របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា នៅរយៈពេល១០ខែក្នុងឆ្នាំ២០១៧នេះ វិស័យសំណង់មានទុនវិនិយោគសរុបប្រមាណ៦ ២៦៧ លានដុល្លារអារមេរិក កើនឡើងជាង២៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។
របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៦របស់សមាគមអ្នកសាងសង់កម្ពុជានិងសម្ភោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ឆ្នាំ២០១៧ ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា។
យោងតាមរបាយការណ៍ដដែលនេះ វិស័យសំណង់មានការវិនិយោគពីក្រុមហ៊ុនចំនួន១ ០៣៤ ក្នុងនោះមានក្រុមហ៊ុនក្រៅប្រទេសចំនួន៣២៤ក្រុមហ៊ុន។
អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ថ្លែងនៅក្នុងកម្មវិធីនេះថា សម្រាប់រាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៧នេះ ទទួលបានគម្រោងសាងសង់ចំនួន៧៧០គម្រោង ដែលមានទុនវិយោគប្រមាណ១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកមានប្រសាសន៍ថា៖ «ចំពោះវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំងដែលបានបង្ហាញឱ្យឃើញវត្តមានតាមរយៈទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណិតៗ ដែលបានសាងសង់ជាបណ្តើរៗ ។ ជារួមយើងមានសំណង់បុរីចំនួន១៨៨កន្លែង និងអគារខ្ពស់ៗចំនួន៩៧៩អគារ។ ក្រៅពីនេះ ក្នុងរយៈពេល៩ខែនៅក្នុងឆ្នាំ២០១៧ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៧៧០គម្រោង លើផ្ទៃដីសំណង់ជិត៣លានម៉ែត្រក្រឡា ដែលមានទុនវិនិយោគប្រមាណ១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក»។

លោក មាន ចាន់យ៉ាដា បន្តទៀតថា ព្រឹត្តិការណ៍តាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពរីកចម្រើននៃកំណើនវិនិយោគលើវិស័យសំណង់នៅកម្ពុជា។
សមាគមអ្នកសាងសង់កម្ពុជាឱ្យដឹងថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជានៅឆ្នាំ២០១៧នេះ មានក្រុមហ៊ុនក្នុងស្រុកនិងបរទេសជាសរុបចំនួន១៦៨ក្រុមហ៊ុន មានស្ដង់ប្រមាណ៣០០ស្ដង់ បានដាក់តាំងបង្ហាញ និងលក់ផលិតផល និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យសំណង់ជាច្រើនប្រភេទផ្សេងៗទៀត ដែលនាំចូលពីបណ្ដាប្រទេសជាច្រើនលើពិភពលោកសរុប៦០០ប្រភេទ។
លោក ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានឱ្យដឹងនៅក្នុងកម្មវិធីនេះថា បច្ចុប្បន្នសមាគមមានសមាជិកប្រមាណ១៤០ក្រុមហ៊ុន ដែលធ្វើការពាក់ព័ន្ធនឹងវិស័យសំណង់និងអចលនទ្រព្យ។
ប្រធានសមាគមអ្នកសាងសង់កម្ពុជារូបនេះបន្តថា ការរៀបការតាំងពិព័រណ៍ឧស្សាហកម្មសំណង់នេះឡើង គឺចង់បង្ហាញពីភាពអភិវឌ្ឍន៍ ការរីកចម្រើន និងសក្តានុពលនៃការវិនិយោគលើវិស័យសាងសង់មានការទទួលផលយ៉ាងល្អប្រសើរនៅលើទីផ្សារកម្ពុជាទាំងមូល។ លើសពីនេះ កម្មវិធីនេះមានបំណងផ្ដល់ឱកាសឱ្យសមាជិកសមាគមទាំងអស់ ព្រមទាំងក្រុមហ៊ុននៅក្នុងស្រុកនិងបរទេស ដែលកំពុងមានធុរកិច្ចលើវិស័យសំណង់ទាំងអស់នៅកម្ពុជា សិក្សាស្វែងយល់ពីគ្នា ដើម្បីជម្រុញវិស័យសំណង់ត្រូវតាមស្តង់ដារអាស៊ាន និងស្តង់ដារអន្តរជាតិ។

ពាក់នឹងស្ថានភាពវិស័យសំណង់នៅកម្ពុជានេះដែរ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បង្ហាញការគាំទ្រឱ្យមានការរៀបចំតាំងពិព័រណ៍ឧស្សាហកម្មសំណង់ឱ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា។
រដ្ឋមន្រ្តីរៀបចំដែនដីរូបនេះ ក៏បានសំណូមពរដល់ក្រុមហ៊ុនវិនិយោគ មុនពេលសាងសង់ត្រូវដាក់គម្រោងស្នើសុំសាងសង់វិនិយោគ ដោយភ្ជាប់ជាមួយស្តង់ដាសំណង់ ដើម្បីយកមកអនុវត្តសម្រាប់គណនាប្រព័ន្ធសុវត្ថិភាព។ លើសពីនេះ ក្នុងគោលដៅជំរុញវិស័យសំណង់ក្នុងប្រទេសកម្ពុជាឱ្យជឿនលឿនទៅថ្ងៃអនាគតតាមស្តង់ដារអន្តជាតិផងដែរ។
លោកមានប្រសាសន៍ថា៖«គាំទ្រឱ្យមានការវិនិយោគទាំងក្នុងនិងក្រៅប្រទេស នៃគឺជាដៃគូយ៉ាងសំខាន់ អ្នកមកពីខាងក្រៅត្រូវការដៃគូនៅខាងក្នុង ដែលមានធនធាននឹងលទ្ធភាព ដើម្បីចាប់ដៃគ្នា រាជរដ្ឋាភិបាលគាំទ្រជាគោលនយោបាយ បង្កលក្ខណៈ ដើម្បីឱ្យយោងនេះបានដើរតោមុខ មានភាពរឹងមាំអាស្រ័យហេតុនេះហើយ ទើបរដ្ឋាភិបាលរក្សាកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ»។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនិងសំណង់អះអាងថា ការកើនឡើងសំណង់អាគារក្នុងមួយរយៈពេលចុងក្រោយនេះ គឺបណ្តាលមកពីមានវិនិយោគិនបរទេសធំៗជាច្រើន បានមកវិនិយោគនៅកម្ពុជា។ ក្នុងនោះរួមមានចិន កូរ៉េ វៀតណាម ជប៉ុន ថៃ ម៉ាឡេស៊ី សឹង្ហបុរី សហរដ្ឋអាមេរិក បារាំង អង់គ្លេស ឥណ្ឌូនេស៊ី កាណាដា អូស្រ្តាលី ឥណ្ឌា និង ហ្វីលីពីនជាដើម។
សមាគមអ្នកសាងសង់កម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ធ រំពឹងថា ការរៀបការតាំងពិព័រណ៍ឧស្សាហកម្មសំណង់ និងតែជម្រុញការអភិវឌ្ឍន៍វិស័យសំណង់កម្ពុជា កាន់តែមានសក្តានុពលនៃការវិនិយោគលើវិស័យសាងសង់នៅកម្ពុជា៕