ការងារស្ម័គ្រចិត្តជាយន្តការមួយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍និរន្តរភាពនៅកម្ពុជា

ការងារស្ម័គ្រចិត្តជាយន្តការមួយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍និរន្តរភាពនៅកម្ពុជា

ទិវាអន្តរជាតិសម្រាប់អ្នកស្ម័គ្រចិត្តលើកទី៧ក្រោមប្រធានបទ "ស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកនិងសង្គម"

«ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​គិត​ថា​ ការ​ងារ​ស្ម័គ្រ​ចិត្ត​វា​មាន​តម្លៃ​  ដូច​យើង​តែង​តែ​និយាយ​ និង​មាន​ទស្សនៈ​ថា​ ទៅ​ចូល​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ទៅ​ យើង​នឹង​បាន​បទ​ពិសោធន៍​ការ​ងារ​ ដល់​ពេល​យើង​បញ្ចប់​ការ​សិក្សា​ទៅ​ យើង​នឹង​ងាយ​ស្រួល​ទៅ​រក​ការ​ងារ​ធ្វើ​…»

នេះ​ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​យុវតី​ សុគន្ធ​ សុជាតា​ ដែល​បាន​ប្រឡូក​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​តាម​ស្ថាប័ន​ទាំង​ជាតិ​និង​អន្តរជាតិ​ ទៅ​កាន់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជិត​៣០០០​នាក់​ នៅ​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ ថ្ងៃ​៥ធ្នូ​។

សម្បុរ​ស្រអែម​ សក់​រួញ​អង្គារ​ដី​ បែប​ខ្មែរ​អង្គរ​ យុវតី​ សុគន្ធ​ សុជាតា​ បច្ចុប្បន្ន​ជា​តំណាង​ក្រុម​ប្រឹក្សា​យុវជន​របស់​អង្គ​ការ​ស្ម័គ្រ​ចិត្ត​អង្គការ​សហ​ប្រជាជាតិ​ (UNV​) និង​ជា​តំណាង​យុវជន​អង្គការ​អភិវឌ្ឍន៍​ធន​ធាន​យុវជន​(YRDP​)។

យុវតី​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ពោធិ៍សាត់​រៀប​រាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន​ដែល​បាន​ចូល​ប្រឡូក​នៅ​ក្នុង​ការ​ងារ​ស្ម័គ្រ​ចិត្ត​ដូច្នេះ​ថា​

«សម្រាប់​ការងារ​ស្ម័គ្រ​ចិត្ត​ហ្នឹង​ ពី​ដំបូង​ឡើយ​ នាង​ខ្ញុំ​អត់​ដឹង​ថា​វា​មាន​សារៈ​សំខាន់​ទេ​ គ្រាន់​តែ​ថា​យើង​ឮ​គេ​ថា​ ពិសេស​ឮ​ពី​សិស្ស​ច្បង​ថា​ តាម​រយៈ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ បើ​ចូល​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើ​ឱ្យ​ស្រួល​រក​ការ​ងារ​ធ្វើ​ពេល​យើង​រៀន​ចប់​ ព្រោះ​ថា​យើង​បាន​បទ​ពិសោធន៍​ពី​ការ​ងារ​ស្ម័គ្រ​ចិត្ត​។ បន្ទាប់​ពី​ឮ​ចឹង​ហើយ​ ខ្ញុំ​ក៏​ចូល​ប្រឡូក​។ ហ្នឹង​ជា​មូល​ហេតុ​ដំបូង​ដែល​ខ្ញុំ​ចូល​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ កាល​ពី​ឆ្នាំ​ទី​១​ មក​ដល់​ឥឡូវ​។ និយាយ​មែន​ទែន​ទៅ​ ខ្ញុំ​ទើប​តែ​អាយុ​២១​ឆ្នាំ​ទេ​ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​បាន​ចូល​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ច្រើន​ តាម​រយៈ​ក្រសួង​ស្ថាប័ន​ ស្ថាប័ន​អង្គ​ការ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ ចឹង​ហើយ​ខ្ញុំ​បាន​ទទួល​បាន​ឱកាស​ជា​ច្រើន​ ហើយ​ស្ថាប័ន​ទាំង​នោះ​សុទ្ធ​តែ​ទទួល​ស្គាល់​សមត្ថភាព​ខ្ញុំ​ បើ​ទោះ​ជា​ខ្ញុំ​ជា​យុវជន​វ័យ​ក្មេង​ តែ​ខ្ញុំ​អាច​ធ្វើ​ការ​ងារ​ធំ​បាន​»

បច្ចុប្បន្ន​ យុវតី​ សុជាតា​ កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ (IFL​) ព្រម​ទាំង​ជា​និស្សិត​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​។ កញ្ញា​ឱ្យ​ដឹង​ថា ​ការ​ស្ម័គ្រ​ចិត្ត​តាម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​៤​ឆ្នាំ​មក​នេះ  ​ពិត​ជា​បាន​ធ្វើ​ឱ្យ​រូប​គេ​មាន​ក្ដី​សង្ឃឹម​ជា​ច្រើន​សម្រាប់​ថ្ងៃ​អនាគត​។

យុវតី​ សុគន្ធ​ សុជាតា​ បន្ថែម​ថា​៖ «ចូល​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​គឺ​ជួយ​អភិវឌ្ឍ​ខ្លួន​យើង​ ព្រោះ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ភាគ​ច្រើន​គឺ​ជា​ការ​ងារ​ដែល​ធ្វើ​ជា​ក្រុម​។ យើង​រៀន​សូត្រ​ពី​គ្នា​បាន​ទៅ​វិញ​ទៅ​មក​ រៀន​ពី​របៀប​ធ្វើ​ការ​ងារ​ម្នាក់​ឯង​ ហើយ​ក៏​រៀន​សូត្រ​ពី​របៀប​សម្រប​ខ្លួន​ទៅ​នឹង​របៀប​ធ្វើ​ការ​ងារ​នៅ​ក្នុង​សហគមន៍​ និង​ពី​មជ្ឈដ្ឋាន​ដែល​ខុសៗ​គ្នា​។ ហើយ​មួយ​ទៀត​ក៏​យើង​រៀន​ពី​ការ​គ្រប់​គ្រង​គម្រោង​ឬ​គ្រប់​គ្រង​ពេល​វេលា​ ព្រោះ​ថា​អ្នក​ស្ម័គ្រ​ចិត្ត​ភាគ​ច្រើន​ជា​សិស្ស​នៅ​សិក្សា​ ចឹង​ធ្វើ​ឱ្យ​យើង​ចេះ​បែង​ចែក​ពេល​វេលា​។ ដូច្នេះ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ពិត​ជា​សំខាន់​ព្រោះ​បើ​យើង​រៀន​នៅ​សាលា​ភាគ​ច្រើន​យើង​បាន​តែ​ចំណេះ​ធ្វើ​ដឹង​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​សូវ​មាន​ចំណេះ​ធ្វើ​ ចំណេះ​អនុវត្ត​ផ្ទាល់​ប៉ុន្មាន​ទេ​ ហើយ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ជា​ឈ្នាន់​ឈាន​ទៅ​ទទួល​បាន​ឱកាស​ការ​ងារ​ផង​ដែរ​»

យុវតី សុគន្ធ សុជាតា បច្ចុប្បន្នជាតំណាងក្រុមប្រឹក្សាយុវជនរបស់អង្គការស្ម័គ្រចិត្តអង្គការសហប្រជាជាតិ (UNV) និងជាតំណាងយុវជនអង្គការអភិវឌ្ឍន៍ធនធានយុវជន(YRDP)
យុវតី សុគន្ធ សុជាតា បច្ចុប្បន្នជាតំណាងក្រុមប្រឹក្សាយុវជនរបស់អង្គការស្ម័គ្រចិត្តអង្គការសហប្រជាជាតិ (UNV) និងជាតំណាងយុវជនអង្គការអភិវឌ្ឍន៍ធនធានយុវជន(YRDP)

ស្រដៀង​គ្នា​នេះ​ យុវតី​ កែវ​ សុគន្ធ​ ផារឌី​ ដែល​ធ្លាប់​ប្រឡូក​ការ​ងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ដែរ​នោះ​ យល់​ថា​ ការ​ងារ​ស្ម័គ្រ​ចិត្ត​ពិត​ជា​មាន​សារៈ​សំខាន់​ចំពោះ​នាង​។

«តាម​បទ​ពិសោធន៍​របស់​ផ្ទាល់​ អត្ថ​ប្រយោជន៍​នៃ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ គឺ​មាន​ច្រើន​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​ គឺ​គាត់​ទទួល​បាន​ជំនាញ​តែ​ម្តង​ ដែល​ជំនាញ​ហ្នឹង​គឺ​គាត់​មើល​ភ្លាមៗ​ និង​ពេល​គាត់​កំពុង​ស្ម័គ្រ​ចិត្ត​ហ្នឹង​គឺ​មើល​អត់​ដឹង​ទេ​ តែ​ដល់​ពេល​គាត់​ទទួល​បាន​ការ​ងារ​ធ្វើ​គឺ​ គាត់​ហ្នឹង​ថា​អ្វី​ដែល​គាត់​បាន​ស្ម័គ្រ​ចិត្ត​ពី​ជា​ផ្តល់​ឱកាស​ឱ្យ​គាត់​ច្រើន​ ពិសេស​ទទួល​បាន​ឱកាស​ការ​ងារ​ប្រសើរ​ និង​ជួយ​គ្រួសារ​ និង​សង្គម​គាត់​ទៀត​»

តំណាង​ក្រសួង​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ ចាត់​ទុក​ការងារ​ស្ម័គ្រ​ចិត្ត​គឺ​ជា​យន្តការ​មួយ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​លូត​លាស់​ឆាប់​រហ័ស​ ពិសេស​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​និរន្តរភាព​នៅ​កម្ពុជា​។

រដ្ឋលេខា​ធិការ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក​ ស៊ាន​ បូរ៉ាត​ ថ្លែង​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​​ថា​ ការ​ចូល​រួម​ស្ម័គ្រ​ចិត្ត​គឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​មាន​តម្លៃ​បំផុត​ និង​មិន​អាច​ខ្វះ​បាន​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​សង្គម​ក្នុង​ការ​លើក​តម្កើង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​សិទ្ធិ​ចូល​រួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម​។

លោក​មាន​ប្រសាសន៍​ថា​«ការ​ងារ​ស្ម័គ្រ​ចិត្ត​គឺ​ជា​យន្ត​ការ​មួយ​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​ជា​សកល​ថ្មី​ ដែល​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ឱ្យ​មាន​ការ​រួម​បញ្ចូល​គ្នា​រវាង​រដ្ឋា​ភិបាល​ជាមួយ​ប្រជាជន​កម្ពុជា​។ ការ​ស័្មគ្រ​ចិត្ត​គឺ​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ​របស់​ប្រទេស​ជាតិ​ ហើយ​ក៏​ជា​កត្តា​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​លូត​លាស់​ឆាប់​រហ័ស​ ដូច​ប្រទេស​ជឿន​លឿន​នានា​នៅ​លើ​ពិភពលោក​»

តំណាង​អង្គការ​យូណេស្កូ​ (UNESCO​) ប្រចាំ​កម្ពុជា​ លោក​ស្រី​ អាន​ ឡឺម៉ែស្រ្ត​ (Anne​ Lemaistre​)  មាន​ប្រសាសន៍​ថា​ យុវជន​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​។ លោក​ស្រី​ថា​ អង្គការ​នេះ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​សុខុមាល​ភាព​យុវជន​ ជំរុញ​ភាព​រីក​ចម្រើន​ខាង​ផ្នែក​បញ្ញា​ស្មារតី​ បង្កើត​ចំណេះ​ដឹង​អំពី​សិទ្ធិ​របស់​ពួក​គេ​ សីលធម៌​ និង​គុណ​តម្លៃ​ និង​ជំនាញ​ដែល​យុវជន​ត្រូវ​ការ​ដើម្បី​ជំរុញ​ការងារ​ស្ម័គ្រ​ចិត្ត​។

លោក​ស្រី​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​សព្វ​ថ្ងៃ​មាន​ជីវភាព​ប្រសើរ​ឡើង​ ដោយ​សារ​តែ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ជួយ​ការ​ងារ​ជា​ច្រើន​។

មន្ត្រី​អង្គការ​យូណេស្កូ​រូប​នេះ​បាន​ជំរុញ​យុវជន​ឱ្យ​ចូល​រួម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ឱ្យ​បាន​ច្រើន​ ដោយ​ចាប់​ផ្ដើម​ពី​បញ្ហា​ប្រឈម​ ទោះ​តូច​ក្តី​ធំ​ក្តី​ ដើម្បី​បង្កើន​ភាព​រឹងមាំ​ចំពោះ​ខ្លួន​ និង​ជួយ​កសាង​សង្គម​ជាតិ​។ ជាង​នេះ​ទៀត​ ការ​ងារ​ស្ម័គ្រ​ចិត្ត​ គឺ​ជា​មូល​ដ្ឋាន​ជំរុញ​ឱ្យ​យុវជន​ទទួល​បាន​ការ​ងារ​ធ្វើ​សមរម្យ​ថែម​ទៀត​។

ពុំ​មាន​របាយការណ៍​ណា​មួយ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជាក់​លាក់​ថា ​មាន​យុវជន​កម្ពុជា​ប៉ុន្មាន​នាក់​ដែល​ចេញ​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​លើ​គ្រប់​វិស័យ​នោះ​ទេ​។ ប៉ុន្តែ​របាយ​ការណ៍​វិភាគ​ស្ថាន​ភាព​យុវជន​ដែល​ធ្វើ​ឡើង​ដោយ​អង្គ​ការ​សហ​ប្រជាជាតិ​ឆ្នាំ​២០០៩​ ដែល​សង្គម​ស៊ីវិល​ស្រង់​ដាក់​ក្នុង​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ មាន​យុវជន​ប្រមាណ​៣៥%​ទៅ​៤០%​ ចូល​ប្រឡូក​ក្នុង​តួនាទី​ស្ម័គ្រ​ចិត្ត​។

ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ទាំង​ជាតិ​និង​អន្តជាតិ​ រំពឹង​ថា​ ទិវា​អន្តរជាតិ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​នឹង​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​ ដែល​មាន​ចំនួន​៣៣%​ នៃ​ចំនួន​ប្រជាជន​សរុប​ មាន​ឆន្ទៈ​ចូល​បម្រើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ដូច​ជា​ ការ​ងារ​អប់​រំ​ សុខា​ភិបាល​ និង​ការ​ងារ​មនុស្ស​ធម៌​។

ក្រោយ​ពី​បាន​ចូល​រួម​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​អស់​រយៈពេល​៤​ឆ្នាំ​ យុវតី​ ផារឌី​ បច្ចុប្បន្ន​ជា​មន្រ្តី​កម្មវិធី​នៃ​អង្គការ​យុវតារា​កម្ពុជា​។ យុវតី​មាឌ​តូច​ល្អិត​ សម្បុរស​រូប​នេះ​ ចែក​រំលែក​គន្លឹះ​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​ឱកាស​ការ​ងារ​ស្ម័គ្រ​ចិត្ត​ដល់​យុវជន​ដទៃ​ទៀត​ថា​«ដើម្បី​ទទួល​បាន​ឱកាស​ការ​ងារ​ស្ម័គ្រ​ចិត្ត​ រឿង​សំខាន់​គឺ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់ៗ​ចេះ​ស្វះ​ស្វែង​រក​ព័ត៌មាន​ ព្រោះ​ឥឡូវ​មាន​ឱកាស​ការ​ងារ​ស្ម័គ្រ​ចិត្ត​ច្រើន​។ ប៉ុន្តែ​ពួក​គាត់​បាត់​ឱកាស​ការ​ងារ​ស្ម័គ្រ​ចិត្ត​ ដោយ​សារ​គាត់​អត់​ដឹង​ព័ត៌មាន​ ចឹង​ហើយ​ព្យាយាម​តាម​ដាន​ Page​ ដែល​សំខាន់ៗ​ ដូច​ជា​ UN​ Volunteer​,  youth​ star​ Cambodia​, VolCAm​ Cambodia​  Volunteering​ Network​ ឬ​ក៏​ page​ របស់​ក្រសួង​ ស្ថាប័ន​នានា​ជា​ដើម​។ ចឹង​ព្យាយាម​ស្វែង​រក​ព័ត៌មាន​ពី​ការ​ងារ​ស្ម័គ្រ​ចិត្ត​ឱ្យ​បាន​ច្រើន​ កុំ​ចំណាយ​ពេល​ជាមួយ​នឹង​ Facebook​ ដើម្បី​គ្រាន់​តែ​ជជែក​ច្រើន​ពេក​»

មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​និង​យុវជន​ ដែល​ចូល​រួម​ទិវា​អន្តរជាតិ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ សម្រួល​ដល់​ការ​ងារ​ស្ម័គ្រ​ចិត្ត​របស់​យុវជន​និង​ពលរដ្ឋ​កម្ពុជា​ ដើម្បី​ពន្លឿន​ឈាន​ទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDG​) ដែល​ជា​គោល​ដៅ​រួម​របស់​ប្រមុខ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០៣០​។

រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ស៊ាន​ បូរ៉ាត​ បាន​ឱ្យ​ដឹង​ថា​ គោល​នយោបាយ​ជាតិ​ ដើម្បី​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ ដែល​រាជ​រដ្ឋា​ភិបាល​បាន​អនុម័ត​ ក្នុង​នោះ​យុទ្ធសាស្រ្ត​ទី៥​ នឹង​ផ្តល់​តម្លៃ​និង​បញ្ជាក់​ច្បាស់​អំពី​ការ​អភិវឌ្ឍន៍​លើ​វិស័យ​នៃ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ ធ្វើ​យ៉ាង​ណា​បង្កើត​យន្ត​ការ​សម្រប​សម្រួល​ និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​រវាង​រដ្ឋា​ភិបាល​ និង​អង្គការ​អន្តរជាតិ​ និង​វិស័យ​ឯកជន​ ជួយ​ដល់​យុវជន​ស្ម័គ្រ​ចិត្ត​ ឆ្ពោះ​ទៅ​កាន់គោល​ដៅ​អភិវឌ្ឍន៍​និរន្តរភាព​នៅ​កម្ពុជា​៕

ចែករំលែកតាម៖