​ម៉្យាង​ដែល​វា​រស់នៅ​លើ​ដើម​សង្កែ​ ដែល​វា​ស៊ី​នៅ​ដើម​ហ្នឹង​ហើយ ​វា​ផលិត​ពណ៌​នៅ​លើ​មែក​ហ្នឹង​ ដល់​ពេល​យូរៗ​ទៅ​វា​រុំ​ជុំវិញ​ហ្នឹង​ ហើយ​យើង​ទៅ​បេះ​យក​អា​ហ្នឹង​មក​ ទុក​យូរៗ​ទៅ​ដល់​ពេល​ដែល​វា​ស្ងួត​ឡើង​វា​ដូចជា​ដុំ​ថ្ម​ចឹង។​ តែ​ល័ក្ខ​នេះ​ឥឡូវ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​រក​ ព្រោះ​យើង​អត់​បាន​អភិរក្ស​កេរ្តិ៍​ដំណែល​ហ្នឹងឱ្យ​បាន​ទូលំ​ទូលាយ។​ យើង​មាន​អង្គការ​ខ្លះ​ គេ​បាន​ផលិត​ គេ​បាន​រក្សា​នូវ​ល័ក្ខ​ហ្នឹង​ ប៉ុន្តែ​វា​អត់​គ្រប់​គ្រាន់។​ ខ្ញុំ​សង្ឃឹម​ថា​ខាង​ក្រសួង​ក៏​ដូចជា​ស្ថាប័ន​ផ្សេង​នឹង​ជួយ​អភិរក្ស​ល័ក្ខ​នេះ​ព្រោះ​ខ្លាច​យូរៗ​ទៅ​ វា​អាច​បាត់​នូវ​ពណ៌​ធម្មជាតិ​របស់​យើង​ហ្នឹង។​

វិទ្យុ​ផ្កាឈូក៖ និយាយពី​ពេលវេលាវិញ តើលោកនិងសហគមន៍ត្រូវចំណាយពេលយូរប៉ុណ្ណាក្នុងការធ្វើហូលពិដានមួយ?

លោក ផេង សុផល៖ ដោយ​សារ​តែ​ខាង​ខ្ញុំ​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ម៉ូត​ពិដាន​ហ្នឹង​ ហេតុ​ដូច្នេះ​ហើយ​ការ​ទាមទារ​ពេល​វេលា​វា​អាច​​ងាយ​ស្រួល​ផង​ដែរ​ ប៉ុន្តែ​ចំនាយ​ភាគ​ច្រើន​យូរ​ក្នុង​ការ​ចង​គោម ​ព្រោះ​យើង​ឃើញ​ហើយ​របៀប​នៃ​ការ​ចង​គោម​គឺ​យើង​ចង​ជា​គ្រាប់ៗ​ យើង​ផ្គុំ​គ្រាប់​នឹង​ចូល​គ្នា​ចេញ​ជា​ម៉ូត​មួយ​ ឬ​ក៏​គោម​មួយ។ ​អញ្ចឹង​នៅ​ក្នុង​ការ​រចនា​ម៉ូត​ប្រហែល​ជា​មួយ​ខែ​ នៅ​ក្នុង​ការ​ជ្រលក់​ពណ៌​ចំនាយ​ពេល​ប្រហែល​មួយ​សប្ដាហ៍​ទៅ​១០​ថ្ងៃ។​ ហើយ​មួយ​ទៀត​ទាក់​ទង​ទៅ​នឹង​ការ​ត្បាញ​ចំនាយ​រយះពេល​ប្រហែល​មួយ​សប្ដាហ៍​ នៅ​ក្នុង​ការ​ត្បាញ​ប្រហែល​២ម៉ែត​ហ្នឹង។

វិទ្យុ​ផ្កាឈូក៖ ចំពោះតម្លៃ តើហូលពិដានមានតម្លៃប្រហាក់ប្រហែលនិងហូលសម្រាប់យក​មកធ្វើ​សម្លៀក​បំពាក់​ដែរឬយ៉ាងណា?

លោក ផេង សុផល៖ ចំពោះ​ហូល​ពិដាន​ដោយ​សារ​ទាក់ទង​នឹង​ពេល​វេលា​នៅ​ក្នុង​ការ​ធ្វើ​ អញ្ចឹង​តម្លៃ​វា​ក៏​ខុស​អំពី​សំពត់​យើង​ធម្មតា​ដែរ។​ យើង​មិន​អាច​ថា​ផ្ទាំង​នេះ​ ឬ​ក៏​រូប​នេះ​អាច​ជា​ប៉ុន្មាន​បាន​ទេ។​ ម៉ូត​ដែល​យើង​ធ្វើ​វា​អាច​យើង​ចង​ គេ​ហៅ​ថា​ក្នាល់​ យើង​ចង​នៅ​ក្នុង​ម៉ូត​នេះ​គឺ​៣៦ក្នាល់​ នៅ​ពេល​ដែល​ម៉ូត​ពិដាន​ខ្លះ​យើង​ចង​រហូត​ដល់​១០០ក្នាល់​ ២០០ក្នាល់​ ឬ​ក៏​អាច​ចង់​មួយ​១០០០ក្នាល់។​

វិទ្យុ​ផ្កាឈូក៖ ជាចុងក្រោយ យោងតាមបទពិសោធន៍របស់លោកទាក់ទងពីហូលខ្មែរ តើលោកយល់​យ៉ាង​ណា​ចំពោះសន្ទុះនៃការប្រើប្រាស់ហូលផាមួងខ្មែរ?

លោក ផេង សុផល៖ ភាគ​ច្រើន​ហូល​ធម្មជាតិ​យើង​មិន​សូវ​មាន​សន្ទុះ​ទេ​ ពី​ព្រោះ​វា​ថ្លៃ​បើ​ប្រៀបធៀប​ជាមួយ​នឹង​ហូល​ធម្មតា​ដែល​យើង​បាន​ធ្វើ​ហ្នឹង។​ ហូល​ធម្មតា​យើង​គិត​ថា​មួយ​ក្បិន​ឥឡូវ​ប្រហែល​ជា​៧០រៀល​(ដុល្លារ)​ ឬក៏​៨០រៀល​(ដុល្លារ)​ទេ​ មិន​និយាយ​គោម​ដែល​ថ្លៃ​ទេ។​ ប៉ុន្តែ​បើ​និយាយ​អំពី​ធម្មជាតិ​ បាន​តែ​ប្រហែល​ជាមួយ​ម៉ែត​អី​ទេ​ ឬ​ក៏​មួយ​ម៉ែត​ជាង​តិច​តួច​ទេ​ បើ​យើង​ប្រៀបធៀប​គ្នា។​ ហេតុ​ដូច្នេះ​ហើយ​ពេល​ខ្លះ​ពិបាក​ដែរ​ដោយ​សារ​ជីវភាព​ ណា​មួយ​ទៀត​យើង​អត់​សូវ​ដឹង​អត្ថន័យ​នៃ​ប្រពៃណី​នៃ​ពណ៌​ធម្មជាតិ​ខ្មែរ​យើង។​ អញ្ចឹង​ហើយ​ការ​ធ្វើ​នូវ​ពណ៌​ធម្មជាតិ​ ច្រើន​តែ​ខាង​បរទេស​ជា​អ្នក​ទិញ​នូវ​ផលិតផល​ទាំងអស់​ និង​ខ្មែរ​មួយ​ចំនួន​ដែល​យល់​អំពី​តម្លៃ​នៃ​ធម្មជាតិ៕​

ចែករំលែកតាម៖