វិស័យឯកជនស្វាគមន៍គម្រោងធានាឥណទានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិស័យឯកជនស្វាគមន៍គម្រោងធានាឥណទានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កសិករ​កំពុង​ប្រមូល​ផល​ស្រូវ​កាលពីពេល​កន្លងមក​

វិស័យ​កសិកម្ម​កម្ពុជា​ ជា​ពិសេស​ស្រូវ ​អង្ករ​ បាន​ទទួល​ការ​ចូល​រួម​ទុន​វិនិយោគ​យ៉ាង​គំហុក​ ក្រោយ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្រូវ​អង្ករ​កាល​ពី​ចុង​ឆ្នាំ​២០១០ ​ពោល​គឺ​ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​ បន្ទាប់​ពី​បរិមាណ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​សហភាព​អឺរ៉ុប​មាន​ការ​កើន​ឡើង​ ដោយ​បរិមាណ​នាំ​ចេញ​បាន​កើន​ឡើង​ពី​៦០០០​តោន​នៅ​ឆ្នាំ​២០០៨​ រហូត​ដល់​រាប់​ម៉ឺន​តោន​នៅ​ឆ្នំា​បន្ត​បន្ទាប់​។

ក៏​ប៉ុន្តែ​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សក្តា​នុពល​ក្នុង​ការ​នាំ​ចេញ​និង​បង្កើត​ការងារ​តាម​រយៈ​ការ​ដាំ​ដុះ​ស្រូវ​ កែ​ច្នៃ​អង្ករ​ និង​ស្ថាន​ភាព​ស្រូវ​អង្ករ​កម្ពុជា​ធ្លាក់​ចុះ​ រដ្ឋា​ភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្រូវ​អង្ករ​មួយ​ចំនួន​ ដើម្បី​ទាក់​ទាញ​វិស័យ​ហិរញ្ញវត្ថុ​ឯកជន​និង​ប្រតិបត្តិករ​ឯកជន​ ក៏​ដូច​ជា​រោង​ម៉ាស៊ីន​ចូល​រួម​អភិវឌ្ឍ​វិស័យ​នេះ​។

ក្រោយ​មក​ ដោយ​សារ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ទីផ្សារ​ខាង​ក្រៅ​ ទំហំ​ទីផ្សារ​មាន​កម្រិត​ តម្លៃ​ស្រូវ​អង្ករ​ធ្លាក់​ចុះ ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ប្រឈម​ការ​លំបាក​។ ការ​រឹត​បន្តឹង​នៃ​លក្ខខណ្ឌ​ផ្តល់​កម្ចី​ពី​វិស័យ​ហិរញ្ញវត្ថុ​ឯកជន​និង​ចរន្ត​នៃ​ការ​ដួល​រលំ​នៃ​រោង​ម៉ាស៊ីន​និង​ក្រុមហ៊ុន​នាំ​ចេញ​ធំៗ​ខ្លះ​ បាន​បន្ថែម​ការ​លំបាក​ដល់​ការ​ទទួល​បាន​ទុន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កសិកម្ម​។

ជាមួយ​គ្នា​នេះ​ រដ្ឋា​ភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ផ្តួច​ផ្តើម​គ្រោង​បង្កើត​គម្រោង​ធានា​ឥណទាន​ថ្មី​មួយ​ដោយ​រំពឹង​ទៅ​លើ​ការ​បង្កើត​ទំនុក​ចិត្ត​ពី​អ្នក​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​វិស័យ​នេះ​។

លោក​ ម៉ី​ វ៉ាន់​ ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លើក​ឡើង​ថា​ វិស័យ​កសិកម្ម​ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​និង​បង្កើត​ការងារ​សំខាន់​របស់​កម្ពុជា​។ ប៉ុន្តែ​វិស័យ​នេះ​បាន​ប្រឈម​ការ​លំបាក​ ដោយ​សារ​លទ្ធភាព​ដាក់​ទ្រព្យ​តម្កល់​ទទួល​បាន​កម្ចី​ត្រូវ​អស់​។

លោក​ ម៉ី​ វ៉ាន់​ មាន​ប្រសាសន៍​ថា​«ធនាគារ​គាត់​មាន​នៅ​សល់​ទុន​ច្រើន​ណាស់​។ គាត់​ចង់​តែ​ផ្តល់​ទុន​ហ្នឹង​ទៅ​ឱ្យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ទេ​។ ប៉ុន្តែ​គាត់​អត់​មាន​ប្រភព​នៃ​ការ​ធានា​ថា​តើ​ SME​ (សហគ្រាស​ខ្នាត​តូច​និង​មធ្យម​)ទាំង​នោះ​គាត់​យក​ទុន​ទៅ​គាត់​សង​វិញ​ដូចម្តេច​មក​វិញ​បាន​។ ដូច្នេះ​ហើយ​គាត់​ត្រូវ​ការ​រដ្ឋា​ភិបាល​គាំទ្រ​។ យើង​បាន​បង្កើត​ឱ្យ​មាន​យុទ្ធសាស្រ្ត​ក្នុង​ការ​អនុវត្ត​ ដល់​វិស័យ​ឧស្សាហកម្ម​ ហិរញ្ញវត្ថុ​ ហើយ​យុទ្ធសាស្រ្ត​ទាំង​២​នេះ​ហើយ​ យើង​បាន​ផ្តល់​មាគ៌ា​ ថា​តើ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​ដឹង​ថា​ តើ​រដ្ឋា​ភិបាល​ចង់​បាន​អ្វី​? រដ្ឋា​ភិបាល​គាំទ្រ​ផ្នែក​អ្វី​? ចឹង​យើង​ទាំងអស់​គ្នា​ដើរ​ទៅ​ទាំងអស់​គ្នា​»។

បើ​តាម​លោក​ ម៉ី​ វ៉ាន់​ គម្រោង​ធានា​ឥណទាន​ជា​គម្រោង​មួយ​ដែល​ប្រើ​សម្រាប់​ធានា​ទៅ​លើ​ការ​ខ្ចី​លុយ​របស់​វិស័យ​ឯកជន​ណា​មួយ​ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​។ នៅ​ពេល​ដែល​វិស័យ​ឯកជន​នោះ​ជួប​បញ្ហា​ណា​មួយ​មិន​មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​នោះ​ រាជ​រដ្ឋា​ភិបាល​ជា​អ្នក​សង​ជំនួស​។

លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីបទពិសោធន៍គម្រោងធានាឥណទាននៅប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីបទពិសោធន៍គម្រោងធានាឥណទាននៅប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បើក​កា​រពិភាក្សា​លើក​ដំបូង​ផោ្តត​លើ​គម្រោង​ធានា​ឥណទាន​នេះ​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​ (JICA​) ដោយ​មាន​ការ​ចូល​រួម​ផ្តល់​យោបល់​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឯកជន​ និង​តំណាង​សមាគម​អាជីវកម្ម​ក្នុង​ស្រុក​ជា​ច្រើន​។

យោង​តាម​ទិន្នន័យ​បាន​ពី​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ (CMA​) គិត​ត្រឹម​ចុង​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ចំនួន​អ្នក​ខ្ចី​ប្រាក់​ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ (MFI​) ជា​សមាជិក​ទាំង​៦៦​ មាន​ចំនួន​សរុប​១,៨៤​ លាន​នាក់​ ធ្លាក់​ចុះ​៥​ភាគ​រយ​ធៀប​នឹង​ចំនួន​អតិថិជន​១,៩៤​ លាន​នាក់ ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦​។

ទិន្នន័យ​ CMA​ បាន​បង្ហាញ​ថា​ កម្ចី​ដែល​សង​ត្រឡប់​មិន​ទាន់​ពេល​ (PAR​) ក្នុង​ឧស្សាហកម្ម​នេះ​មាន​ចំនួន​៧៦​លាន​ដុល្លារ​កាល​ពី​ចុង​ខែ​កញ្ញា​ ស្មើ​នឹង​១,៩​ ភាគ​រយ​នៃ​ផល​បត្រ​កម្ចី​នៅ​ក្នុង​ឧស្សាហកម្ម​ ដែល​កើន​ឡើង​ពី​៣៩​លាន​ដុល្លារ​ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​២០១៦​។

លោក​ ឆារស៍​ វ៉ាន់​ នាយក​រង​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​អះ​អាង​ថា​ គម្រោង​ធានា​ឥណទាន​នេះ​មិន​មែន​ជា​គម្រោង​ថ្មី​នោះ​ទេ​ តែ​ជា​គម្រោង​បន្ត​ពិភាក្សា​គ្នា​ ដើម្បី​ឈាន​ទៅ​បញ្ចប់​សម្រាប់​ដាក់​ឱ្យ​អនុវត្ត​។ ​ការ​រៀប​ចំ​ពិភាក្សា​គ្នា​នេះ​ ក្នុង​ន័យ​រួម​ចំណែក​រក​ធាតុ​ចូល​សំខាន់​ៗ​សម្រាប់​ការ​អនុវត្ត​ ដើម្បី​ធានា​នូវ​ភាព​ជោគ​ជ័យ​ក្នុង​ការ​អនុវត្ត​។

លោក​ ឆារស៍​ វ៉ាន់ ​អះ​អាង​ថា ​ការ​ទាម​ទារ​ឱ្យ​មាន​គម្រោង​ធានា​ឥណទាន​នេះ​គឺ​ជា​ផ្នែក​ចាំបាច់​មួយ​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​វិស័យ​ឯកជន​មិន​អាច​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​ប្រតិបត្តិករ​ច្រើន​នោះ​ទេ​ ព្រោះ​តែ​ការ​តម្រូវ​ឱ្យ​មាន​ទ្រព្យ​ដាក់​បញ្ចាំ​មុន​ទទួល​បាន​កម្ចី​។ ទាំង​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ធនាគារ​ទម្លាក់​ទុន​នៅ​មាន​កម្រិត​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ធានា​ពី​រដ្ឋា​ភិបាល​ ដើម្បី​បើក​ផ្លូវ​ឱ្យ​ធនាគារ​ផ្តល់​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​។

លោក​ ឆារស៍​ វ៉ាន់​ មាន​ប្រសាសន៍​ថា​៖ «ជា​គម្រោង​ល្អ​ដែល​យើង​យល់​ថា​ ចាំបាច់​ក្នុង​ការ​ជួយ​ទៅ​ដល់​អាជីវករ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ ជា​ពិសេស​សម្រាប់​កសិករ​យើង​តែ​ម្តង​»

លោក​ស្រី​ សូផន​ ណារី​ អនុ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ស្វាគមន៍​គម្រោង​នេះ​។ លោក​ស្រី​ថា​ គម្រោង​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ហានិភ័យ​របស់​ធនាគារ​ដែល​ជា​ម្ចាស់​បំណុល​។

លោក​ ស្រី​ សូ​ ផន​ណារី​ មាន​ប្រសាសន៍​ថា​៖ «ប្រសិន​បើ​មាន​គម្រោង​ការពារ​ហ្នឹង​មែន​គឺ​ល្អ​ ព្រោះ​អា​ហ្នឹង​ពាក្យ​ថា​ ធានា​គឺ​ធានា​នូវ​ហានិភ័យ​ ធានា​ទៅ​លើ​ការ​ខូចខាត​ ខាត​បង់​»

មន្រ្តី​ធនាគារ​ជាតិ​កម្ពុជា​លើក​ឡើង​កាល​ពី​កន្លង​ទៅ​ថា​ តាម​ការ​អង្កេត​តាម​ដាន​ ការ​ផ្តល់​កម្ចី​ពី​ធនាគារ​ពាណិជ្ជ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ កម្ចី​ដែល​បាន​ផ្តល់​ដល់​វិស័យ​កសិកម្ម​ទាំង​មូល​មាន​ទំហំ​២,៥​ប៊ីលាន​។ ក្នុង​នោះ​ កម្ចី​ពី​ខាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ទំហំ​១​ប៊ីលាន​ និង​ពី​ធនាគារ​ពាណិជ្ជ​មាន​ទំហំ​១,៥​ ប៊ីលាន​ គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ​២០១៧​។

វិស័យ​ហិរញ្ញវត្ថុ​ឯកជន​ត្រូវ​គេ​មើល​ឃើញ​ថា​ទទួល​រង​សម្ពាធ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ដោយ​សារ​ធនាគារ​ជាតិ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​សម្រេច​កំណត់​ពិដាន​ការ​ប្រាក់​ត្រឹម​១៨%​ក្នុង​១​ឆ្នាំ​ចាប់​ពី​ខែ​មេសា​ឆ្នាំ​២០១៧​មក​ ដែល​ខុស​គ្នា​ពី​ពេល​មុន​ ប្រជា​ពលរដ្ឋ​ខ្ចី​ត្រូវ​ចំណាយ​ខ្ពស់​ ពី​២,៥%​ទៅ​៣%​ក្នុង​មួយ​ខែ​ ដែល​មាន​អត្រា​ខ្ពស់​រហូត​ដល់​ជាង​៣០%​ក្នុង​មួយ​ឆ្នាំ​៕

ចែករំលែកតាម៖