«បង្សុកូល» ស្នាដៃតន្ត្រីថ្មីនាំយកប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរទៅកាន់ពិភពលោក

«បង្សុកូល» ស្នាដៃតន្ត្រីថ្មីនាំយកប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរទៅកាន់ពិភពលោក

ក្រុមសិល្បករតន្ត្រីបង្សុកូល
ក្រុមសិល្បករតន្ត្រីបង្សុកូល

ស្នាដៃ​សិល្បៈ​ដែល​មាន​ឈ្មោះ​ថា «តន្រ្តីបង្សុកូល» នឹង​ត្រូវចេញទៅសម្តែងលើកឆាកអន្តរជាតិ នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ខាង​មុខ​នេះ នៅ​ទីក្រុង New York និង​ក្រុង Boston សហរដ្ឋអាមេរិក។ ស្នាដៃ​ ​នេះ​ត្រូវបាន​និពន្ធ​បទ​ភ្លេង​ដ៏​ឆ្នើម​ដោយ លោកបណ្ឌិត ហ៊ឹម សុ​ភី និង​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​គឺ​លោក ប៉ាន់ រិទ្ធី  ព្រមទាំង​មាន​ការចូលរួម​ពី​សិល្បករ​កម្ពុជា​និង​បរទេស​ជាច្រើនរូប​ទៀត​។

លោក​បណ្ឌិត​ ហ៊ឹម​ សុភី​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា​ តន្រ្តី​បង្សុកូល​ដែល​បាន​ចេញ​ទៅ​សម្តែង​លើ​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ទីក្រុង​ Melbourne​ ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​តុលា​កន្លង​ទៅ ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​រដ្ឋា​ភិបាល​ប្រទេស​អូស្រ្តាលី​ និង​សារធាណជន​នៅ​ទីនោះ។​

ការ​នាំ​យក​ស្នាដៃ​សិល្បៈ​តន្រ្តី​បង្សុកូល​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ​  នឹង​ត្រូវ​សម្តែង​នៅ​ឆាក​មហោស្រព​ដែល​ល្បី​ល្បាញ​លំដាប់​ពិភពលោក​ ដែល​មាន​ឈ្មោះ​ថា​ បណ្ឌិត​សភា​តូរ្យ​តន្រ្តី​ Brooklyn​( Brooklyn​ Academy​ of​ Music)​ ប្រចាំ​ទីក្រុង​ New​ York​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក​ ហ៊ឹម​ សុភី​ អ្នក​និពន្ធ​ស្នាដៃ​តន្ត្រី​បង្សុកូល​។

លោក​ថា៖​ «រោង​មហោស្រព​នោះ​គឺ​មាន​ទំហំ​ធំ​លំដាប់​ពិភពលោក​ ជា​រោង​បែប​ classic​ បែប​បុរាណ​ ហើយ​គេ​ចាត់​ទុក​រោង​មហោស្រព​នោះ​ជា​រោង​មហោស្រព​បែប​ប្រណីត​ ដែល​មាន​កន្លែង​អង្គុយ​រហូត​ជាង​៣០០០នាក់​ ។ ខ្ញុំ​សូម​បញ្ជាក់​ថា​ មហោស្រព​នេះ​មិន​ងាយ​អ្នក​អាច​យក​ដែល​អាច​យក​ស្នាដៃ​ទៅ​សម្តែង​នៅ​ទី​នោះ​បាន​ទេ​ ជា​ពិសេស​ប្រទេស​កម្ពុជា​យើង​ក៏​ជា​ប្រទេស​មួយ​ដែល​នៅ​ទន់​ខ្សោយ​ ប៉ុន្តែ​ដោយ​សារ​ការ​ខិត​ខំ​របស់​ខ្ញុំ​បាទ​ និង​ក្រុម​របស់​ខ្ញុំ​បាទ​ ត្រូវ​បាន​គេ​ទទួល​យក​ទៅ​សម្តែង​នៅ​ទីនោះ​»

លោក ហ៊ឹម សុភី អ្នកនិពន្ធស្នាដៃតន្ត្រីបង្សុកូល
លោក ហ៊ឹម សុភី អ្នកនិពន្ធស្នាដៃតន្ត្រីបង្សុកូល

ស្នាដៃ​តន្ត្រី​បង្សុកូល​របស់​កម្ពុជា​ត្រូវបាន​ចាប់ផ្តើម​បង្កើតឡើង​នៅ​ឆ្នាំ​២០០៨​។ តន្ត្រី​បង្សុកូល​នឹង​មាន​ការចូលរួម​សម្តែង​ពី​សំណាក់​តន្ត្រីករ​កម្ពុជានិង​តន្ត្រីករ​ពិភពលោក​ជាង​៤០​នាក់​។ លើសពីនេះ តន្ត្រី​បង្សុកូល​ ប្រើ​ឧបករណ៍​បុរាណ​ភ្លេងខ្មែរនិង​ឧករ​ណ៍​ភ្លេងបរទេស​ប្រមាណ​ជាង​៤០ប្រគុំ​រួមគ្នា ព្រមទាំង​មាន​បញ្ចូល​ឧបករណ៍​ពិណពី​សម័យ​អង្គរ​ដែល​បាន​បាត់បង់​ជា​យូរ​មក​ហើយ​ទៀតផង​។ នេះបើតាមអ្នកនិពន្ធ​បទ​ភ្លេង​ដ៏​ឆ្នើម​ លោក​ បណ្ឌិត​ ហ៊ឹម​ សុភី​ ។

ចំណែក​សិល្បករ​នៅ​ក្នុង​ការ​សម្តែង​តន្រ្តី​បង្សុកូល​​  លោក​ស្រី​ ហ៊ឹម​ សាវី​ លើក​ឡើង​ដែរ​ថា​ លោក​ស្រី​ពិត​ជា​មាន​មោទនភាព​ នៅ​ពេល​បាន​ចូលរួម​សម្តែង​នេះ​។

លោកស្រី​មាន​ប្រសាសន៍​ថា​«តន្រ្តីករ​ទាំងអស់​ មិន​ថា​ខ្មែរ​មិន​ថា​បរទេស​ទេ​ ឱ្យ​តែ​ពេល​ដែល​យើង​ចាប់​ផ្តើម​ហាត់​ គឺ​គេ​ពេញ​ចិត្ត​ គេ​ចូល​ចិត្ត​នូវ​សំឡេង​តន្រ្តី​យើង​ នូវ​បទ​របស់​យើង​ គឺ​គេ​ចូល​ចិត្ត​ហ្មង​។ ​ហើយ​ពេល​ដែល​ដើរ​ចេញ​ពី​ហាត់​ គេ​នាំ​គ្នា​ច្រៀង​នៅ​ចិត្ត​ធ្វើ​ឱ្យ​ក្រុម​សិល្បករ​ តន្រ្តីករ​ទាំង​អស់​ សុទ្ធ​តែ​ចង់​រៀន​ ចង់​ហាត់​ទាំង​អស់​គ្នា​ ព្រោះ​វា​មាន​អត្ថន័យ​និង​ពិរោះ​»

លោកស្រី ហ៊ឹម សាវី សិល្បករនៅក្នុងការសម្តែងតន្រ្តីបង្សុកូល
លោកស្រី ហ៊ឹម សាវី សិល្បករនៅក្នុងការសម្តែងតន្រ្តីបង្សុកូល

ជា​តន្រ្តីករ​ម្នាក់​លើ​ឧបករណ៍​គង​ភ្លោះ​នៅ​ក្នុង​ស្នាដៃ​តន្រ្តី​បង្សុកូល​ លោក​ កែវ​ សុភី​ មាន​ប្រសាសន៍​ថា​ តន្រ្តី​បង្សុកូល​គឺ​ជា​ស្នាដៃ​ធំ​និង​សំខាន់​ មិន​ត្រឹម​តែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ការ​ចែក​រំលែក​សម្រាប់​ពិភពលោក​ផង​ដែរ​។ លោក​ កែវ​ សុភី​ ដែល​ជា​សាស្រ្តាចារ្យ​មួយ​រូប​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផង​ដែរ​នោះ​ប្ដេជ្ញា​ថា លោក​នឹង​ខិត​ខំ​សម្តែង​ឱ្យ​បាន​ល្អ​ ដើម្បី​យក​ប្រវត្តិសាស្រ្ត​និង​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក​។

លោក​មាន​ប្រសាសន៍​ថា​«ពួក​យើង​ព្យាយាម​ទាំង​អស់​គ្នា​ ប្ដេជ្ញា​ធ្វើ​ឱ្យ​បាន​ល្អ​ ដើម្បី​យើង​ទាំង​អស់​គ្នា។​ ទី១​ដើម្បី​ស្រុក​ទេស​របស់​យើង​ និង​ដើម្បី​ចែក​រំលែក​ទៅ​កាន់​មនុស្ស​នៅ​លើ​ផែនដី​ផង​ ឱ្យ​ដឹង​ថា​យើង​អាច​ធ្វើ​អ្វី​បាន​ដែរ​។ ឧទាហរណ៍​ដូច​បុព្វ​បុរស​យើង​កាល​ពី​សម័យ​អង្គរ​ចឹង​ គឺ​គាត់​មាន​សមត្ថភាព​អាច​សាង​សង់​អង្គរវត្ត​បាន​»

ក្រុម​ផលិតករ​និង​អ្នកនិពន្ធ​​អះអាង​ផងដែរ​ថា តន្ត្រី​បង្សុកូលគឺជា​ស្នាដៃ​សិល្បៈ​វប្បធម៌​បែប​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​កម្ពុជា ដែល​អាច​ឈាន​ទៅ​ជួយ​កសាង​គំនិត​ស្រឡាញ់​មនុស្ស​ជាតិ​ ស្រឡាញ់​ពិភពលោក​ ប្រឆាំង​សង្គ្រាម​ ប្រឆាំង​វិនាសកម្ម​ និង​ដើម្បី​ផ្សះផ្សា​សន្តិភាព​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំង​មូល​។

ក្រោយ​ត្រឡប់​ពី​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧នេះ​ តន្រ្តី​បង្សុកូល​នឹង​គ្រោង​ចេញ​ទៅ​សម្តែង​នៅ​ទ្វីប​អឺរ៉ុប​និង​អាស៊ី​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។ ក្រុម​តន្ត្រី​បែប​ថ្មី​នេះ​នឹង​ត្រឡប់​មក​សម្ដែង​នៅ​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ការដួលរលំ​របប​ខ្មែរក្រហម​៕

ទស្សនាវីដេអូ៖

ចែករំលែកតាម៖