ការវិលត្រលប់នៃឈុតគ្រឿងអលង្ការមាសដ៏កម្រពីសម័យអង្គរ

ការវិលត្រលប់នៃឈុតគ្រឿងអលង្ការមាសដ៏កម្រពីសម័យអង្គរ

ការដាក់តាំងបង្ហាញឈុតគ្រឿងអលង្ការសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ

យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ចូល​រួម​អបអរ​សាទរ​ក្បួន​ដង្ហែ​វត្ថុ​បុរាណ​ខ្មែរ​ ជា​ឈុត​គ្រឿង​អលង្ការ​សម្រាប់​លម្អ​រូប​ចម្លាក់​នា​សម័យ​អង្គរ​។ វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​នាំ​យក​ពី​ប្រទេស​អង់គ្លេស​ត្រលប់​មក​ទឹក​ដី​កំណើត​វិញ​កាល​ពី​ដើម​ខែ​ធ្នូ​។

ឈុត​គ្រឿង​អលង្ការ​មាស​មាន​ល្បាយ​លាយ​លោហៈ​នេះ​មាន​ចំនួន​១០​មុខ​ ឬ​១១​បំណែក ​ដូច​ជា​ម្កុដ​ ក្បាច់​ពាក់​សៀត​ផ្កា​ (លើ​ត្រចៀក​) ក្រវិល​ ខ្សែក​ ស្នាប់​ដៃ​ ខ្សែ​ពាក់​ឈៀង​ (ក្រវ៉ាត់​ទ្រូង​) និង​ខ្សែ​ចង្កេះ​។

មុន​នឹង​បាន​ត្រលប់​មក​ទឹកដី​កំណើត​វិញ​ វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ដេញ​ថ្លៃ​ក្នុង​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។

លោក​ ប្រាក់​ ស៊ុន​ណារ៉ា​ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បេតិកភណ្ឌ​ផ្នែក​រូបិយ​នៃក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ស្ដី​អំពី​ការ​ដាក់​ដេញ​ថ្លៃ​គ្រឿង​អលង្ការ​ទាំង​នោះ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​ភ្លាមៗ​ ដើម្បី​កុំ​ឱ្យ​វត្ថុ​បុរាណ​ខ្មែរ​បាន​ទៅ​លើ​ជាតិ​សាសន៍​ដទៃ​។​

លោក​បន្ត​ថា​ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​គ្រឿង​អលង្ការ​ទាំង​នោះ​ជា​របស់​ខ្មែរ​ពិត​មែន​ និង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សុំ​ត្រលប់​មក​វិញ​ រាជ​រដ្ឋា​ភិបាល​ក៏​បាន​បញ្ជូន​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​ដើម្បី​ឱ្យ​ទៅ​ធ្វើ​ការ​ពិនិត្យ​វិនិច្ឆ័យ​ទៅ​លើ​ក្បាច់​រចនា​នៃ​វត្ថុ​ទាំង​នោះ។​

«ពេល​ដែល​ទៅ​ យើង​បញ្ជូន​អ្នក​ជំនាញ​ទៅ​ធ្វើ​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​។ ​ហើយ​ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​ជំនាញ​ពី​បារាំង​ដែល​គាត់​ជំនាញ​រឿង​ខ្មែរ​ដែរ​ រឿង​ប្រវត្តិ​សិល្បៈ​ខ្មែរ​រឿង​អី​ហ្នឹង​ ក៏​គេ​ទៅ​ចូល​រួម​ជួយ​មើល​យើង​។ អ៊ីចឹង​ទាំងអស់​គ្នា​បាន​បញ្ជាក់​អះអាង​ថា​វា​ពិត​ជា​របស់​ខ្មែរ​ហើយ​ ជា​កម្ម​សិទ្ធ​របស់​ខ្មែរ​ ដោយ​ផ្អែក​ទៅ​លើ​ក្បាច់​រចនា​នៃ​ការ​ឆ្លាក់​ក្បូរ​ក្បាច់​ គឺ​និយាយ​ឱ្យ​ចំ​រចនា​បថ​សិល្បៈ​ខ្មែរ​តែ​ម្ដង​»។​

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បេតិកភណ្ឌ​ផ្នែក​រូបិយ​នៃក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ​រូប​នេះ​លើក​ឡើង​ថា ​គ្មាន​អ្នក​ណា​ដឹង​អំពី​មូលហេតុ​ដែល​គ្រឿង​អលង្ការ​ទាំង​នោះ​បាន​ទៅ​ដល់​ចក្រភព​អង់គ្លេស​នោះ​ទេ​។

អ្នក​ជំនាញ​ជាន់​ខ្ពស់​នៅ​សារ​មន្ទីរ​បារាំង​បាន​វាយ​តម្លៃ​ទៅ​លើ​គ្រឿង​អលង្ការ​មួយ​ឈុត​នោះ​ថា​ពិត​ជា​របស់​ខ្មែរ​ ដែល​មាន​ដើម​កំណើត​តាំង​ពី​សម័យ​អង្គរ​ រវាង​សតវត្ស​ទី១១​និង​១២​។ មិន​តែ​ប៉ុណ្ណោះ​ វត្ថុ​បុរាណ​នោះ​នៅ​តែ​អាច​រក្សា​ទម្រង់​ដើម​របស់​ខ្លួន​បាន​យ៉ាង​ល្អ​បំផុត​ គួប​ផ្សំ​ជាមួយ​ការ​យក​ចិត្ត​ទុក​ដាក់​ជួស​ជុល​ និង​ថែ​រក្សា​ពី​អ្នក​ជំនាញ​នានា​។

ឈុត​គ្រឿង​អលង្ការ​ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ​និង​តម្លៃ​សិល្បៈ​មិន​អាច​កាត់​ថ្លៃ​បាន​នេះ​ ត្រូវ​បាន​ប្រគល់​មក​ឱ្យ​កម្ពុជា​កាន់​កាប់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៧​ ក្រោយ​ពី​ទទួល​បាន​ការ​សហការ​រវាង​រាជ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​ ស្ថានទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស​ ភ្នាក់​ងារ​លក់​វត្ថុ​បុរាណ​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍​ ជាមួយ​នឹង​រាជ​រដ្ឋា​ភិបាល​ប្រទេស​កម្ពុជា​ដែល​មាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​និង​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​។

បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​បែបបទ​តាម​នីតិវិធី​រួច​មក​ គ្រឿង​អលង្ការ​ដែល​មាន​ពណ៌​មាស​អម​ជាមួយ​នឹង​ក្បាច់​ខ្មែរ​នោះ​ ត្រូវ​បាន​នាំ​ត្រលប់​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ថ្ងៃ​ទី២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​។

ក្បួនដង្ហែវត្ថុបុរាណខ្មែរ ជាឈុតគ្រឿងអលង្ការសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ
ក្បួនដង្ហែវត្ថុបុរាណខ្មែរ ជាឈុតគ្រឿងអលង្ការសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ

ក្នុង​កម្មវិធី​ដង្ហែ​ឈុត​គ្រឿង​អលង្ការ​មាស​មក​កាន់​ប្រទេស​កម្ពុជា​ ធ្វើ​ឡើង​នៅ​សារ​មន្ទីរ​ជាតិ​ លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​បាន​ចូលរួម​ដង្ហែ​គ្រឿង​អលង្ការ​បុរាណ​នេះពី​ប្រទេស​អង់គ្លេស​ លើក​ឡើង​ថា​ នេះ​គឺ​ជា​មនោ​ទនភាព​កូនខ្មែរ​ដែល​បាន​ចូល​រួម​ថែ​រក្សា​និង​ប្រមូល​យក​អ្វី​ដែល​ជា​របស់​ខ្មែរ​មក​វិញ​។

«ខ្ញុំ​គិត​ថា​ការ​ដង្ហែ​អម​ដោយ​គ្រឿង​អលង្ការ​ដែល​ជា​កេរ​តំណែល​ កេរ​មរតក​ដូនតា​យើងវិលត្រលប់មកមាតុភូមិ​នៅ​ក្នុង​ថ្ងៃ​នេះ​ វា​ពិត​ជា​មាន​អត្ថន័យ​ធំ​ធេង​ព្រោះថា​ជាក់​ស្ដែង​ទៅគឺ​ការ​បាត់បង់ទៅពីឆ្នាំណា​អី​ឆ្នាំ​ណា​ កេរ​មរតក​ខ្មែរ​យើង​បាន​បាត់បង់​ជា​ច្រើន​។ ក៏​ប៉ុន្តែ​ក្នុង​លក្ខណៈ​ការខិត​ខំ​ប្រឹងប្រែងតស៊ូ​យូរៗ​ម្ដង​ផ្អែក​ទៅ​លើ​ទំនាក់​ទំនង​យើង​គឺ​យើង​អាច​យក​មក​វិញ​។ ហើយ​សរុបមក​វិញឱ្យខ្លីវាពិត​ជា​មោទនភាព​ក្នុង​នាម​យើង​ជា​កូន​ខ្មែរដែល​បាន​អម​ដង្ហែ​អ្វីដែល​ជា​កេរ​មរតកដូនតាយើងត្រលប់មក​វិញ​»។

យុវជន​ ឡាវ​ ធី​ និស្សិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ដែល​បាន​ចូល​រួម​អបអរ​សាទរ​ក្នុង​កម្មវិធី​ដង្ហែ​ឈុត​គ្រឿង​អលង្ការ​មាស​មក​វិញ​នេះ​ សម្ដែង​អារម្មណ៍​ស្ញប់​ស្ញែង​ចំពោះ​គ្រឿង​អលង្ការ​សម័យ​អង្គរ​ដែល​ប្រកប​ដោយ​រចនាបថ​សិល្បៈ​ខ្មែរ​យ៉ាង​ប្រណីត​។ និស្សិត​រូបនេះ​ជំរុញ​ឱ្យ​យុវជន​ខ្មែរ​គ្រប់រូប​ចូលរួម​ស្វែង​យល់​និង​លើក​តម្ដើង​ស្នាដៃ​មរតក​វប្បធម៌​ជាតិ​។

«ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​ភស្តុតាង​បញ្ជាក់​បន្ថែម​ឱ្យ​យើង​ជឿ​ ឱ្យ​យើង​ឃើញ​ទិដ្ឋភាព​ពិត​ជាក់​ស្ដែង​អំពី​គ្រឿង​អលង្ការ​នៅ​សម័យ​ហ្នឹង​ ដែល​ព្រះ​មហាក្សត្រ​របស់​យើង​ប្រើ​ ដើម្បី​ពិធី​ផ្សេងៗ​នៅ​ក្នុង​សម័យ​ហ្នឹង​។ ហើយ​វា​ឱ្យ​យើង​ឃើញ​អំពី​ភាព​ស្រស់​ស្អាត​ ភាព​ដ៏​ល្អ​ឆើត​នៅ​ក្នុង​សម័យ​ហ្នឹង​។ ខ្ញុំ​ក៏​មាន​សំណូមពរ​ផង​ដែរ​ឱ្យ​មាន​ការ​ចូល​រួម​អំពី​សំណាក់​សិស្ស​និស្សិត​ យើង​ចូល​រួម​ឱ្យ​តម្លៃ​ យើង​ចូល​រួម​លើក​តម្កើង​ទាំងអស់​គ្នា​ ហើយ​ចូល​រួម​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​អំពី​វត្ថុ​បុរាណ​ អំពី​តថភាព​ អំពី​តម្លៃ​ដ៏​ពិត​ប្រាកដ​នៃ​វប្បធម៌​របស់​ជាតិ​ខ្មែរ​យើង​ ដើម្បី​យើង​ជួយ​គ្នា​លើក​តម្កើន​នូវ​ជាតិ​របស់​យើង​ឱ្យ​រីក​ចម្រើន​តាម​រយៈ​ការ​ស្គាល់​អត្ត​សញ្ញាណ​ខ្លួនឯង​ តាម​រយៈ​ការ​ស្គាល់​អំពី​របស់​ខ្លួនឯង​ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​មាន​វត្ថុ​បុរាណ​នេះ​ជា​ដើម​»។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បេតិកភណ្ឌ​ផ្នែក​រូបិយ​នៃក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោក​ ប្រាក់​ ស៊ុនណារ៉ា​ បញ្ជាក់​ថា​ នេះ​គឺ​ជា​លើក​ទី១​ ពោល​គឺ​ករណី​ដ៏​កម្រ​ដែល​វត្ថុ​បុរាណ​ខ្មែរ​ត្រូវ​បាន​ដាក់​ប្រកាស​ដេញ​ថ្លៃ​តាម​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​បែប​នេះ​។

លោក​ ប្រាក់​ ស៊ុនណារ៉ា​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ វត្ថុ​បុរាណ​ខ្មែរ​ដែល​បាត់​បង់​ទៅ​អាច​នឹង​មាន​នៅ​ក្នុង​ដៃ​ភ្នាក់​ងារ​ណា​ផ្សេង​ទៀត​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​អាច​រក​ឃើញ​នៅ​ឡើយ​នោះ​ទេ​។

«មែន​ទែន​ទៅ​មិន​មាន​តែ​ប៉ុណ្ណឹង​ទេ​ ប៉ុន្តែ​យើង​អត់​ដឹង​ថា​វា​រក្សា​ទុក​នៅ​ឯក​ជន​ណា​ខ្លះ​ផ្សេង​ទៀត​។ ហេតុ​ដូច្នេះ​ហើយ​បាន​សារ​មន្ទីរ​ជាតិ​ ក្រសួង​វប្បធម៌​យើង​ធ្វើ​ការ​អំពាវនាវ​ថា​សុំ​ឱ្យ​ មាន​ន័យ​ថា​អ្នកដែល​ថែ​រក្សា​វត្ថុ​បុរាណ​ហ្នឹង​ទាំង​ឯកជន​ទាំង​ស្អី​ហ្នឹង​ សូម​ស្ម័គ្រ​ចិត្ត​ប្រគល់មក​ឱ្យ​រាជរដ្ឋា​ភិបាលកម្ពុជា​វិញ​មក​។ ហើយ​យើង​ប្ដូរ​មក​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ ដោយ​រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ក្នុង​ការ​ឱ្យ​ខ្ចី​វត្ថុ​បុរាណ​ទៅ​តាំង​ពិពណ៌​នៅ​ក្រៅ​ប្រទេស​អ៊ីចឹង​ទៅ​ ដើម្បីជា​ការ​ផ្សព្វ​ផ្សាយ​ផង​ទី១​។ ទី២​ យើង​អំពាវនាវ​សូមឱ្យ​អ្នក​ទាំង​នោះបញ្ឈប់​ការទិញ​វត្ថុបុរាណខ្មែរ​»។

ឈុត​គ្រឿង​អលង្ការ​មាស​នេះ​នឹង​ត្រៀម​យក​ទៅ​បំពាក់​នៅ​លើ​រូប​បដិមា​ស្នោ​ និង​មាន​ជា​ការ​រៀប​ចំ​ប្រគល់​និង​ទទួល​ជា​ផ្លូវ​ការ​ដែល​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។ មិន​តែ​ប៉ុណ្ណោះ​ ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​នឹង​នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​យក​វត្ថុ​បុរាណ​ខ្មែរ​ត្រលប់​ចូល​មក​ក្នុង​ទឹក​ដី​កំណើត​វិញ​៕

ចែករំលែកតាម៖